ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យដឹងថា កម្ពុជា-ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណន ដែលមានទំហំទឹកប្រាក់ជាង ១ពាន់ ១រយ (១.១៥៦) លានដុល្លារ។ គម្រោងព្រែកជីកហ្វូណន មានទំហំទឹកប្រាក់ ១ពាន់ ៧រយ (១.៧០០) លានដុល្លារ។ ភាគីកម្ពុជាវិនិយោគចំនួន ៥១ភាគរយ និងភាគីក្រុមហ៊ុនចិន (CRBC) ចំនួន ៤៩ភាគរយ។
ទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត ចុះផ្សាយនៅថ្ងៃទី១៨មេសាថា លោកបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company–CCCC) លោក វ៉ាង តុងចូវ (Wang Tong Zhou) នៅវិមានសន្ដិភាព ដើម្បីជជែកដំណើរការសាងសង់ព្រែកជីកព្រែកណនតេជោ។
លោក វ៉ាង តុងចូវ ប្រាប់លោក ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (China Road and Bridge Corporation-CRBC) ជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុនសំណង់គមនាគមន៍ចិន ជាអ្នកទទួលបន្ទុកសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមការគ្រោងទុក។
ជំនួបនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសំណង់គមនាគមន៍ចិន ឈានដល់ការចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗជាមួយភាគីកម្ពុជា កាលពីថ្ងៃទី១៧មេសា។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា ភាគីកម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន០៥ ក្នុងភាពជាដៃគូរដ្ឋនិងឯកជន ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ឬគម្រោងព្រែកជីកហ្វូណនតេជោ។ កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង០៥ ដែលបានចុះហត្ថលេខានោះ រួមមាន កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន កិច្ចព្រមព្រៀងវិនិយោគ កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និងកិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។
អ្នកអត្ថាធិប្បាយបញ្ហានយោបាយលោក គឹម សុខ មើលឃើញថា រដ្ឋាភិបាលត្រកូល «ហ៊ុន» បានព្យាយាមឱ្យចិនជួយជីកព្រែកហ្វូណន ឱ្យបានចប់មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៨ នៅក្នុងឆ្នាំ២០២៨ខាងមុខនេះ ទោះគម្រោងនេះ ត្រូវធ្វើឡើងទាំងត្រដាបត្រដួសដោយសារខ្វះថវិកា អំឡុងពេលកម្ពុជា និងចិនកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចដូចគ្នាយ៉ាងណាក្ដី។
គោលដៅរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ដែលមានផែនការប្រឹងជីកព្រែកឱ្យចប់ មុនការបោះឆ្នោតនៅឆ្នាំ២០២៨ គឺដោយសារពួកគេចង់យកព្រែកជីកនេះ ទៅបង្ហាញប្រជាពលរដ្ឋថាជាសមិទ្ធផលធំ ក្រោមការដឹកនាំអាណត្តិទី១របស់លោក ហ៊ុន ម៉ាណែត។ ពីព្រោះ បើអត់មានសមិទ្ធផលព្រែកជីកហ្វូណនទេ លោក ហ៊ុន ម៉ាណែត អត់មានសមិទ្ធផលអ្វីសំខាន់សោះឡើយ ហើយរឿងដែលសំខាន់បំផុត គឺមានតែការធ្លាក់ចុះសេដ្ឋកិច្ច វិបត្តិសង្គម វិបត្តិនយោបាយ វិបត្តិក្រីក្រ វិបត្តិវ័ណ្ឌកបំណុលរបស់ប្រជាពលរដ្ឋ ដែលគ្មានអ្វីឃោសនាប្រាប់ប្រជាពលរដ្ឋឡើយ។
— លោក គឹម សុខ
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ នៅពេលជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន កាលពីថ្ងៃទី១៧មេសា។ ប្រធានាធិបតីចិនបានធ្វើដំណើរចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៨មេសា ក្រោយពីបញ្ចប់បេសសកម្មបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅប្រទេសចំនួន៣ក្នុងតំបន់អាស៊ាន គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជា។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា មើលឃើញដែរថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នេះ ទំនងជាការអនុវត្តតាមយុទ្ធសាស្ដ្រវាយលុកក្ដោបយកសេដ្ឋកិច្ចពិភពលោកនិងតំបន់ និងភូមិសាស្រ្ដនយោបាយ ស្របពេលសហរដ្ឋអាមេរិកហាក់ងាកចេញក្នុងនាមជាអ្នករៀបចំសណ្ដាប់ធ្នាប់ពិភពលោក និងដំឡើងពន្ធលើបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។
ក្រោយពីលោក ស៊ី ជីនពីង បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា រដ្ឋាភិបាលកម្ពុជានិងចិនក៏បានសេចក្ដីថ្លែងការណ៍ ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកល គំនិតផ្ដួចផ្ដើមសន្ដិសុខសកល និងគំនិតផ្ដួចផ្ដើមអរិយធម៌សកល ខណៈភាគីទាំងពីរបញ្ជាក់ជាថ្មីពីមិត្តភាពដែកថែប ដែលជឿទុកចិត្តនិងគាំទ្រគ្នាគ្រប់កាលៈទេសៈ៕