លោក ត្រាំ តម្រូវឱ្យកម្ពុជានិងថៃឈប់បាញ់គ្នា បើចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហោះលើបណ្ដាញសង្គម Truthsocial នៅថ្ងៃទី២៦ ខែកក្កដានេះថា លោកបានហៅទូរស័ព្ទនិយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ដើម្បីស្នើសុំឱ្យប្រទេសទាំងពីរឈប់បាញ់គ្នា។

លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា កម្ពុជា​និង​ថៃ​ចង់​បាន​បទ​ឈប់​បាញ់ និង​សន្ដិភាព​ដូច​គ្នា ហើយ​បន្ទាប់​ពី​បាន​និយាយ​ជាមួយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ វិបុលភាព សន្ដិភាព និង​ឈប់​បាញ់​គ្នា នឹង​អាច​លេច​រូបរាង​ឡើង​ឆាប់​ៗ​នេះ។ លោក ត្រាំ បាន​បន្ថែម​ថា លោក​បាន​ព្យាយាម​សម្របសម្រួល​ស្ថានភាព​ដ៏​ស្មុគស្មាញ​មួយ ដែល​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម។

កម្ពុជា​បាន​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​លើ​ប្រទេស​ថៃ ដែល​បាន​ប្រើប្រាស់​កងទ័ព​និង​អាវុធ​ធន់​ធ្ងរ​បាញ់​ផ្លោង រួម​ទាំង​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់​បែក​ឈ្លានពាន​ទាំង​កម្រោល​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ក្នុង​នោះ​កងទ័ព​ថៃ​ក៏​បាន​សារភាព​ថា បាន​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​វាយប្រហារ​លើ​កម្ពុជា ដែល​ជា​ទង្វើ​រំលោភ​ច្បាប់​អន្តរជាតិ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​លើកឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​កក្កដាថា ទាហាន​ថៃ​បាន​ពង្រីក​ការ​វាយ​ប្រហារ​ឈ្លានពាន​កម្ពុជា ដល់​ខេត្ត​ពោធិ៍សាត់ បន្ទាប់ពី​បាន​ចូល​វាយប្រហារ​តាម​ព្រំដែន​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ព្រះវិហារ តាំង​ពី​ព្រឹក​ថ្ងៃ​ទី២៤ ខែកក្កដា និង​ការ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​ត្រៀម​វាយប្រហារ​ចូល​ខេត្ត​កោះកុង​បន្ថែម​ទៀត។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​អះអាង​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​ការ​វាយ​ប្រហារ​របស់​កងទ័ព​ថៃ បាន​សម្លាប់​ជន​ស៊ីវិល​ខ្មែរ ៨នាក់ស្លាប់ របួស៥០នាក់ និង​ទាហាន​ស្លាប់​៥នាក់ របួស​២១នាក់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ដាក់​លក្ខខណ្ឌ​ថា ប្រទេស​កម្ពុជា​និង​ថៃ នឹង​មិន​អាច​ទទួល​បាន​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នោះ​ទេ ប្រសិន​មិន​ព្រម​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា។ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដំឡើង​ពន្ធ​៣៦%​ដូច​គ្នា លើ​ប្រទេស​កម្ពុជា​និង​ថៃ ខណៈ​ប្រទេស​ទាំង​ពីរ​កំពុង​ព្យាយាម​ចរចា​សុំ​ឱ្យ​សហរដ្ឋអាមេរិក​ចុះ​អត្រា​ពន្ធ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។