កម្ពុជាបញ្ជូនជនជាតិតៃវ៉ាន់ជិត២០០នាក់ទៅចិនដីគោក ទោះមានការប្រឆាំងពីភាគីតៃវ៉ាន់

រដ្ឋាភិបាលកម្ពុជាបញ្ជូនជនសង្ស័យឆបោកតាមអនឡាញ ជាជនជាតិចិនតៃវ៉ាន់ជិត២០០នាក់ (១៨០នាក់) ទៅកាន់ចិនដីគោក បើទោះជាក្រសួងការបរទេសកោះតៃវ៉ាន់ស្នើឱ្យបញ្ជូនពួកគេទៅកោះតៃវ៉ាន់វិញក្ដី។

ក្រសួង​ការបរទេស​កោះតៃវ៉ាន់ ខកចិត្ត និងប្រកាស​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បញ្ជូន​ជនជាតិ​តៃវ៉ាន់ ទៅ​ចិន​ដី​គោក។ ក្រសួង​ការបរទេស​តៃវ៉ាន់​លើកឡើង​កាល​ពី​ថ្ងៃ​ទី​១៤ មេសា ថា បន្ទាប់​ពីទទួល​បាន​ដំណឹង​ការ​ចាប់​ខ្លួន​ជនជាតិ​តៃវ៉ាន់ ការិយាល័យ​តំណាង​រដ្ឋាភិបាល​តៃវ៉ាន់​នៅ​ក្នុង​ទីក្រុង ហូជីមិញ ប្រទេស​វៀតណាម បាន​ចរចា​ជាមូយ​អាជ្ញាធរ​កម្ពុជា ស្នើសុំ​បញ្ជី​ឈ្មោះ និង​ស្នើសុំ​បញ្ជូន​ជនជាតិ​តៃវ៉ាន់​ទាំង​នោះ ទៅ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​នៅ​កោះតៃវ៉ាន់។

ក្រសួង​ការបរទេស​កោះតៃវ៉ាន់​ បន្ត​ថា អាជ្ញាធរ​អាជ្ញាធរ​កម្ពុជា​មិន​បាន​ឆ្លើយតប​តាម​ការ​ស្នើ​សុំ​ខ្លួន​ទេ​ ថែម​ទាំង​បាន​បញ្ជូន​ក្រុម​ជន​សង្ស័យ​ជនជាតិ​តៃវ៉ាន់ រួម​ទាំង​ជនជាតិ​ចិន​ដី​គោក​ជិត​២០០​នាក់ ទាំង​បង្ខំ​ទៅ​ឱ្យ​អាជ្ញាធរ​ចិន​ដីគោក ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ និង​ព្រឹក​ថ្ងៃ​ចន្ទ។ ក្រសួង​ការបរទេស​ តៃវ៉ាន់​ចោទ​ប្រកាន់​ថា ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​គឺ​ស្ថិត​ក្រោម​សម្ពាធ​ពី​រដ្ឋាភិបាល​ចិន​កុម្មុយនិស្ត។

ឆ្លើយ​តប​ការ​ចោទប្រកាន់​នេះ ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា បាន​ចេញ​សេចក្ដី​បំភ្លឺ​ថា ជនជាតិ​តៃវ៉ាន់​ទាំង​នោះ ជា​ឧក្រិដ្ឋជន មិនមែន​ជន​ស្លូតត្រង់​ឡើយ ហើយ​ការ​ចាប់​បញ្ជូន​ពួកគេ​ទៅ​ចិន​ដីគោក​ ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ស្រប​តាម​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​រដ្ឋាភិបាល​ចិន​ដី​គោក។ ក្រសួង​ការបរទេស​បន្ថែម​ថា កម្ពុជា​ក៏​មិន​បាន​ធ្វើ​ខុស​ពី​ការ​អនុវត្ត​ដូច​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ដែល​ប្រកាន់​គោលនយោបាយ​ចិន​តែ​មួយ​។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា ការ​សម្រេច​ចិត្ត​របស់​កម្ពុជា ត្បិត​តែ​ឈរ​​លើគោលជំហរ​នយោបាយ​ចិន​តែ​មួយក្តី ប៉ុន្តែ​លោក​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា គួរគោរព​សិទ្ធិ​សម្រេច​ចិត្ត​របស់​ជនសង្ស័យ​ទាំងនោះ។ លោក​បន្ត​ថា ការបញ្ជូន​ពួកគេ​ទៅ​ចិន​ដីគោក នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស។

យើង​អាច​បញ្ជូន​ទៅ​ប្រទេស​តៃវ៉ាន់​វិញ​ជា​ការ​គោរព​សិទ្ធិ​មាតុភូមិ​កំណើត។ បញ្ហា​ហ្នឹង​(​ការ​បញ្ជូន​ជនជាតិ​តៃវ៉ាន់​ទៅ​ចិន​ដី​គោក)​ ​ធ្វើ​ឱ្យ​ជំពាក់​កាន់តែខ្លាំង​ណា ជំពាក់​បញ្ហា​សិទ្ធិមនុស្ស​ផង និង​បញ្ហា​សុខទុក្ខ​ជនជាតិ​ត្រូវ​ចោទ​ផងណា។

—  លោក រស់ សុដ្ឋា

ជនជាតិ​តៃវ៉ាន់​ ចំនួន​១៨០ នាក់ និង​ជនជាតិ​ចិន​ដីគោក​ចំនួន ​៧នាក់​ត្រូវបាន​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​ កាល​ពី​ថ្ងៃទី៣១ ខែមីនា ក្នុង​ប្រតិបត្តិការ​ចូល​ឆ្មក់​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​មួយ​កន្លែង ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

កម្ពុជា​បាន​ក្លាយ​ជា​ទីតាំង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​ចាប់​បង្ខាំង​មនុស្ស។ ជន​រងគ្រោះ​មួយ​ចំនួន​មក​ពី​កោះ​តៃវ៉ាន់ មីយ៉ាន់ម៉ា និង​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​ទៀត។ ពួកគេ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​បោក​បញ្ឆោត​តាមរយៈ​ការ​ផ្ដល់​ការងារ​ក្លែងក្លាយ ដើម្បី​ឱ្យ​មក​ធ្វើ​ការងារ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា៕