លោក សាត អូន បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ខែកក្កដាថា ប៉ូលិសថៃចាប់លោកយកទៅឃុំខ្លួននៅការិយាល័យប៉ូលិសមូលដ្ឋាននៅស្រុកឡាំលោកា (Lam Luk Ka )ខេត្ត បទុមថានី (Pathum Thani ) អស់រយៈពេលជាង១ម៉ោងទើបដោះលែងវិញ។
លោកបញ្ជាក់ថា បើទោះបីជាប៉ូលិសបានដោះលែងក៏ដោយក៏លោកនិងជនភៀសខ្លួនខ្មែរដទៃទៀតនៅតែមានការព្រួយបារម្ភពីសុវត្ថិភាព។
បើពលករគាត់មានបណ្ណការងារនៅតែគេចាប់ ហើយដល់ពេលយើងជាជនភៀសខ្លួនយើងមានតែកាតយូអិនមួយ ហើយធ្វើដំណើរទៅណាមកណាលំបាក គឺមើលគ្រប់ច្រកល្ហក គឺកន្លែងមានតម្រួតពួកខ្ញុំអត់ហ៊ានចេញទេ។ យើងគិតថា បើមានបញ្ហាអីគឺមានតែប្រឈមមុខជាប់គុកនៅស្រុកខ្មែរ យើងគិតអ៊ីចឹង។ ហើយរាល់ថ្ងៃនេះរស់ពិបាកនៅស្រុកថៃ ពីព្រោះយើងអត់មានជំនួយមានអ៊ីចឹងពេលខ្លួនខ្ញុំលួចទៅធ្វើការជួនកាលថ្ងៃខ្លះក៏បានថ្ងៃខ្លះក៏អត់ទៅ។
— លោក សាត អូន
លោក សាត អូត មានស្រុកកំណើតនៅរាជធានីភ្នំពេញ ត្រូវបានប៉ូលិសថៃចាប់ខ្លួនក្នុងពេលដំណើរកាលពីថ្ងៃទី៤ខែកក្កដា។ លោកបានភៀសខ្លួនទៅប្រទេសថៃអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃឆ្នាំ២០២៣ ដោយសារអាជ្ញាធរខ្មែរធ្វើទុក្ខបុកម្នេញរឿងគូសខ្វែងសន្លឹកឆ្នោតចោលនៅមណ្ឌលបោះឆ្នោត។
ចំណែកនៅតំបន់ព្រំដែនឯណោះវិញ ខណៈមានការបិទព្រំដែននៃប្រទេសកម្ពុជា-ថៃ អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរចំនួន១៥នាក់ អំឡុងពេលឆ្លងដែនខុសច្បាប់ត្រឡប់ទៅធ្វើការងារវិញនៅតំបន់ព្រំដែនស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីយប់ថ្ងៃទី៩ខែកក្កដា។
ហ្វេសប៊ុកទីបញ្ជាការទាហានថៃ បានចុះផ្សាយថា ពលករទាំងនោះបានលួចឆ្លងដែនបម្រុងចូលទៅធ្វើការនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ។ សមត្ថកិច្ចថៃបានបញ្ជូនពួកគាត់ទៅការិយាល័យប៉ូលិសនៅស្រុកអារញ្ញ ដើម្បីបន្តនីតិវិធីតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។