កម្មវិធីការត្រួតពិនិត្យរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) ដែលជាដៃគូរបស់អង្គការពលកម្មអន្តរជាតិ (ILO) និងវិទ្យាស្ថានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានធ្វើការស្ទង់មតិតាមអនឡាញ ជាមួយរោងចក្រដែលបានចុះបញ្ជីនៅក្នុងកម្មវិធីរបស់ខ្លួនជាង ៧០០ (៧៥៦) រោងចក្រ ក្នុងនោះរោងចក្រចំនួន២០៣ បានចូលរួមឆ្លើយតបពាក់ព័ន្ធនឹងការព្រួយបារម្ភ ជុំវិញបញ្ហានៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញកម្ពុជា។
ការស្ទង់មតិរយៈពេល១២ថ្ងៃ បានធ្វើឡើងកាលពីចុងខែឧសភា និងបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា បានលើកឡើងទៀតថា រោងចក្រ ២៦% បានរាយការណ៍ពីការកើនឡើងនៃការផលិត ក្នុងរយៈពេល១ឆមាសដំបូងនៃឆ្នាំ២០២៥ ប៉ុន្តែ ២២% បានរាយការណ៍ពីការធ្លាក់ចុះនៃការផលិត។
របាយការណ៍បានបន្តថា រោងចក្រ ៥៥% បានទទួលការបញ្ជាទិញសម្រាប់រយៈពេល៣ទៅ៦ខែខាងមុខ ៣០% ទទួលបានការបញ្ជាទិញសម្រាប់រយៈពេល ៦ខែ ឬច្រើនជាងនេះ ប៉ុន្តែ ១៥% ពុំទទួលបានការបញ្ជាទិញ ឬទទួលបានការបញ្ជាទិញត្រឹមតែប៉ុន្មានសប្ដាហ៍ខាងមុខប៉ុណ្ណោះ។
របាយការណ៍បានបញ្ជាក់ទៀតថា ៤៤% នៃរោងចក្របានឆ្លើយថា អាចទ្រទ្រង់ប្រតិបត្តិការលើសពី ៩០ថ្ងៃ ខណៈ៤០% បានឆ្លើយថា អាចទ្រទ្រង់ប្រតិបត្តិការពី ១ខែ ទៅ ៣ខែទៀត និង ៨% អាចទ្រទ្រង់ប្រតិបត្តិការបានតិចជាងមួយខែ។ ដូច្នេះ ការសិក្សាបានលើកឡើងថា ការអនុវត្តពន្ធថ្មីពីសហរដ្ឋអាមេរិក អាចធ្វើឱ្យរោងចក្រទាំងនោះ កាត់បន្ថយភ្លាមៗ នូវចំនួនកម្មករ តាមរយៈការព្យួរការងារ និងបញ្ឈប់ពីការងារ។
ជុំវិញបញ្ហានេះ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែមិថុនាថា ប្រសិនបើកម្ពុជាមិនអាចទទួលបានលទ្ធផលវិជ្ជមានពីការចរចារឿងពន្ធជាមួយសហរដ្ឋអាមេរិក នោះនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។
នៅក្នុងស្ថានភាពនេះ ចំពោះក្រុមហ៊ុនអ្នកបញ្ជាទិញនៅទីផ្សារសហរដ្ឋអាមេរិក យើងអាចនិយាយបានថា កំពុងស្ថិតក្នុងដំណាក់កាលនៃការពិនិត្យពិចារណា ហើយការរង់ចាំលទ្ធផលនៃការចរចា ដើម្បីរៀបចំផែនការ ក៏ដូចពិចាការដាក់ការបញ្ជាទិញក្នុងខ្សែផលិតកម្មរបស់ខ្លួន។
— លោក ឃុន ថារ៉ូ
កាលពីថ្ងៃទី២៦ ខែមិថុនា អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានថា តំណាងពាណិជ្ជកម្មកម្ពុជានិងសហរដ្ឋអាមេរិក បានជួបចរចាគ្នានៅជុំទី៣ កាលពីថ្ងៃទី២៥ ខែមិថុនា សម្រាប់កិច្ចប្រជុំរឿងពន្ធបដិការ ប៉ុន្តែនៅមិនទាន់ឈានដល់ការសម្រេចលទ្ធផលនៅឡើយ ដោយភាគីទាំងពីរត្រៀមជួបចរចាគ្នានៅជុំបន្ទាប់ទៀត។ សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធថ្មីលើទំនិញចូលពីកម្ពុជាចំនួន ៤៩% ប៉ុន្តែអនុវត្តត្រឹម ១០% សិនអំឡុងទុកពេលចរចារយៈពេល៩០ថ្ងៃ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃទី២៩ ខែមិថុនា ថា លោកគ្មានគម្រោងបន្ថែមពេលឱ្យលើសពី៩០ថ្ងៃ សម្រាប់បណ្ដាប្រទេសនានាចរចារឿងពន្ធឡើយ ខណៈការកំណត់នឹងផុតនៅត្រឹមថ្ងៃទី០៩ ខែកក្កដាខាងមុខនេះ។
ការស្ទង់មតិរបស់កម្មវិធីការត្រួតពិនិត្យរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានបញ្ជាក់ទៀតថា មានរោងចក្រ ២៧% បានលើកឡើងថា អ្នកបញ្ជាទិញបានស្នើសុំបញ្ចុះតម្លៃទំនិញដោយសារការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក អាចបង្កើនការចំណាយកាន់តែខ្ពស់សម្រាប់ក្រុមអ្នកបញ្ជាទិញក្នុងការនាំចូលទំនិញ។
សហរដ្ឋអាមេរិកជាទីផ្សារធំបំផុតសម្រាប់ផលិតផលពីវិស័យកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងធ្វើដំណើររបស់ប្រទេសកម្ពុជា ដែលមានកម្មករក្នុងវិស័យនេះ ជិតមួយលាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។