មន្ត្រីបក្សប្រឆាំងថា ភាពចង្អៀតណែន និងអាហារខ្វះជីវជាតិធ្វើឱ្យជាប់ឃុំស្គមស្គាំង

មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងលើកឡើងថា ភាពចង្អៀតណែននិងអាហារហូបចុកមិនគ្រប់គ្រាន់ក្នុងពន្ធនាគារជាកត្តាធ្វើឱ្យជនជាប់ឃុំស្គមស្លេកស្លាំង ហើយស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះជាបន្ទាន់។ ការលើកនេះធ្វើឡើងបន្ទាប់ពីអតីតសកម្មជនបក្សប្រឆាំងម្នាក់ស្គមស្គាំងខុសប្រក្រតី ក្រោយពីជាប់ឃុំអស់រយៈពេលជិត១ឆ្នាំ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក យិន ម៉េងលី ​​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៦​កក្កដា​ថា ​ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់ ហើយ​គ្មាន​ជីវជាតិ​ ភាព​ចង្អៀត​ណែន និង​បរិស្ថាន​ក្នុង​ពន្ធនាគារ​ ជា​បញ្ហា​ចម្បង​ធ្វើ​ឱ្យ​ជន​ជាប់​ឃុំ​ស្គមស្គាំង។ លោក​ថា​ ករណី​នេះ​បាន​ប៉ះពាល់​ដល់​សុខភាព​ជន​ជាប់​ឃុំ​និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រញាប់​ដោះស្រាយ​បញ្ហា​​។

អ៊ីចឹង ​គាត់​បាត់បង់​តែ​សិទ្ធិមនុស្ស​ចំនួន​ទេ​ ប៉ុន្តែ​ភាព​ជា​មនុស្ស​របស់​គាត់​នៅ​ដដែល​។ អ៊ីចឹង​មនុស្ស​ត្រូវ​អី​ខ្លះ​ដើម្បី​ឱ្យ​បាន​រស់​នៅ​ភាព​មួយ​សមរម្យ​ អ៊ីចឹង​ម្ហូប​អាហារ​​ហូប​ចុក​គ្រប់គ្រាន់​មាន​ជីវជាតិ​ កន្លែង​ស្នាក់​នៅ​ឱ្យ​បាន​ស្អាត​ល្អ​សមរម្យ ការ​ដេក​សមរម្យ​ឱ្យ​បាន​ស្រួល​ ព្រោះ​គាត់​ជា​មនុស្ស​។ ​នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ ដែល​ទទួល​ខុស​ត្រូវ។

—  លោក យិន ម៉េងលី

កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កក្កដា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ចែកចាយ​រូបថត​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ប៉ែន ច័ន្ទសង្គ្រាម ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​មាន​រាង​កាយ​ស្គមស្គាំង​ចេញ​ឆ្អឹងជំនី​ខុស​ពីមុន​ពេល​ដែល​គាត់​ជាប់​ពន្ធនាគារ។ អ្នក​ខ្លះ​បាន​​បញ្ចេញ​មតិ​បង្ហាញ​ការ​អាណិតអាសូរ លោក ប៉ែន ច័ន្ទ​សង្គ្រាម​ ដែល​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​។

ជុំ​វិញ​រឿង​នេះ លោក ប៉ែន ច័ន្ទ​សង្គ្រាម​ បាន​​បក​ស្រាយ​​នៅ​ក្នុង​ហ្វេសប៊ុក​​ដោយ​សម្ដែង​ការ​មិន​ពេញ​​ចិត្ត​​ចំពោះ​ការ​យក​រូប​ថត​របស់​គាត់​មក​បង្ហោះ​ក្នុង​ហ្វេសប៊ុក​នោះ​ទេ​។

អ៊ីចឹង ​ហើយ​ការ​យក​រូប​ភាព​របស់​ខ្ញុំ​ទៅ​បង្ហោះ​ហើយ​បក​ស្រាយ​ខុស​ពី​ការ​ពិត​ដើម្បី​ចង់​កេង​ចំណេញ​នយោបាយ​ឬ​បម្រើ​មហិច្ឆតា​របស់​ខ្លួន​។​ដូច្នេះ​សុំ​បញ្ឈប់​ជា​បន្ទាន់​ ហើយ​ខ្ញុំ​នឹង​ធ្វើ​ការ​បក​ស្រាយ​លំអិត​រយៈ​ពេល​៣​ថ្ងៃ​ទៀត​។

