សង្គមស៊ីវិលថា អំពើជួញដូរមនុស្សនឹងមិនថមថយ បើមេខ្លោងធំៗមិនត្រូវបង្ក្រាប

ក្នុងរយៈពេលជិត៤ខែ ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរចំនួន៩៨នាក់ ក្នុងនោះស្រ្ដីមានចំនួន៩៧នាក់ ត្រូវអាជ្ញាធរចិនបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីត្រូវបានគេជួញដូរទៅឱ្យរៀបការប្ដីទាំងបង្ខំនៅប្រទេសចិន។ សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបង្ក្រាបលើក្រុមឧក្រិដ្ឋជនដែលជាមេខ្លោងធំៗ នៃអំពើជួញដូរមនុស្ស ទើបអាចធ្វើឱ្យបទល្មើសថយចុះ។

សេចក្ដី​បំភ្លឺ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២​មេសា ស្ដី​ពី​វិធានការ​ប្រឆាំង​ការ​លួងលោម​ស្ដ្រី​ខ្មែរ​ឱ្យ​រៀបការ​ប្ដី​នៅ​ក្រៅ​ប្រទេស ឬ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ លើកឡើង​ថា នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ សមត្ថកិច្ច​អន្តោប្រវេសន៍​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​នានា ក៏​ទប់ស្កាត់​បាន​អ្នក​ដំណើរ​១០៧​នាក់ ដែល​មាន​ស្រ្ដី​៨២​នាក់ ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ​ចំនួន​៩៣​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួយដូរ​មនុស្ស។

ជន​រងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​គ្រួសារ​វិញ និង​ខ្លះ​ប្រគល់​ទៅ​ឱ្យ​នាយកដ្ឋាន​គាំពារ​ជន​រងគ្រោះ និង​គាំពារ​អនីតិជន នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា និង​មន្ទីរ​សង្គម​កិច្ច​នៅ​ខេត្ត​ស្វាយរៀង។ ចំណែក​អ្នក​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ប្រគល់​ទៅ​ស្នងការ​ខេត្ត និង​អគ្គ​ស្នងការ​នគរបាល​ជាតិ ដើម្បី​ស្រាវជ្រាវ​និង​អនុវត្ត​នីតិវិធី​បន្ត។

ជុំវិញ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ប្រាប់​អាស៊ីសេរី​ថា ករណី​នេះ​អាច​ជាលើក​ទី​១ ដែល​អាជ្ញាធរ​ចិន​បាន​បញ្ជូន​ស្ដ្រី​ខ្មែរ​ក្នុង​ទ្រង់ទ្រាយ​ធំ​ត្រឡប់​មក​មក្ពុជា​វិញ ព្រោះ​កន្លង​មក អាជ្ញាធរ​ចិន​តែង​លាក់បាំង​ព័ត៌មាន​ដែល​ស្ដ្រី​ខ្មែរ​ត្រូវ​គេ​ជួញដូរ​ទៅ​ប្រទេស​ចិន។

លោក​បន្ត​ថា បញ្ហា​ជួញដូរ​មនុស្ស​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស មិន​បាន​ថមថយ​នោះ​ទេ ជាពិសេស​ស្ថិត​ក្នុង​ពេល​ពិភពលោក​កំពុង​ប្រឈម​វិបត្តិ​សង្គ្រាម​សេដ្ឋកិច្ច​របស់​អាមេរិក និង​ចិន និង​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ប្រទេស​មួយ​ចំនួន គឺ​ជា​ឱកាស​ក្រុម​ជនល្មើស​ឆ្លៀត​ធ្វើ​សកម្មភាព​កាន់​តែ​ខ្លាំង។ លោក មឿន តុលា បន្ត​ថា ក្រុម​ជន​រងគ្រោះ​ខ្លះ​បញ្ជាក់​ថា អំពើ​ជួញដួរ​មនុស្ស ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មួយ​ចំនួន​ដែរ។

ជនល្មើស​ក៏​មាន​គ្នា​ជា​ប្រព័ន្ធ​ដែរ អ៊ីចឹង ការ​ចាប់​ជនល្មើស ចំណាត់ការ​លើ​ជនល្មើស នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ យើង​ចាប់ (​ជនល្មើស​) បាន​តែ​តូចតាច ដោយឡែក​មេ​ខ្លោង​ធំ អត់​ទាន់​បាន។ ដល់​ពេល​អត់​ទាន់​បាន វា​ធ្វើ​ឱ្យ​ករណី​ជួញដូរ កាន់​តែ​អាក្រក់​ទៅ​ៗ។

