ក្រុមអង្គការសង្គមស៊ីវិលបន្តទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី

ក្រុមអង្គការសង្គមស៊ីវិលកំពុងធ្វើយុទ្ធនាការតាមបណ្ដាញសង្គមទាមទាររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងរម្លឹកខួប៩ឆ្នាំនៃឃាតកម្មលើអ្នកស្រាវជ្រាវសង្គមរូបនេះ។

អង្គការ​សង្គមស៊ីវិល​ និង​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ​កំពុង​ចាប់​ផ្ដើម​​ធ្វើ​យុទ្ធនាការ​​នៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុក ដូច​ជា​ដាក់ Profile Frame រូប​លោក​​បណ្ឌិត កែម ឡី បង្ហោះ​ឡើងវិញ​នូវ​វីដេអូផតខាសត៍​វីរភាព​លោក​បណ្ឌិត​កែម ឡី វីដេអូ​ស្តីពី​ជីវប្រវត្តិសង្ខេប​ ​តើ​លោក​បណ្ឌិត​កែម ឡី ជាអ្នកណា ជា​ដើម។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត បាន​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ក្រុម​អង្គការ​សង្គមស៊ីវិល​នៅតែ​ចងចាំ​វីរភាព​បណ្ឌិត កែម ឡី ដែល​ជា​ធនធាន​កម្រ​របស់​ជាតិ។ មន្ត្រី​សង្គមស៊ីវិល​រូប​នេះ នៅតែ​ទទូច​ទៅ​រដ្ឋាភិបាល​ និង​ស្ថាប័ន​តុលាការ​ ឱ្យស្វះស្វែង​រក​ឃាតករ​​ពិត​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី។

ជា​រឿងរាល់​ឆ្នាំ​យើង​តែងតែ​ប្រារព្ធ​ធ្វើ​នេះ គឺ​ថាយើង​មិន​បំភ្លេច​ទេ ​ដើម្បី​ឱ្យ​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ហ្នឹង​ទៅកាន់​សុគតិភព​ ហើយ​យើង​នៅ​ចងចាំ​នូវ​វីរភាព​របស់​លោក​ជា​និច្ច​ មិន​អាច​បំភ្លេច​បាន​ទេ​ ហើយ​ជាពិសេស​ប្រជាពលរដ្ឋ​ជា​ច្រើន​រួម​ទាំង​យុវជន​ផងដែរ។

—  លោក វណ្ណ សុផាត

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR បាន​រៀបចំ​ការ​ជួបជុំ​មួយ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី០៧ ខែ​កក្កដា ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាង​៤០​នាក់​។ វិធីរម្លឹក​ខួប​នេះ​មាន​ដូចជា ការ​រាប់បាត្រ បង្សុកូល និង​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិសកុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី និងវីរៈជនមួយចំនួនទៀត ដែល​បាត់បង់​ជីវិត​ដោយសារ​បុព្វហេតុ​នៃ​កិច្ច​ការពារ​បរិស្ថាន សិទ្ធិការងារ និងយុត្តិធម៌សង្គម។ ក្រៅ​ពី​ធ្វើ​ពិធី​សាសនា​ ក៏​មាន​ការ​ជជែក​ពិភាក្សា​ និង​​ការ​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ផង​ដែរ។ ​

បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បា​ញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា ឆ្នាំ២០១៦ ក្នុង​ហាង​លក់​ទំនិញ​ស្តារម៉ាត (Star Mart) នៃ​​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ហេតុការណ៍​ឃាតកម្ម​នេះ កើត​ឡើង​រយៈពេល​ពីរ​ថ្ងៃ ក្រោយ​ពេល​បណ្ឌិត កែម ឡី ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ ជជែក​អំពី​ទ្រព្យ​សម្បត្តិ​មហាសាល និង​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​ច្រើន​រាប់​មិន​អស់​​របស់​គ្រួសារ​លោក ហ៊ុន សែន នៅ​កម្ពុជា ដែល​​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​រក​ឃើញ។

រយៈពេល​៩​ឆ្នាំ​មក​នេះ តុលាការ​បាន​រក​ឃើញ​ឃាតករ​តែម្នាក់​ប៉ុណ្ណោះ​ឈ្មោះ​ អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់​ និង​បាន​​កាត់ទោស​ឱ្យ​ជន​រូបនេះឱ្យ​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ទោះ​យ៉ាងណា សាច់ញាតិ និង​អ្នក​ឃ្លាំមើល​ រិះគន់​ថា ជួប សម្លាប់ ​ជា​ឃាតករ​ក្លែងក្លាយ ហើយ​ចម្លើយ​សារភាព​របស់​ ជួប សម្លាប់ លោក បណ្ឌិត កែម ឡី ជំពាក់លុយរបស់ខ្លួន៣ពាន់ដុល្លារ ក៏​មិន​អាច​ទុក​ចិត្ត​បាន​ដែរ។

​​វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង ​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ទេ​នៅ​ថ្ងៃទី០៨ ខែ​កក្កដា។

អ្នកនាំពាក្យ​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី បាន​លើកឡើង​ថា បើទោះបីជា​ក្រុម​អង្គការ​សង្គមស៊ីវិល មាន​សង្ឃឹម​តិចតួច​​ថា​ នឹង​អាច​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ​ក្ដី ប៉ុន្តែ​​ពួកគាត់​មិន​​លះបង់​ក្ដី​សង្ឃឹម​នេះ​ឡើយ។

ការ​សម្លាប់​ហ្នឹង​មិន​ពាក់ព័ន្ធ​រឿង​ខ្ចី​លុយ​ពីរ​បី​ពាន់​(ដុល្លារ)​ហ្នឹង​ទេ។ យើង​យល់​ថា បញ្ហា​នេះ គឺ​មាន​បញ្ហា​ផ្សេង​ក្រៅពី​បញ្ហា​ថវិកា អ៊ីចឹង​ហើយ​បាន​សង្គមស៊ីវិល​នៅតែ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។

—  លោក យិន ម៉េងលី

ក្រុម​អ្នកការពារសិទ្ធិមនុស្ស​គ្រោង​ទៅ​ជួបជុំ​គ្នា​​នៅ​ស្តុបបូកគោ​ កន្លែង​ឃាតករ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដើម្បី​ប្រារព្ធ​ពិធី​សែន​ព្រេន​បែប​ប្រពៃណី ​​ដាក់​ផ្កា​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​១០ ខែ​កក្កដា ខាង​មុខ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។