មន្ត្រីបក្សប្រឆាំងថា សមត្ថកិច្ចគួរចាប់មេខ្លោង ទើបអាចលុបបំបាត់ទីតាំងឆបោកតាមអនឡាញ

មន្ត្រីគណបក្សប្រឆាំងបានលើកឡើងថា រដ្ឋាភិបាលគួរតែចាប់ខ្លួនក្រុមឧក្រិដ្ឋជនជាមេខ្លោងបើកទីតាំងឆបោកតាមអនឡាញយកកាត់ទោស ទើបអាចបោសសម្អាតទីតាំងឆបោកមានប្រសិទ្ធភាព។ ការលើកឡើងនេះ ស្របពេលសមត្ថកិច្ច រាជធានី-ខេត្ត កំពុងបើកយុទ្ធនាការចុះបង្ក្រាបទីតាំងឆបោក ក្រោយមានបទបញ្ជាពីនាយករដ្ឋមន្ត្រី និងចាប់ខ្លួនជនសង្ស័យបានជាង១០០០នាក់។

មន្ត្រី​បក្ស​ប្រឆាំង​និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​សាទរ ដែល​រដ្ឋាភិបាល​ចេញ​បទ​បញ្ជា​ឱ្យ​អភិបាល​រាជធានី-ខេត្ត ធ្វើ​យុទ្ធនាការ​បោសសម្អាត​ទីតាំង​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ពី​ភូមិសាស្ដ្រ​របស់​ខ្លួន។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន បាន​សង្កេតឃើញ​ថា សមត្ថកិច្ច​មិន​ទាន់​បាន​ចាប់​ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជា​មេខ្លោង​នោះ​ទេ ដែល​មិន​អាច​ឈាន​ទៅ​បោស​សម្អាត​ទីតាំង​ឆបោក​តាម​អនឡាញ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។

ខ្ញុំ​មើល​ឃើញ​ថា ដើម្បី​លុបបំបាត់​អំពើ​ឧក្រិដ្ឋជន​ឆបោក យើង​ត្រូវ​តែ​ស្រាវជ្រាវ​ពី​មេខ្លោង​មក​មុន បើ​យើង​បោស​សម្អាត​តែ​អ្នក​ធ្វើ​ការ​ឱ្យ​មេខ្លោង ហើយ​ចាប់​មេខ្លោង​មិន​បាន មិន​យូរ​មិន​ឆាប់ វា​នឹង​កើត​មាន​ឡើង​វិញ​។

—  លោក រ៉ុង ឈុន

ការ​លើកឡើង​ពី​មន្ត្រី​បក្សប្រឆាំង​នេះ បាន​ធ្វើ​ឡើង​ក្រោយ​សមត្ថកិច្ច​នៅ​រាជធានី​ខេត្ត​ចំនួន​៦ រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ ព្រះសីហនុ ក្រចេះ បន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែកក្កដា បាន​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​ជាច្រើន​កន្លែង និង​យ៉ាងហោចណាស់​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង ១០០០នាក់ ក្នុង​នោះ​ភាគច្រើន ជា​ជនជាតិ​ចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ ភូមា រួម​ទាំង​ជនជាតិ​ខ្មែរ​ផង។ ជាមួយ​គ្នា​នេះ ក្រសួង​យុត្តិធម៌​ក៏​បាន​ព្យួរ​តួនាទី​ព្រះរាជអាជ្ញា​រង​ខេត្តពោធិ៍ គឺ​លោក គ្រី សីហា ពាក់ព័ន្ធ​ការ​ដោះលែង​ជនល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ខេត្តពោធិ៍សាត់ ។

ការ​ចុះ​បង្ក្រាប​ទាំង​នេះ បាន​ធ្វើឡើង គឺ​បន្ទាប់​ពី​មាន​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បញ្ជា​ឱ្យ​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់ ត្រូវ​ទទួល​ខុស​ត្រូវ​លុប​បំបាត់​ទីតាំង​ឆបោក​តាម​អនឡាញ​ឱ្យ​បាន​ម៉ឺនម៉ាត់ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង។ លោក​ក៏​បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ព​ជើង​ទឹក​គោក ជើងទឹក និង​កងរាជ​អាវុធហត្ថ ត្រូវ​ត្រៀម​សហការ​ជាមួយ​សមត្ថកិច្ច​តាម​បណ្ដាខេត្ត ដើម្បី​ចុះ​បង្ក្រាប​ទីតាំង​ឆបោក។