—  លោក មឿន តុលា

ស្ដ្រី​ដែល​ធ្លាប់​រងគ្រោះ​ពី​ការ​ជួញដូរ​ទៅ​លក់​ដើម្បី​បង្ខំ​ឱ្យ​រៀបការ​ប្ដី​នៅ​ប្រទេស​ចិន កាល​ពី​៦​ឆ្នាំ​មុន ថ្លែង​ប្រាប់​អាស៊ីសេរី​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ដោយសារ លោកស្រី​នៅ​វ័យក្មេង ម្ដាយ​ឈឺ ហើយ​ឪពុក​ទើប​តែ​ស្លាប់ និង​គ្រួសារ​ក្រីក្រ ទើប​ធ្វើ​ឱ្យ​លោកស្រី​មិន​អាច​គិត​វែងឆ្ងាយ ហើយ​ក៏​ឆាប់​ជឿ​តាម​ការ​លួងលោម​ពី​មេខ្យល់​ជា​ជនជាតិ​ខ្មែរ ដែល​បាន​សន្យា​ជួយ​នាំ​លោកស្រី​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ចិន ដែល​អាច​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​១​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។

ស្រ្ដី​វ័យ​ជិត​៤០​ឆ្នាំ​រូប​នេះ​បន្ត​ថា មេខ្យល់​បាន​នាំ​លោកស្រី និង​ស្ដ្រី​ខ្មែរ​ដ៏ទៀត​ទៀត ជិះ​រថយន្ត ធ្វើ​ដំណើរ​ពី​ខ្មែរ​ឆ្លង​ដែន​ចូល​ទឹក​ដី​វៀតណាម និង​បាន​ធ្វើ​ដំណើរ​អស់​រយៈពេល​៧​យប់​ដោយ​ឆ្លង​កាត់​តំបន់​ព្រៃភ្នំ ហើយ​កន្លែង​ខ្លះ​ត្រូវ​ប្ដូរ​ពី​ជិះ​រថយន្ត​មក​ជិះ​ម៉ូតូ​ដើម្បី​គេច​ពី​ប៉ូលិស ទើប​ទៅ​ដល់​ប្រទេស​ចិន។

លោកស្រី​បន្ថែម​ថា នៅ​ពេល​ឆ្លង​ដែន​ចូល​ដី​ចិន គឺ​មាន​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន​មួយ​គូ រង់ចាំ​ស្រាប់​ដោយ​ត្រៀម​រថយន្ត​សម្រាប់​ដឹក​លោកស្រី​ និង​ស្ដ្រី​ខ្មែរ​ម្នាក់​ទៀត ទៅ​ផ្ទេរ​ឱ្យ​រថយន្ត​ដឹក​បន្ត​ជាច្រើន​កន្លែង​ទៀត ទម្រាំ​ទៅ​ដល់​គ្រួសារ ដែល​គេ​បាន​លក់​លោកស្រី​ឱ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​មាន​សតិ​មិន​ល្អ។

ខ្ញុំ​ឆ្ងល់​ថា នាំ​យើង​ទៅ​ធ្វើការ ម៉េច​ក៏​រយ៉េរយ៉ៃ​ច្រើន​ម្ល៉េះ រត់​គេច​ប៉ូលិស​ធ្វើ​អី​ហ្នឹង ខ្ញុំ​ថា​អ៊ីចឹង។ ខ្ញុំ​ឆ្ងល់​ពីរ​នាក់​អាអ៊ី (ស្ដ្រី​រងគ្រោះ​ម្នាក់​ទៀត​ជិះ​ឡាន​ជាមួយ​គ្នា) ហើយ​ចេះ​តែ​ឆ្ងល់​តែ​ពីរ​នាក់ ប៉ុន្តែ​មិន​ដឹង​និយាយ​ជាមួយ​គេ​យ៉ាង​ម៉េច ព្រោះ​យើង​មិន​ចេះ​ចិន​ផង។ ពីរ​នាក់​គ្នា​ខ្ញុំ​ជជែក​គ្នា​ថា មក​ធ្វើ​ការ​នៅ​ចិន​សប្បាយ តែ​សប្បាយ​ស្អី ពិបាក​ជាង​នៅ​ខ្មែរ​ទៀត។…ខ្ញុំ​ថា ទ្រាំ​ទៅ គេ​ធ្វើ​ម៉េច​ធ្វើ​ទៅ ឱ្យ​តែ​គេ​យក​យើង​ទៅ​ធ្វើ​ការងារ ប៉ុន្តែ​ពិត​ប្រាកដ​មាន​ដឹង​ឯណា គេ​យក​យើង​ទៅ​លក់​អ៊ីចឹង​ណា ព្រោះ​យើង​នៅ​ក្មេង​រាង​ឆោត​ដែរ​។

