លោក ហ៊ុន ម៉ាណែត ព្រមានដកអភិបាលខេត្តដែលមិនបង្ក្រាបក្រុមឆបោកតាមអនឡាញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពត្រៀមជួយគាំទ្រដល់អាជ្ញាធរតាមបណ្ដារាជធានី-ខេត្ត ដើម្បីបង្ក្រាបលើក្រុមឆបោកតាមអនឡាញ។ លោកបានព្រមានថា បើអភិបាលខេត្តណា មិនបានបង្ក្រាបលើក្រុមឆបោកឱ្យបានម៉ឺងម៉ាត់ នឹងប្រឈមត្រូវដកចេញពីតំណែង។

លោក​ ហ៊ុន​ ម៉ាណែត​ បាន​ចេញ​បញ្ជា​ឱ្យ​អភិបាល​រាជធានី​-ខេត្ត​ និង​ស្នងការរាជធានី​-ខេត្ត​ ត្រូវ​ធ្វើ​ជា​ម្ចាស់​ការ​ បោសសម្អាត​ទីតាំង​ឆបោក​តាមអនឡាញ​ឱ្យ​អស់​ពី​ភូមិសាស្ដ្រ​របស់​ខ្លួន​ និង​បាន​បញ្ជា​ឱ្យ​មេបញ្ជា​ការទ័ព​ជើងគោក​ ជើង​ទឹក​ រួមទាំង​កងទ័ព​ពិសេស​ កងទ័ព​នៅ​បញ្ជាការដ្ឋាន​កងអង្គរក្ស កងពលតូចលេខ៧០ និង​កងរាជអាវុធ​លើ​ផ្ទៃប្រទេស ត្រូវ​ត្រៀម​កម្លាំង​ចេញ​ប្រតិបត្តិការ​គាំទ្រ​ដល់​វិធានការ​បោសសម្អាត​នេះ។

នៅ​បទ​បញ្ជា​ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធបច្ចេក​វិទ្យា​ឬ​អនឡាញ(Online)​ ចុះ​ថ្ងៃ​ទី​១៤ ខែ​កក្កដា លោក​ ហ៊ុន​ ម៉ាណែត​ បាន​លើកឡើង​ថា សកម្មភាព​ឆបោក​តាមអនឡាញ​ កំពុង​គំរាមកំហែង​និង​បង្ក​អសន្ដិសុខ​ក្នុង​តំបន់​និង​ពិភពលោក​ ដែល​តម្រូវ​ឱ្យកម្ពុជា​ត្រូវ​រួមចំណែក​ប្រយុទ្ធប្រឆាំង​នឹង​ករណី​ឆបោក​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។​ នៅក្នុង​បទបញ្ជា​នេះ​បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​ត្រូវតែ​បណ្ដេញ​ជនបរទេស​ដែល​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់​ និង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ ហើយ​អភិបាល​ខេត្ត​នៅតាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ជន​បរទេស​ដែល​លួចឆ្លង​ដែន​ខុស​ច្បាប់​ទាំង​តាម​ផ្លូវ​គោក​និង​ផ្លូវទឹក​ រួមទាំង​ការ​ចុះ​ត្រួតពិនិត្យ​តាម​កាស៊ីណូ​ ដើម្បី​ទប់ស្កាត់​ការចាប់ជំរិត​ ​ការ​ធ្វើទារុណកម្ម​ និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ ការជួញដូរ​មនុស្ស​ និង​ផ្លូវភេទ​ ការជួញ​ដូរ​អាវុធ​ និង​គ្រឿងញៀន​ជាដើម។

លោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី១៥ ខែកក្កដា។
Hun Manet-Cambodia លោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី១៥ ខែកក្កដា។ (Hun Manet)

បន្ទាប់​ពី​មាន​បទបញ្ជា​ពី​លោក​ ហ៊ុន​ ម៉ាណែត​ ក្រសួង​យុត្តិធម៌​បាន​ព្យួរ​តួនាទី​ព្រះរាជអាជ្ញា​រង​​ខេត្ត​ពោធិ៍សាត់​ គឺ​លោក គ្រី សីហា ពាក់ព័ន្ធ​ការ​ដោះលែង​ជនល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ខេត្ត​ពោធិ៍សាត់​។ ស្រដៀង​គ្នា​នេះ យ៉ាងហោចណាស់ជនសង្ស័យជិត២០០នាក់ដែលសុទ្ធសឹងជាជនបរទេសត្រូវបានចាប់ខ្លួន។ អាជ្ញាធររាជធានី ភ្នំពេញ បានបង្រ្កាបបទល្មើសឆបោកអនឡាញពីរកន្លែង ឃាត់ជនសង្ស័យជាង១០០នាក់ ក្នុងនោះដូចជា ជនជាតិចិន វៀតណាម តៃវ៉ាន់។ ចំណែកនៅខេត្តព្រះសីហនុ សមរត្ថកិច្ច បង្ក្រាបទីតាំងសង្ស័យឆបោកតាមអនឡាញចំនួន៦កន្លែង និងឃាត់បានជនជាតិវៀតណាម៦៣នាក់ និងខ្មែរម្នាក់ បួករួមទាំងឧបករសម្ភាសមួយចំនួនទៀត។

​​ចំណាត់​ការ​​រដ្ឋាភិបាល​​លោក​ ហ៊ុន ម៉ាណែត​ នៅពេល​នេះ បាន​ធ្វើឡើង​ស្របពេល​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយចំនួន​ រូមមាន​ភូមា​ ឡាវ​ ថៃ​ និង​កម្ពុជា​ គឺ​ជា​

មជ្ឈមណ្ឌល​កណ្ដាលរបស់​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ដ៏​ធំ​មួយ​របស់​ពិភពលោក​ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​ចាប់ចំរិត​​ និង​ការឆបោក​តាម​អនឡាញ។

ទីតាំងដែលសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធករណីឆបោកតាមអនឡាញនៅខេត្តព្រះសីហនុ ថ្ងៃទី១៦ ខែកក្កដា។
Online Scams ទីតាំងដែលសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធករណីឆបោកតាមអនឡាញនៅខេត្តព្រះសីហនុ ថ្ងៃទី១៦ ខែកក្កដា។ (ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

កាល​ពី​ចុង​ខែ​មិថុនាអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាន​ចេញផ្សាយ​របាយ​ការណ៍​ស្ដីពី​ការ​រកឃើញ​ទីតាំង​ឆបោក​ចំនួន​៥៣ក​ន្លែង និង​ទីតាំង​សង្ស័យ​ជាកន្លែង​ឆបោក​ចំនួន​៤៥​កន្លែង​ផ្សេង​ទៀត​នៅ​កម្ពុជា។ អង្គការ​នេះ​បាន​បញ្ជាក់​ថា ទីតាំង​ឆបោក​ទាំង​នោះ ភាគច្រើន​គ្រប់គ្រង​ដោយ​ក្រុម​ជន​សង្គម​ងងឹត​ចិន ដែល​ទីតាំង​ខ្លះ​ បាន​ប្រើ​បន្ទប់​ងងឹត​ធ្វើ​ជា​គុក​សម្រាប់​ដាក់​ទោស​និង​ធ្វើ​ទារុណកម្ម​ រួមទាំង​ប្រើ​ខ្សែ​និង​ដំបង​ឆក់​លើ​បុគ្គលិក ដែល​មាន​ទាំង​ស្រ្ដី​និង​កុមារ ដើម្បី​បង្ខំ​ឱ្យ​ធ្វើរូប​សកម្មភាព​ឆបោក​តាម​អនឡាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។