លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើទៅប្រធានប្ដូរវេនក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិលោក អាស៊ីម អ៊ីហ្វធីហ្កា អាហ្វមាដ (Asim Iftikhar Ahmad) ឱ្យបើកកិច្ចប្រជុំបន្ទាន់មួយក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្ដិសុខ ដើម្បីដាក់សម្ពាធលើប្រទេសថៃបញ្ឈប់សកម្មភាពឈ្លានពានលើទឹកដីកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី២៤ ខែកក្កដា អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងថា ចាប់ពីម៉ោងជាង៦ រហូតដល់ម៉ោងជាង៨ព្រឹក ថ្ងៃទី២៤ ខែកក្កដា កងទ័ពថៃបានចាប់ផ្ដើម ចូលទន្ទ្រានលើទឹកដីកម្ពុជា ដោយដំបូង បានលួចចូលរាយបន្លាលួសបិទប្រាសាទតាមាន់ធំ បញ្ជូនដ្រូនចូលស៊ើបការណ៍ទីតាំងយោធាកម្ពុជា បានបំផ្ទុះសំឡេងអាវុធក្នុងទឹកដីខ្លួនដើម្បីបញ្ឆោតឱ្យកងទ័ពកម្ពុជាផ្ទុះអាវុធ និងចុងក្រោយបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ។
អ្នកស្រីបានបន្តថា កងទ័ពកម្ពុជាបាញ់ឆ្លើយតបការពារខ្លួន ហើយការប្រយុទ្ធគ្នា ក៏បានរីករាលតាមព្រំដែនតំបន់ផ្សេងទៀត ដូចជានៅតំបន់ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ តាថាវ ភ្នំខ្មោច អានសេះ-អូរផ្កាស្នេហ៍ និងតំបន់មុំបី។ អ្នកស្រីបន្តថា កងទ័ពថៃបានប្រើប្រាស់អាវុធធន់ធ្ងន់ជាច្រើនប្រភេទ ក្នុងនោះ រួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-១៦ ទម្លាក់គ្រាប់បែកនៅតំបន់ចម្ការចេកក្នុងខេត្តព្រះវិហារ។
ភាគីថៃ មានចេតនាវាយប្រហារ មិនត្រឹមទីតាំងយោធាកម្ពុជានោះទេ គឺបើកការវាយប្រហារដល់ទីតាំងប្រជាជនស្លូតត្រង់រស់នៅ ដែលយើងសង្កេតឃើញថា គឺប្រជាជនកំពុងតែជម្លៀស និងប្រឈមនឹងភាពភ័យខ្លាច និងការតក់ស្លត់ចំពោះការវាយប្រហាររបស់ភាគីថៃមកលើតំបន់ប្រជាជនស្លូតត្រង់។
— អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ
សារព័ត៌មានថៃ Khaosod បានរាយការណ៍ដែរថា មេបញ្ជាការកងទ័ពថៃបានបញ្ជាឱ្យបើកការវាយប្រហារលើកងទ័ពកម្ពុជាទាំងផ្លូវគោក និងផ្លូវអាកាសនៅរសៀលថ្ងៃទី២៤ ខែកក្កដា ក្នុងនោះរួមទាំងការបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែកនៅតំបន់ប្រាសាទព្រះវិហារ ។
ចំណែកកងទ័ពកម្ពុជាប្រើប្រាស់កាំភ្លើងបាញ់គ្រាប់កាំជ្រួច BM-21 ដែលមានគោលដៅសម្រាប់កម្ទេចទីតាំងមូលដ្ឋានយោធារបស់ថៃប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានលើកឡើងទៀតថា កងទ័ពកម្ពុជាបានវាយកាន់កាប់ទាំងស្រុងតំបន់ប្រាសាទតាក្របី និងដណ្ដើមទឹកដីបានមកវិញនៅតំបន់មុំបី ហើយតំបន់ផ្សេងទៀត កងទ័ពកម្ពុជានៅតែបន្តឈរជើងប្រយុទ្ធយ៉ាងរឹងមាំដដែលដោយមិនបានដកថយឡើយ។
ប្រទេសមួយចំនួន ដូចជាបារាំង (France) ហ្វីលីពីន (Philippines) ចិន (China) ជប៉ុន (Japan) និងម៉ាឡេស៊ី (Malaysia) ដែលជាប្រធានប្ដូរវេនអាស៊ាន ជាដើម បានចេញមុខស្នើឱ្យភាគីទាំងពីរអត់ធ្មត់ឡើងវិញ និងងាកមករកដំណោះស្រាយជម្លោះដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។