—  ស្ដ្រីសុំមិនបញ្ចេញឈ្មោះ

ស្រ្ដី​រងគ្រោះ​រូប​នេះ​លើកឡើង​ទៀត​ថា ក្រោយ​ត្រូវ​បាន​បង្ខំ​ឱ្យ​រៀបការ​ប្ដី​ទី​១ និង​កើត​បាន​កូន​ស្រី​ម្នាក់ ឪពុកម្ដាយ​ក្មេក ក៏​បាន​ប្រើ​ហិង្សា និង​ជេរ​ស្ដី​ធ្វើ​បាប​ផ្លូវ​ចិត្ត បង្ខំ​ឱ្យ​លោកស្រី​ត្រូវ​ប្រញាប់​ពរ​ពោះ​ជាលើក​ទី​២ ដើម្បី​យក​កូន​ប្រុស ទាំង​ដែល​លោកស្រី​នៅ​ហើម​ដៃ​ហើម​ជើង និង​នៅ​ឈឺ​តាម​ថ្នេរ​ដែល​វះកាត់​ពី​ការ​សម្រាល​កូន​នៅ​ឡើយ។

លោកស្រី​បញ្ជាក់​ថា ក្រោយ​រួម​រស់​ជាមួយ​ប្ដី​ទី​១​បាន​៤​ឆ្នាំ លោកស្រី​ក៏​បាន​រត់​ចេញ​ពី​ផ្ទះ​ទៅ​ពឹង​បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត​ឱ្យ​ជួយ ហើយ​ក៏​បាន​រៀបការ​ជាមួយ​ប្ដី​ទី​២ និង​មាន​កូន​ប្រុស​ម្នាក់។ ប៉ុន្តែ​ក្រោយ​រួមរស់​ជាមួយ​គ្នា​បាន​មួយ​រយៈ ប្ដី​ទី​២ ក៏​ចាប់ផ្ដើម​ជេរស្ដី និង​វាយ​ធ្វើ​បាប​ច្របាច់​ក ហើយ​ម្ដងម្កាល ប៊ិះ​នឹង​ធ្វើ​ឱ្យ​លោកស្រី​បាត់បង់​ជីវិត។ ស្រ្ដី​រងគ្រោះ​ដដែល​នេះ​លើកឡើង​ថា ក្រោយ​នៅ​ជាមួយ​ប្ដី​ទី​២​បាន​រយៈពេល​២​ឆ្នាំ លោកស្រី​ក៏​បាន​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ ដើម្បី​ឱ្យ​ជួយ​សង្គ្រោះ​លោកស្រី​បាន​វិល​មក​កម្ពុជា។

អាប្ដី​ទី​១ វា​ពិបាក​ហើយ មក​យក​អាអ្នក​យើង​ត្រូវ​ចិត្ត​ដោយ​ខ្លួន​ឯង រឹត​តែ​ពិបាក​លើស​ហ្នឹង​ទៀត ខ្ញុំ​គិត​ថា អានេះ​កម្ម​ខ្ញុំ…។ បើ​ការងារ​នៅ​ស្រុក​ខ្មែរ​មាន​ច្រើន បាន​ប្រាក់​ខែ​គ្រាន់​បើ គ្នា​មិន​ចំណាក​ស្រុក​ទៅ​ដល់​ស្រុក​គេ​ទេ​បង។ បើ​ប្រាក់​ខែ​នៅ​ខ្មែរ​តិចតួច ដូច្នេះ​គ្នា​មិន​ទៅ​ស្រុក​គេ​។

