តុលាការថៃចេញដីកាចាប់ខ្លួនឧកញ៉ា កុក អាន ពាក់ព័ន្ធទីតាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ

ប៉ូលិសថៃនៅថ្ងៃទី៨ខែកក្កដា បានអនុវត្តដីកាចាប់ខ្លួនរបស់តុលាការទីក្រុងបាងកក ដោយចុះឆែកឆេរផ្ទះចំនួន១៩ទីតាំងនៅទីក្រុងបាងកក និងខេត្តជុំវិញដែលជាប់ពាក់ព័ន្ធជាមួយឧកញ៉ាកុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា។ អ្នកឃ្លាំមើល លើកឡើងថា វិធានការរបស់ថៃនេះនឹងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិខាងបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

អ្នក​ច្បាប់​ និង​ជា​អ្នក​វិភាគ​ឯករាជ្យ​ លោក​ វន ចាន់ឡូត​ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​ចំណាត់​ការ​របស់​តុលាការ​ថៃ​នេះ​ បង្ហាញ​ឱ្យ​ឃើញ​ថា បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​មាន​ជាប់ពាក់ព័ន្ធ​អ្នក​មាន​អំណាច​កំពូល​ៗ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា រឿង​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍​ឈ្មោះ​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ផង​ និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​កម្ពុជា​និង​ថៃ​កាន់​តែ​ធ្លាក់​ចុះ​ បន្ទាប់​ពី​បញ្ហា​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ប្រសិន​បើ​ដូច​ការ​រក​ឃើញ​របស់​អាជ្ញាធរ​ថៃ កម្ពុជា​គួរតែ​យក​ឧក្រិដ្ឋជន​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។ ពិត​នឹង​ធ្វើ​បញ្ហា​ទាំង​ឡាយ​ដែល​កម្ពុជា​ជា​អ្នក​រង​ថ្ម​បាក់​នោះ​នឹង​ត្រូវ​សាបរលាប​តាម​រយៈ​​កម្ពុជា​បង្ហាញ​សុឆន្ទៈ​នៅ​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម ក៏​ដូច​ជា​យក​ឧក្រិដ្ឋជន​មក​ផ្ដន្ទាទោស​​​។

—  លោក វ៉ន ចាត់ឡូត

​ការ​លើក​ឡើង​នេះ បន្ទាប់​ពី​តុលាការ​របស់​ថៃ​ កាល​ពី​ថ្ងៃ​ទី​៨​ខែ​កក្កដា​ បាន​ចេញ​ដីកា​ ចាប់​ខ្លួន​អ្នក​ជំនួញ​ជំនិត​នឹង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ លោក ហ៊ុន សែន គឺ​ ឧកញ៉ា កុក អាន ​ដោយ​ចោទ​ប្រកាន់​ពី​បទ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត​នៅ​ក្រុង​ប៉ោយប៉ែត ​​ក្រុង​ព្រះសីហនុ និង​​ទីតាំង​មួយ​ចំនួន​ទៀត​នៅ​ប្រទេស​កម្ពុជា។ ភ្លាមៗ​ក្រោយ​ចេញ​ដីកា ប៉ូលិស​ថៃ បាន​ចុះ​ឆែកឆេរ​ផ្ទះ​ចំនួន​១៩​ទីតាំង នៅ​ទីក្រុង​បាងកក​និង​ខេត្ត​នៅ​ជុំ​វិញ​នោះ រឹប​អូស​រថយន្ត​សេរី​ទំនើប​ចំនួន​២គ្រឿង ​និង​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ចំនួន​២៧​លាន​បាត ឬ​ស្មើ​​ជាង​៨០​ម៉ឺន​ដុល្លារ​អាមេរិក។

អគ្គ​មេបញ្ជាការ​ប៉ូលិស​បច្ចេកវិទ្យា​របស់​ថៃ លោក​ ត្រៃរុង ភីវផាន់ (Trirong Phiwpaen) បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថៃ​ថា ​ប៉ូលិស​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា លោក កុក អាន ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​ក្រុម​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ លោក កុក អាន ដើម្បី​សាកសួរ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨​ខែ​កក្កដា។

