ប្រពន្ធលោក អ៊ុក ម៉ៅ ថា ការចោទប្រកាន់លើប្ដីជារឿងអយុត្តិធម៌

ប្រពន្ធអ្នកការពារព្រៃឈើលោក អ៊ុក ម៉ៅ បានអះអាងថា ប្ដីលោកស្រី មិនបានប្រព្រឹត្តិខុសដូចតុលាការចោទប្រកាន់ឡើយ។ លោកស្រីបានរិះគន់ថា ការចោទប្រកាន់លើប្ដីពីបទញុះញង់និងបទបរិហារកេរ្តិ៍គឺជាអំពើអយុត្តិធម៌។

មន្ត្រី​សង្គមស៊ីវិល បាន​លើកឡើង​ថា ការ​ឃុំ​ខ្លួន និង​ការ​ចោទប្រកាន់​លើ​លោក អ៊ុក ម៉ៅ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ និង​ជា​ការ​គំរាមកំហែង​លើ​ពលរដ្ឋ ឬ​សារព័ត៌មាន​ផ្សេង​ទៀត ធ្វើ​ឱ្យ​ពួកគេ​លែង​ហ៊ាន​ការពារ​ព្រៃឈើ ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី បាន​ឱ្យ​ដឹងថា មន្ត្រី​របស់​លោក​បាន​ទៅ​តាមដាន​ដំណើរ​រឿង​នេះ នៅ​តុលាការ​ខេត្តស្ទឹងត្រែង។ លោក​រិះគន់​ថា ការ​យក​បទ​ចោទ​ញុះញង់ និង​បទ​បរិហារកេរ្តិ៍ មក​ចោទប្រកាន់​លើ​លោក អ៊ុក ម៉ៅ ជា​ការ​ដាក់​បន្ទុក​ធ្ងន់ធ្ងរ។ លោក​ទទូច​ទៅ​តុលាការ​ពិចារណា ទម្លាក់​បទ​ចោទ​ទាំង​នេះ និង​ដោះលែង​លោក អ៊ុក ម៉ៅ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

យើង (​តុលាការ​) យក​បទ​ញុះញង់​មក​អនុវត្ត​លើ​អ្នក​សារព័ត៌មាន​ចុះ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ដែល​គេ​និយាយ​ឱ្យ​មាន​ការ​កែតម្រូវ​តើ​សម្រាប់​អនុវត្ត​ទៅ​លើ​អ្នកណា? នេះ​ជា​បញ្ហា​មួយ។ បញ្ហា​មួយ​ទៀត ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញ​មតិ​អ៊ីចឹង អ្វីៗ ដែល​គាត់​បាន​និយាយ​ហ្នឹង​គឺ​គាត់​បាន​បង្ហាញ​ភស្តុតាង​អស់​ហើយ ពី​ការ​បំផ្លាញ​ព្រៃឈើ អ៊ីចឹង​គប្បី​តែ​ធ្វើ​ការ​សហការ​ជាមួយ​គាត់ (លោក អ៊ុក ម៉ៅ)។

—  លោក យិន ម៉េងលី

សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​បាន​ចូល​ចាប់​លោក អ៊ុក ម៉ៅ ដល់​ក្នុង​ផ្ទះ​ទាំង​គ្មាន​សម្លៀកបំពាក់​សមរម្យ និង​មិន​បាន​បង្ហាញ​ដីកា​ហើយ​បញ្ជូន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​និង​បទ​បរិហារកេរ្តិ៍​នេះ ធ្វើ​ឱ្យ​លោក អ៊ុក ម៉ៅ ប្រឈម​ជាប់​ពន្ធនាគារ​ពី​៦ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជាប្រាក់​មួយ​ចំនួន​ទៀត។

ប្រធាន​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (Camboja) លោក ណុប វី បាន​សង្កេត​ឃើញ​ថា អ្វី​ដែល​លោក អ៊ុក ម៉ៅ បាន​ធ្វើ​កន្លង​មក​មិន​មែន​ជា​បទល្មើស​ដូច​ការ​ចោទប្រកាន់​ឡើយ។ លោក​បន្ត​ថា ចំណាត់ការ​របស់​តុលាការ​ពេល​នេះ ជា​ការ​គំរាមកំហែង និង​ជា​ការ​រារាំង​លើ​ការ​បំពេញ​ការងារ​របស់​អ្នកសារព័ត៌មាន។

