ការលើកឡើងមិនប្រក្រតីជុំវិញកម្រិតជាតិអាល់កុលនេះ បានធ្វើឱ្យពលរដ្ឋប្រតិកម្ម និងព្រួយបារម្ភថា អាចនឹងមិនមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បារម្ភថា ការប្រែប្រួលនៃជាតិអាល់កុលពីច្រើនមកតិច នឹងធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿចិត្តលើការអនុវត្តការងាររបស់សមត្ថកិច្ច។ លោកបន្តទៀតថា ប្រសិនបើគ្មានត្រួតពិនិត្យសំណុំរឿងនេះ ឱ្យបានដិតដល់ទេ បើទោះជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តច្បាប់កុំឱ្យមានការយោគយល់ក្ដី តែលោកបារម្ភមន្ត្រីថ្នាក់ក្រោមអនុវត្តច្បាប់មានភាពធូរលុង ឬមានភាពលំអៀងលើជនបង្ក។
បើសិននៅតែមានការអនុវត្តច្បាប់ មានស្ដង់ដារពីរទៀត អ៊ីចឹងការអនុវត្តច្បាប់នៅស្រុកខ្មែរ កាន់តែមានការធ្លាក់ចុះ ហើយកាន់តែមានការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋខ្លាំងឡើង។
— លោក សេក សុជាតិ
លោក ហុង លីម អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ រិះគន់ថា អំពើពុករលួយបានចាក់ឫសគល់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ដូច្នេះលោក បារម្ភថា ជនបង្កអាចប្រើលុយដើម្បីគេចចេញពីការទទួលខុសត្រូវតាមផ្លូវច្បាប់។
ជារឿងដែលគួរឱ្យសោកស្ដាយ ជារឿងដែលគួរឱ្យខ្មាសអៀន គេដឹងតើថា ស្រុកទេសយើង ជាស្រុកដែលអត់មានគោរពច្បាប់ គឺជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ គឺគំរូអាក្រក់តាំងពីលើមក រឿងពុករលួយ។
— លោក ហុង លីម
ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា ប្រាប់សារព័ត៌មានក្នុងស្រុកកាលពីយប់ថ្ងៃទី១៥ឧសភាថា មន្ត្រីនគរបាលជាជនបង្ក ត្រូវបានឃាត់ខ្លួនពីបទបើកបរមិនប្រុងប្រយ័ត្ន និងក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៤៥ មីលីក្រាម។ ប៉ុន្តែលុះព្រឹកឡើង ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់តាមហ្វេសប៊ុកថា មន្ត្រីរបស់ខ្លួន ស្ថិតក្នុងភាពស្រវឹងមានអត្រាជាតិអាល់កុល ត្រឹម០,៣៥ មីលីក្រាមប៉ុណ្ណោះ។
មន្ត្រីនគរបាលពាក់ស័ក្ដិ៥ឈ្មោះ ហ៊ុន ហេង ជាប្រធានការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកឡានទាំងស្រវឹងបុករះម៉ូតូឡានជាច្រើនគ្រឿង កាលពីថ្ងៃទី១៥ឧសភា បណ្ដាលឱ្យបុរសរត់កង់បីឥណ្ឌាម្នាក់ឈ្មោះ រៀន សុភឿន អាយុ៤៩ឆ្នាំ ស្លាប់ និងមនុស្សយ៉ាងហោចណាស់៣នាក់ទៀតរបួស។ មន្ត្រីនគរបាលរូបនេះ បានបើកឡានម៉ាកលុចស៊ីស ប្រភេទ RX ៤០០ ចេញពីកន្លែងផឹកស៊ីនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងត្រូវបានឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ។
កូនស្រីរបស់ជនរងគ្រោះដែលស្លាប់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ដា ម៉ូលីកា បានបង្ហោះសារស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌ឱ្យឪពុករបស់ខ្លួន និងត្រូវផ្ដន្ទាទោសលើជនបង្កឱ្យបានធ្ងន់ធ្ងរ។
គាត់ជាមនុស្សម្នាក់ចូលចិត្តជួយយកអាសាអ្នកដទៃ ទៅណាក៏គេចូលចិត្តគាត់ដែរ។ ហើយរាល់ថ្ងៃ បានប៉ាខ្ញុំមួយ គាត់ទទួលបន្ទុកខាងរកស៊ី ចិញ្ចឹមម៉ាក់ ចិញ្ចឹមប្អូន (ប្អូនប្រុសពីរនាក់) ឱ្យរៀនបន្តទៀត។ បាត់ប៉ាទៅ នៅក្នុងគ្រួសារពិបាកខ្លាំង ដោយសារម៉ាក់ឈឺផង ប្អូនត្រូវរៀនផង ណាមួយខ្ញុំម្នាក់ឯងទៀត ត្រូវរ៉ាប់រងច្រើន។ កាលមុនជួយម្នាក់តិច ដល់អស់ពីប៉ាទៅ គឺអស់គ្រប់យ៉ាងតែម្ដង។