កាល​ពី​ខែ​ឧសភា ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​របស់​អង់​គ្លេស​ឈ្មោះ Humanity Research Consultancy បាន​រកឃើញ​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ ដែល​ពង្រីក​ទីតាំង​កាន់​តែ​ធំ​ឡើង នៅ​ក្នុង​ប្រទេសកម្ពុជា ហាក់​លែង​អាច​បង្ក្រាប​បាន ដោយសារ​ក្រុម​ឧក្រិដ្ឋជន​ជា​ជនជាតិ​ចិន មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ឧកញ៉ា​ដែល​មាន​ឥទ្ធិពល រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ក្នុង​នោះ​មាន​ទាំង​មេអង្គរក្ស​លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហ៊ាង ធ្វើ​ជា​ខ្នងបង្អែក ហើយ​ពួក​ឧក្រិដ្ឋជន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ធ្វើ​ជា​ប្រភព​ផ្គត់ផ្គង់​លុយ​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជនកម្ពុជា។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក នី សុខា បាន​លើកឡើង​ថា វិធានការ​បោស​សម្អាត​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ពេល​នេះ ធ្វើ​ឡើង​ហាក់​យឺត​ពេល​បន្តិច ពីព្រោះ​កម្ពុជា​ត្រូវ​បាន​រកឃើញ​ជា​យូរ​មក​ហើយ ថា​ជា​សម្បុក​ក្រុម​ឧក្រិដ្ឋជន​ឆបោក​ដ៏​ធំ​មួយ។ លោក​បាន​យល់ឃើញ​ថា ក្រុម​ឧក្រិដ្ឋជន​អាច​បើក​ដំណើរការ​ទីតាំង​ឆបោក​កន្លង​មក គឺ​អាច​មាន​អ្នក​មាន​អំណាច​និង​ឥទ្ធិពល​ចាំ​ការពារ​ពី​ក្រោយ។

បើ​សិន​រដ្ឋាភិបាល​ពិត​ជា​មាន​ការ​តាំង​ចិត្ត​ក្នុង​ការ​លុប​បំបាត់ ឬ​វិធានការ​កម្ចាត់​ទៅ​លើ​ល្បែង​ស៊ីសង ពិសេស​គឺ​ការ​ឆបោក​តាម​អនឡាញ​ហ្នឹង​មែន ខ្ញុំ​គិត​ថា គួរ​តែ​មាន​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​រក​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ខ្នង​នៃ​រឿង​ហ្នឹង បើទោះបីជា យើង​រក​ឃើញ អ្នក​ហ្នឹង​មាន​ឥទ្ធិពល ឬ​មាន​អំណាច​កម្រិត​ប៉ុណ្ណា​ក៏ដោយ ក៏​យើង​ត្រូវ​យក​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់​។

—  លោក នី សុខា

មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល​បាន​លើកឡើង​ទៀត​ថា ក្រុម​មន្ត្រី​ពាក់ព័ន្ធ​តាម​ក្រសួង​ស្ថាប័ន ហាក់​ដូច​មិន​ចេះ​ធ្វើ​ការងារ​ដោយ​ខ្លួន​ឯង ដរាបណា​មិន​មាន​បទ​បញ្ជា​ពី​ប្រមុខ​រដ្ឋាភិបាល។ ពួកគេ​បាន​យល់​ឃើញ​ថា មន្ត្រី​ពាក់ព័ន្ធ​គួរ​តែ​បោសសម្អាត​ទីតាំង​ឆបោក​ទាំង​នោះ​ជា​យូរ​ហើយ មិន​គួរ​ទុក​រហូត​ក្លាយ​បញ្ហា​ពិបាក​ទប់ស្កាត់​ដូច​នៅ​ពេល​នេះ​នោះ​ទេ។

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឱ្យ​ដឹង​ថា រយៈពេល ៦ខែ​មក​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា (Online Scams) ចំនួន​១៨​លើក នៅ​រាជធានី-ខេត្ត​ចំនួន១០ ដោយ​ឃាត់​ខ្លួន​មនុស្ស ២.៤១៨នាក់ និង​បាន​បណ្ដេញ​ជនបរទេស ២.៣២២ នាក់ ចេញ​ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។