អាមេរិកថា ក្រុមហ៊ុនហួយវ័នគ្រុបនៅកម្ពុជា ជាបណ្ដាញលាងកខ្វក់ដ៏ធំឱ្យក្រុមឧក្រិដ្ឋជន

ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍រកឃើញមួយនៅថ្ងៃទី០១ខែឧសភា ថា ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនមេនៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ជាបណ្ដាញលាងលុយកខ្វក់ដ៏ចម្បងមួយ និងស្នើកុំឱ្យក្រុមហ៊ុននេះចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។

ក្រសួង​រតនាគារ​អាមេរិក​បាន​លើកឡើង​ទៀត​ថា ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២១​មក ក្រុមហ៊ុន ហួយវ័ន គ្រុប និង​បណ្ដាញ​ក្រុមហ៊ុន​ជា​បុត្តសម្ព័ន្ធ បាន​ជួយ​លាង​លុយ​កខ្វក់​ចំនួន​៤​ពាន់​លាន​ដុល្លារ ឱ្យ​ក្រុម​ឧក្រិដ្ឋជន រួម​ទាំង​ក្រុម​ចោរ​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងជើង និង​ក្រុម​ឆបោក​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក​លោក ស្កុត បេសេនត៍ (Scott Bessent) បាន​លើកឡើង​ថា ក្រុមហ៊ុន ហួយវ័ន គ្រុប បាន​ធ្វើ​ជា​ទីផ្សារ​ឱ្យ​ក្រុម​ចោរបច្ចេក​វិទ្យា​ដូច​ជា​នៅ​កូរ៉េខាងជើង និង​ក្រុម​ឧក្រិដ្ឋជន​ផ្សេង​ទៀត ដែល​តែង​ធ្វើ​សកម្មភាព​លួច​លុយ​ជារៀងរាល់​ថ្ងៃ​ពី​ពលរដ្ឋ​អាមេរិក​អស់​រាប់​ពាន់​លាន​ដុល្លារ។ លោក​បន្ត​ថា ការ​បិទ​ដំណើរការ​របស់​ក្រុមហ៊ុន ហួយវ័ន គ្រុប មិន​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក គឺ​ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគេ​អាច​លាង​លុយ​កខ្វក់​បន្ត​ទៀត។

លោក ហ៊ុន តូ ដែល​ជា​បង​ជីដូនមួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​ជា​ប្រធាន​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដែល​ជា​ក្រុមហ៊ុន​បុត្តសម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន ហួយវ័ន គ្រុប។

អ្នកនាំពាក្យ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​អ៊ីម៉ែល (Email) កាល​ពី​ខែ​មីនា​ថា ធនាគារ​ជាតិ​បាន​ដកហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ហួយវ័ន ផេ ស្របពេល​មាន​ការ​ចោទប្រកាន់​ថា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​លាង​លុយ​កខ្វក់​ឱ្យ​ក្រុម​សង្គម​ងងឹត។

កាល​ពី​ខែ​មីនា សារព័ត៌មាន​អាមេរិក ញូវ យ៉ក ថាមស៍ (New York Times) បាន​ចេញ​ផ្សាយ​ការ​ស៊ើបអង្កេត​មួយ​ដោយ​រកឃើញ​ថា បណ្ដា​ក្រុមហ៊ុន​បុត្តសម្ព័ន្ធ​របស់​ក្រុមហ៊ុន ហួយវ័ន គ្រុប គឺ​ជា​មជ្ឈមណ្ឌល​នៃ​បណ្ដាញ​លាង​លុយ​កខ្វក់​ជា​សកល​មួយ ដែល​ក្រុម​ឆបោក​តាម​អនឡាញ បោកប្រាក់​ជន​រងគ្រោះ​តាមរយៈ​ការ​វិនិយោគ​ក្លែងក្លាយ តែងតែ​ពឹងពាក់​បណ្ដា​ក្រុមហ៊ុន​បុត្តសម្ព័ន្ធ​របស់​ក្រុមហ៊ុន ហួយវ័ន គ្រុប សម្រាប់​ផ្ទេរ​លុយ​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ផ្លូវ​ច្បាប់៕

សូមរង់ចាំទស្សនារឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។