— លោកស្រី ដា ម៉ូលីកា
ប្រជាពលរដ្ឋបង្ហាញការតក់ស្លុត និងភិតភ័យកាន់តែខ្លាំង ក្រោយឃើញមន្ត្រីនគរបាលបើកបរទាំងស្រវឹង បុករះអ្នកដំណើរពីក្រោយ បណ្ដាលឱ្យស្លាប់និងរបួសជាច្រើន។
ពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់គឺលោកស្រី សុខ រតនា ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រី ភ័យខ្លាចពេលធ្វើដំណើរលើដងផ្លូវម្ដងៗ។
ក្នុងហេតុការណ៍ហ្នឹង បងទើបតែឆ្លងកាត់ផ្លូវហ្នឹងហើយ ហើយការព្រួយបារម្ភនេះ មិនមែនមានតែបងទេ គឺប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង គឺមានការព្រួយបារម្ភដូចបងអ៊ីចឹង ពេលយើងចេញធ្វើការ ឬជិះម៉ូតូ មិនថាជិះត្រឹមម៉ូតូ សូម្បីជិះឡានហើយ ក៏គេចអាគ្រោះថ្នាក់ហ្នឹង មិនរួចទេ។
— លោកស្រី សុខ រតនា
ពលរដ្ឋម្នាក់ទៀត ដែលជានិស្សិតឆ្នាំទី៤នៅសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ គឺកញ្ញា បេ ស្រីនីត បានលើកឡើងថា កញ្ញា នៅពេលធ្វើដំណើរទៅសាលារៀនម្ដងៗ កញ្ញាតែងតែប្រយ័ត្នជាពិសេសពេលឈប់នៅភ្លើងស្តុប។
ខ្ញុំខ្លាចតែម្ដងបង ខ្ញុំមានអារម្មណ៍ថា ខ្ញុំព្រឺសម្បុរខ្ញាកៗ ហើយយូរទៅ លែងបារម្ភថា អ្នកបុកមកពីមុខ ឬយើងជិះទៅបុកគេ។ ទៅជាបារម្ភពីការបុកពីក្រោយ ដែលយើងមើលអត់ឃើញ។ ពីព្រោះអី ពីមុខ យើងមើលឃើញ យើងអាចត្រៀមខ្លួន គេចខ្លួនអីបានខ្លះ តែបើមកពីក្រោយ គឺចប់តែម្ដង។
— កញ្ញា បេ ស្រីនីត
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសថា មន្ត្រីបើកបរទាំងស្រវឹងបង្កគ្រោះថ្នាក់ឱ្យពលរដ្ឋស្លាប់ឬរងរបួស មិនថាមានតួនាទីខ្ពស់ប៉ុណ្ណានោះទេ គឺត្រូវតែឃាត់ខ្លួន ឬវាយខ្នោះ នៅកន្លែងកើតហេតុ ដោយមិនចាំបាច់ទាល់តែស្នើសុំគោលការណ៍ពីថ្នាក់លើឡើយ។
ទោះជាយ៉ាងណា ការប្រកាសពីលោក ហ៊ុន ម៉ាណែត ហាក់មិនសូវមានប្រសិទ្ធភាពឡើយ ដោយសារពលរដ្ឋនៅតែរិះគន់លើមន្ត្រីចរាចរណ៍ តែងអនុវត្តច្បាប់មិនបានត្រឹមត្រូវ ដោយសារនៅតែមានការលើកលែងលើអ្នកមានអំណាចនិងមានលុយមួយចំនួន។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ពលរដ្ឋនិងសង្គមស៊ីវិលបានរិះគន់តុលាការ ថាមិនបានអនុវត្តច្បាប់ឱ្យតឹងរឹងលើក្រុមជនជាតិចិនពីរនាក់ បន្ទាប់ពីមានករណីតារាតិកតុក (Tiktok) ល្បីម្នាក់ឈ្មោះ ប៉ា ហ្វីដូ (Pa Fido) និងបក្ខពួកម្នាក់ទៀតឈ្មោះ ហ្វូ ចុងហ័រ (Fu Zhong Hua) បានបើកឡានទំនើបប្រភេទ ឡាំបូហ្គីនី ( Lamborghini) ក្នុងស្ថានភាពស្រវឹង និងក្នុងល្បឿនលឿន ទៅបុកពីក្រោយបណ្ដាលឱ្យពលរដ្ឋម្នាក់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅខណ្ឌពោធិ៍សែនជ័យ។
ប៉ុន្តែ តុលាការបានផ្ដន្ទាទោសតែទៅលើជនជាតិឈ្នោះ ហ្វូ ចុងហ័រ ឱ្យជាប់ពន្ធនាគារត្រឹម៦ខែ រីឯជនជាតិចិនឈ្មោះ ប៉ា ហ្វីដូ បានរួចខ្លួន បន្ទាប់ពីអះអាងប្រាប់សមត្ថកិច្ចថា ខ្លួនមិនមែនជាអ្នកបើកបរ។ ក្រៅពីនេះ ករណីមន្ត្រីធំៗ ដូចជា លោក ជាម យៀប អនុប្រធានទី១រដ្ឋសភា និងសាច់ញាតិលោក ហ៊ុន សែន ជាដើម បានរួចផុតពីសំណាញ់ច្បាប់ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។
របាយការណ៍សមត្ថកិច្ចបានបង្ហាញថា ជាមធ្យមក្នុងមួយថ្ងៃមានមនុស្សចំនួន៥នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលពេញ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើក ដោយបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។