—   ស្ដ្រីសុំមិនបញ្ចេញឈ្មោះ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្ដ្រី​ម្នាក់​ទៀត បាន​ឡាយ (live) វីដេអូ​តាម​ហ្វេសប៊ុក​ទាំង​ទឹក​ភ្នែក សុំ​កិច្ច​អន្តរាគមន៍​ទៅ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ឱ្យ​ជួយ​សង្គ្រោះ​នាង​ត្រឡប់​មក​ប្រទេសកម្ពុជា​វិញ។ នាង​បាន​អះអាង​ថា ត្រូវ​បាន​មេ​ខ្យល់​ជួញដូរ​ទៅ​លក់​ដើម្បី​បង្ខំ​ឱ្យ​រៀបការ​ប្ដី​នៅ​ប្រទេស​ចិន អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ។

ខ្ញុំ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​ចង់​ជួបជុំ​បង​របស់​ខ្ញុំ ខ្ញុំ​មាន​បន្ទុក​មួយ​ត្រូវ​ចិញ្ចឹម​បង​ខ្ញុំ​ដែល​ពិការ។ ខ្ញុំ​មាន​តែ​ម្រាម​ដៃ​ដប់ សុំ​សម្ដេច​តេជោ ហ៊ុន សែន ជួយ​ផង នៅ​នេះ គេ​ឃាត់​ខ្ញុំ គេ​មិន​ឱ្យ​ទៅ​ជួប​បងប្អូន​ខ្ញុំ​ទេ ជួយ​ខ្ញុំ​ផង។

—  ស្ដ្រីរងគ្រោះនិយាយក្នុងវីដេអូ

ចំណែក​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​រាយករណ៍​ដែរ​ថា ការ​ចេញ​វីដេអូ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ថ្នាក់​ដឹកនាំ​ពេល​នេះ ដោយសារ​នាង ធ្លាប់​ស្នើសុំ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​របស់​កម្ពុជា​ឱ្យ​ជួយ​សង្គ្រោះ​នាង​ពី​ពេល​មុន​ដែរ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប។ លើស​ពី​នេះ នាង​ក៏​ធ្លាប់​រត់​គេច​ពី​ផ្ទះ​ថែម​ទៀត ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ចិន​ចាប់​ខ្លួន​ប្រគល់​ទៅ​ឱ្យ​ប្ដី​នាង​វិញ។ ប្រភព​ដដែល​បញ្ជាក់​ថា នាង​កំពុង​ទទួល​រង​ការ​ធ្វើ​ទារុណ​កម្ម និង​ការ​បង្អត់​អាហារជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​បកស្រាយ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សន្ទរី និង​អ្នកនាំពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត លើកឡើង​ថា ក្រៅ​ពី​ការ​ជួញដូរ​មនុស្ស ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ កំពុង​ក្លាយ​ជា​បញ្ហា​គួរ​ឱ្យ​ព្រួយបារម្ភ​ដែរ សម្រាប់​ប្រទេស​កម្ពុជា។

ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ឬ​ការ​ជួញដូរ​តាម​ប្រព័ន្ធ​អនឡាញ ក៏​ជា​ក្ដី​ព្រួយបារម្ភ ហើយ​តែង​មាន​ការ​លើកឡើង​ជា​បន្តបន្ទាប់ ហើយ​ថ្មី​ៗ​នេះ អង្គការ​សហប្រជាជាតិ ក៏​បាន​ចេញ​របាយការណ៍​ស្ដី​អំពី​ការ​ឆបោក និង​ការ​ជួញដូរ​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ដែរ​។

—  លោក អំ សំអាត

ការិយាល័យ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ស្ដីពី​ផល​ប៉ះពាល់​នៃ​មជ្ឈមណ្ឌល​ឆបោក នៅ​ថ្ងៃ​ទី​២១ ខែ​មេសា បង្ហាញ​ថា ក្រុម​ឧក្រិដ្ឋជន​ឆ្លង​ដែន​នៅ​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ីអាគ្នេយ៍ កំពុង​ពង្រីក​ខ្លួន​កាន់​តែ​ជ្រៅ​នៅ​តាម​តំបន់​ដាច់​ស្រយាល ឬ​តំបន់​ងាយ​រងគ្រោះ បន្ទាប់​​ពី​រង​ការ​បង្ក្រាប​កាន់​តែ​ខ្លាំង​ពី​សមត្ថកិច្ច។ របាយការណ៍​នេះ​ពិពណ៌នា​ថា នៅ​ពេល​ទីតាំង​ឆបោក​មួយ ត្រូវ​បាន​បង្ក្រាប វា​នឹង​រីក​ទៅ​កាន់​កន្លែង​ជាច្រើន​ផ្សេង​ទៀត ដូច​ជា​ជំងឺ​មហារីក​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។