ខ្ញុំ​គិត​ថា អ្វី​ដែល​ជា​ការ​ប្ដឹង​ការ​ចោទ​ប្រកាន់​នេះ សម្រាប់​ខ្ញុំ​អ្វី​ដែល​លោក អ៊ុក ម៉ៅ បាន​ធ្វើ​មិន​មែន​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​គាត់​ទេ គឺ​ដើម្បី​ផលប្រយោជន៍​រួម​ដើម្បី​ធនធាន​ធម្មជាតិ​ទេ ដូច្នេះ​ការ​ចោទប្រកាន់​នេះ វា​អយុត្តិធម៌​សម្រាប់​គាត់​ណាស់​។

—  លោក ណុប វី

លោក អ៊ុក ម៉ៅ អាយុ​៤៩​ឆ្នាំ តែងតែ​ចុះ​ល្បាត​ព្រៃឈើ ផ្សព្វផ្សាយ​ពី​ការ​បំផ្លាញព្រៃ និង​លាតត្រដាង​ថា មន្ត្រី​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង​យក​លុយ​ពី​ក្រុម​ឈ្មួញ​ជួញដូរ​ព្រៃឈើ។ លោក គឺ​ជា​សកម្មជន​ការពារ​ព្រៃឈើ ជា​អ្នកសារព័ត៍មាន “ឥន្ទ្រីផ្លាសញ៊ូ” និង​ក៏​ជាមន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា ដើម្បី​កម្ពុជា។

ប្រពន្ធ​លោក អ៊ុក ម៉ៅ លោកស្រី ឯក សុជាតិ ប្រាប់​ថា លោកស្រី​មិន​ទាន់​បាន​ជួប​ប្ដី​នៅ​ឡើយ​ទេ តាំង​ពី​ថ្ងៃ​សមត្ថកិច្ច​ចាប់​ខ្លួន​ប្ដី​លោកស្រី​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ លោកស្រី​បាន​រិះគន់​ថា ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​លើ​ប្ដី​លោកស្រី​ជា​អំពើ​អយុត្តិធម៌។

រយៈពេល​តាំង​ពី​ថ្ងៃ​១៦ រហូត​មក​ដល់​ថ្ងៃ​នេះ (​ថ្ងៃ​ទី​២០ ខែ​ឧសភា) គឺ​អត់​ទាន់​បាន​ជួប​ទេ លោកគ្រូ។ ថ្ងៃ​ហ្នឹង​ខ្ញុំ​មក​អង្គុយ​នៅ​មុខ​តុលាការ​តាំង​ពី​ម្សិលមិញ​រហូត​ដល់​ថ្ងៃ​នេះ ក៏​អត់​បាន​ជួប​ទៀត គេ​ថា រយៈពេល​ពី​កន្លះ​ខែ ទៅ​មួយ​ខែ។

—  លោកស្រី ឯក សុជាតិ

លោកស្រី ឯក សុជាតិ នឹង​ត្រូវ​ចិញ្ចឹម​កូន​៧​នាក់​តែ​ម្នាក់​ឯង នៅ​ពេល​ប្ដី​ជាប់​ពន្ធនាគារ។

ក្រៅ​ពី​បទចោទ​ទាំង​ពីរ​នេះ តុលាការ​ក៏​បើក​សវនាការ​លើ​សំណុំ​រឿង​មួយ​ទៀត​គឺ​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ខាង​មុខ​នេះ។ លោក អ៊ុក ម៉ៅ ក៏​កំពុង​ជាប់​បណ្ដឹង ចំនួន​១៥​ករណី​ផ្សេង​ទៀត​នៅ​តុលាការ​ខេត្ត​ស្ទឹងត្រែង ដោយ​ដើម​បណ្ដឹង​ជា​មន្ត្រី​បរិស្ថាន នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង និង​អាជ្ញាធរ​ពាក់ព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។