—  លោក ប៉ែន ច័ន្ទ​សង្គ្រាម

ប្រធាន​ពន្ធនាគារ​ព្រៃស​ លោក នុត សាវនា បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​​ដោយ​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ថា ជា​រឿង​មិន​ពិត​។ ​លោក​បញ្ជាក់​ថា មន្ត្រី​ពន្ធនាគារ​បាន​ផ្ដល់​អាហារ​ហូប​ចុក​មាន​ជីវជាតិ​គ្រប់គ្រាន់​ដល់​ជន​ជាប់​ឃុំ​ គឺ​មិន​ពុំ​មាន​ការ​ខ្វះខាត​ឡើយ។

គ្រាន់​តែ​ស្រែក​ថា​ខ្វះ​ហ្នឹង​រៀប​ចំ​ឱ្យ​គាត់​បន្ថែម យក​បាយ​យក​សម្ល​យក​ម្ហូប​ទៅ​បន្ថែម។​អាគារ​ណា​បន្ទាប់​ណា​ដែល​ខ្វះ​យើង​អត់​ដែល​ទុក​គាត់​ចោល​ទេ​ឱ្យ​តែ​ស្រែក​មក​។ អីចឹង​កុំ​យក​តែ​មួយ​ករណី​ហ្នឹង​ ដែល​មិន​ដឹង​ថា​មូលហេតុ​អី​​បាន​ស្គមស្គាំង​ ជួន​កាល​គាត់​មាន​ជំងឺ​​របេង​ឬ​ជំងឺ​អី​ផ្សេង​ប្រចាំ​កាយ​ ពី​មុន​មក​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន។

—  លោក នុត សវនា

ទោះ​ជា​យ៉ាង​ណា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ដែល​មាន​បទពិសោធន៍​ជាប់​ពន្ធនាគារ​ច្រើន​លើក​ លោក រ៉ុង ឈុន​ បាន​មាន​ប្រសាសន៍​ថា អាហារ​ហូប​ចុក​នៅ​ពន្ធនាគារ គ្មាន​ជីវជាតិ​គ្រប់គ្រាន់​និង​គ្មាន​រស់​ជាតិ​នោះ​ទេ។ លោក​ថា ជន​ជាប់​មួយ​ចំនួន​បាន​ចំណាយ​ប្រាក់​​ទិញ​អាហារ​ពី​ខាង​ក្រៅ​មក​ហូប​ចុក​​ដើម្បី​រស់​រាន។

យើង​មើល​រូប​មួយ​ស្លឹក​នេះ អាណោចអាធ័ម​ហើយ​​រដ្ឋ​ត្រូវ​តែ​​ធ្វើ​ការ​កែ​លំអ​នៅ​ក្នុង​ពន្ធនាគារ​ធ្វើ​ម៉េច​ឱ្យ​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​។ ហើយ​អ្នក​សកម្មជន​នយោបាយ​និង​អ្នក​នយោបាយ​ហ្នឹង​ យើង​ឃើញ​ថា​ដាក់​ច្របូកច្របល់​ជា​មួយ​ឧក្រិដ្ឋជន​អ្នក​ជួញដូរ​ចែកចាយ​ប្រើប្រាស់​ថ្នាំ​ញៀន​អី​ សព្វ​បែប​យ៉ាង​ហ្នឹង​។

—  លោក រ៉ុង ឈុន

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​តែង​តែ​លើក​ឡើង​ពី​ក្ដី​កង្វល់​ពី​ភាព​ណែន​តាន់​តាប់​ក្នុង​ពន្ធនាគារ​ និង​បញ្ហា​លំបាក​ផ្សេងៗ​ ​ហើយ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​​បញ្ហា​នេះ​ ជា​បន្តបន្ទាប់​។

អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​លោក​ប៉ែន ច័ន្ទសង្គ្រាម​ និង មនុស្ស​៥​នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ឱ្យ​អាជ្ញាធរ​កម្ពុជា​កាល​ពី​នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។​

​​​​​​​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ពេល​ជិត​១​ឆ្នាំ​ ពី​បទ​«រួមគំនិតក្បត់» ពាក់ព័ន្ធ​សកម្មភាព​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម​(CLV-DTA)​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។