អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្ដីបំភ្លឺតាមទំព័រហ្វេសប៊ុកក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ថា រដ្ឋមន្ត្រីការពារជាតិលោក ទៀ សីហា មិនមានកិច្ចពិភាក្សាក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការពារជាតិស្ដីទីរបស់ថៃលោក ណាត់ថាផុល ណាកផានិច្ច (Natthapon Nakpanich) ដើម្បីបើកព្រំដែនឡើយ ហើយក៏មិនបានព្រមព្រៀងឱ្យមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដូចរដ្ឋមន្ត្រីការពារជាតិស្ដីទីរបស់ថៃរូបនេះបានលើកឡើងនោះដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងទៀតថា យោធាថៃជាអ្នកបិទព្រំដែនដោយឯកតោភាគីតាំងពីថ្ងៃទី០៧ ខែមិថុនា ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរនិងជីវភាពរបស់ពលរដ្ឋទាំងសងខាង ដូច្នេះ គោលកម្ពុជានៅតែរក្សាជំហរដដែលមិនទទួលយកការចរចាឡើយ គឺរង់ចាំឱ្យយោធាថៃត្រូវបើកច្រកទាំងអស់ជាប្រក្រតីឡើងវិញ គឺពីម៉ោង៦ ព្រឹកដល់ម៉ោង១០ យប់ទើបកម្ពុជានឹងបើកច្រកទាំងអស់យ៉ាងយូរ៥ម៉ោងក្រោយ។
ការបដិសេធរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិស្ដីទីរបស់ថៃលោក ណាត់ថាផុល ណាកផានិច្ច បានលើកឡើងថា រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា បានយល់ព្រមឱ្យមានការចរចាជាមួយក្រសួងការពារជាតិថៃ។ លោកបន្តថា ភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលចរចាដើម្បីដោះស្រាយជម្លោះព្រំដែន តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ។ នេះបើតាមការចុះពីកាសែតថៃ The Nation កាលពីថ្ងៃទី០២ ខែកក្កដា។
លោក ទៀ សីហា ក៏បានបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនបដិសេធការអះអាងនេះដែរ ដោយលោកបានបញ្ជាក់បន្ថែមថា លោកមិនដែលមានកិច្ចសន្ទនាទាំងផ្លូវការនិងក្រៅផ្លូវការជាមួយភាគីថៃនោះទេ ចាប់តាំងពីមានជំនួបជាមួយអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) កាលពីថ្ងៃទី០៥ ខែមិថុនាមក។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា មិនឱ្យយោធាកម្ពុជាទទួលយកការចរចាណាមួយជាមួយយោធាថៃរឿងជម្លោះព្រំដែនឡើយ ដរាបណាយោធាថៃមិនព្រមបើកព្រំដែនទាំងអស់ដែលបានបិទជាឯកតោភាគី ឱ្យដំណើរការឡើងវិញជាប្រក្រតី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។