ប៉ុន្តែ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​កាល​ពី​រសៀល​ថ្ងៃ​ទី​៨​ខែ​កក្កដា ដោយ​ចាត់​ទុក​ចំណាត់ការ​របស់​ថៃ​នេះ​ ថាជា​ការ​យក​ដុំ​ថ្ម​ទម្លាក់​លើ​ខ្លួន​ឯង។ លោក​ ហ៊ុន សែន សរសេរ​បែប​ចំអក​ទៅ​ភាគី​ថៃ​ ដោយ​អបអរ​សាទរ​ចំពោះ​អាជ្ញាធរ និង​ប៉ូលិស​ថៃ ដែល​បាន​បង្ក្រាប​បទ​ល្មើស​អន​ឡាញ នៅ​លើ​ទឹក​ដី​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​បទល្មើស​អន​ឡាញ​ហូរ​ចូល​មក​កម្ពុជា ខណៈ​បទល្មើស​ទាំង​នោះ​មាន​ពាសពេញ​ប្រទេស​ថៃ​។​ លោក​បន្ថែម​ថា ថៃ​គួរតែ​កម្ទេច​សំបុក​បទ​ល្មើស​ទាំង​នេះ​​តាំង​ពី​​ដំបូង​​ គឺ​ពុំ​មែន​ទើប​តែ​មក​បង្ក្រាប​នៅ​ពេល​នេះ​ទេ​។

អ្នក​អត្ថាធិប្បាយ​នយោបាយ​ លោក គឹម សុខ បាន​មាន​ប្រសាសន៍​ថា ​ការ​លើក​ឡើង​របស់​ លោក ហ៊ុន សែន​ នេះ​គ្រាន់​តែ​ជា​ប្រតិកម្ម​នយោបាយ​ប៉ុណ្ណោះ​។ លោក​ថា ​រឿង​នេះ​​សមត្ថចិត្ត​ថៃ​អាច​មាន​ភស្តុតាង​បង្ហាញ​ថា គ្រួសារ​ត្រកូល​ហ៊ុន​ មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន​ ​ក្រុម​ឧកញ៉ា​ និង​មន្ត្រី​មួយ​ចំនួន​ទៀត​ ជា​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​កម្ពុជា​។

ហើយ​រឿង​នេះ​ត្រូវ​ឆ្លើយ​តប​ដោយ​ការ​ស៊ើបអង្កេត​ច្បាស់​លាស់​មិន​ឆ្លើយ​បែប​សារ​នយោបាយ​ទេ​។ម្ល៉ោះ​ហើយ​បើ​លោក ហ៊ុន សែន ប្រាកដ​ប្រជា​មែន​ថា​គាត់​មិន​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ម៉ាហ្វីយ៉ា​ពិភព​លោក គាត់​គួរ​តែ​ហ៊ាន​បើក​ការ​ស៊ើប​អង្កេត​​នៅ​កម្ពុជា​ឱ្យ​បាន​ច្បាស់​ ហើយ​បញ្ជាក់​ឱ្យ​ប្រាកដ​ប្រជា​ ថា​តើ​មាន​ពាក់​ព័ន្ធ​នឹង​លោក​ថាក់ស៊ីន​ឬ​ក៏​អត់។

—  លោក គឹម សុខ

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក កុក អាន​ ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន។ កាល​ពី​ឆ្នាំ​២០០៣​ លោក កុក អាន ​ធ្លាប់​ជួយ​ចេញ​លុយ ៥០​លាន​ដុល្លារ​ជំនួស​រដ្ឋាភិបាល​លោក ហ៊ុន សែន សង​ឱ្យ​រដ្ឋាភិបាល​ថៃ ចំពោះ​ការ ខូចខាត​បណ្ដាល​មក​ពី​កុបកម្ម​ដុត​ស្ថានទូត និង​អគារ​ក្រុមហ៊ុន​ថៃ​។

លោក​ កុក អាន ​ជា​ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន អានកូ គ្រុប (ANCO GROUP) ​ម្ចាស់​កាស៊ីណូ​ Crown Resorts នៅ​ក្រុង​ប៉ោយប៉ែត​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ខេត្ត​ប៉ៃលិន នៅ​ក្រុង​ជ្រៃ​ធំ ខេត្ត​កណ្ដាល និង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម​។

កម្ពុជា និង​ប្រទេស​ជិត​ខាង ​រួម​មាន ​ថៃ ឡាវ និង​ភូមា ត្រូវ​បាន​រក​ឃើញ​ថា កំពុង​រីក​សាយភាយ​ដោយ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ កាល​ពី​ខែ​ឧសភា របាយការណ៍​សិក្សា​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​អង់គ្លេស​ឈ្មោះ Humanity Research Consultancy បាន​លើក​ឡើង​ថា កម្ពុជា​អាច​មាន​អ្នក​បម្រើការ​នៅ​ក្នុង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​ប្រហែល​១៥​ម៉ឺន​នាក់ និង​ក្នុង​មួយ​ឆ្នាំ​ៗ អាច​រក​ចំណូល​បាន​ពី​ជាង​១ម៉ឺន២​​ពាន់​ ទៅ ១ម៉ឺន​៩ពាន់​លាន​ដុល្លារ ដែល​ស្មើ​នឹង​៦០% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​(GDP)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។