មេដឹកនាំខ្មែរនិងថៃបន្តឯកភាពជួយបង្ក្រាបលើអ្នកប្រឆាំងឱ្យគ្នាទៅវិញទៅមក

មន្ត្រីនិងសកម្មជននយោបាយបក្សប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃ បន្តព្រួយបារម្ភពីការចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ។ ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំខ្មែរនិងថៃ ប្រកាសបន្តបង្ក្រាបមិនឱ្យមានក្រុមណាមួយ ប្រើប្រាស់ទឹកដីប្រទេសទាំងពីរ ធ្វើសកម្មភាពប្រឆាំងការដឹកនាំរបស់ពួកគេ។

ការ​បង្ហាញ​ភាព​ស្និទ្ធស្នាល​កាន់​តែ​ខ្លាំង​រវាង​បងប្អូន​ធម៌​ទាំង​ពីរ គឺ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បង្ក​ការ​ព្រួយ​បារម្ភ​ជាថ្មី​ដល់​មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​ខ្មែរ ដែល​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។

លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​អ្នកស្រី ផេថងថាន ស៊ីណារ៉ាត់ នៅ​វិមាន​សន្ដិភាព​ថា នៅ​ក្នុង​ជជែក​គ្នា ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​បន្ត​សហការ​គ្នា​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ជួញដូរ​មនុស្ស ការ​ឆបោក​តាម​អនឡាណ និង​ការ​រត់ពន្ធ​ទំនិញ រួម​ទាំង​ការ​ពង្រឹង​សន្ដិភាព​នៅតាម​ព្រំដែន។ លោក​បន្ត​ថា នាយក​រដ្ឋមន្ត្រី​ថៃ​ក៏​បាន​យល់ស្រប ក្នុង​ការ​បន្ត​បង្ក្រាប​លើ​ក្រុម​ណា​មួយ ដែល​ប្រើប្រាស់​ទឹកដី​កម្ពុជា​និង​ថៃ ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។

ខ្ញុំ​សូម​អរគុណ នូវ​គោលនយោបាយ​របស់​ប្រទេស​ថៃ ដែល​មិន​អនុញ្ញាត​ឱ្យ​ជន​ណា​ម្នាក់ ប្រើប្រាស់​ទឹក​ដី​ថៃ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ឬ​ធ្វើ​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា។ រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​អនុវត្ត​គោលការណ៍​នេះ​ដួចគ្នា​។

—  លោក ហ៊ុន ម៉ាណែត

ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើង​ខណៈ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២៣​ដល់​២៤​មេសា តប​តាម​ការ​អញ្ចើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ប្រារព្ធ​ខួប​៧៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការ​ទូត​ប្រទេស​ទាំង​ពីរ។ ក្រៅ​ពី​មាន​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ប្រធាន​រដ្ឋសភា​អ្នកស្រី ឃួន សុដារី និង​ចូល​គាល់​ព្រះមហាក្សត្រ​ព្រះករុណាសម្ដេច នរោត្តម សីហមុនី។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត ផ្សាយ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​០៧ រួម​មាន​កិច្ចព្រមព្រៀង​ស្តីពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​កិច្ច​គាំពារ​បរិស្ថាន​ឆ្លងដែន កិច្ចព្រមព្រៀង​ស្ដីពី​ការ​គ្រប់គ្រង ថែទាំ និង​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹងបត់​-​បានណងអៀន​) កិច្ច​ព្រមព្រៀង​ស្តីពី​ការ​សាងសង់​ស្ពាន​ព្រំដែន​ផ្សារ​ព្រំ​-​បានផាកាត កំណត់​ហេតុ​ស្ដីពី​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​លើក​កម្រិត​គុណភាព​ផ្លូវ​ជាតិ​លេខ​៥៧ និង​លិខិត​ប្ដូរ​សារ​ស្តីពី​គម្រោង​ពង្រឹង​សមត្ថភាព​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញ​កម្ពុជា​-​ថៃ។

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​លោក លី ម៉េងឃៀង ប្រាប់​អាស៊ីសេរី​ថា ជន​ភៀស​ខ្លួន​ខ្មែរ បាន​រង​ការ​បង្គ្រាប​យ៉ាង​ចាស់​ដៃ ចាប់​តាំង​ពី​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ដោយសារ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បញ្ជូន​ទៅ​កម្ពុជា​វិញ។

ពួកយើង​ជា​ជន​ភៀស​ខ្លួន ពិត​ជា​សោកស្ដាយ ដែល​រដ្ឋាភិបាល​របស់​អ្នកស្រី ផេថងថាន តែងតែ​អនុវត្ត​តាម​ការ​ស្នើសុំ​និង​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​ក្រុម​គ្រួសារ ហ៊ុន។ អ៊ីចឹង​ហើយ គួរ​តែ​លោកស្រី គោរព​ច្បាប់​អន្តរជាតិ (ស្ដី​ពី​សិទ្ធិ​ជនភៀស​ខ្លួន​) ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​។

—  លោក លី​ ម៉េងឃៀង

ជុំវិញ​បញ្ហា​នេះ នាយិកា​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី​អ្នកស្រី អេឡែន ភាសុន (Elaine Pearson) លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២៣​មេសា​ថា នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ គួរ​តែ​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​គាបសង្កត់​ឆ្លងដែន ហើយ​គួរ​តែ​ចាប់​ផ្ដើម​បើក​ទំព័រ​ថ្មី​ក្នុង​ភាព​ជា​ដៃគូ​សហការគ្នា ដែល​ផ្អែក​លើ​ការ​គោរព​សិទ្ធិមនុស្ស។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បញ្ជាក់​ថា ការ​ជួយ​សម្របសម្រួល​គ្នា​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ដើម្បី​ប្រព្រឹត្ត​អំពើ​គាប​សង្កត់​ឆ្លងដែន​លើ​អ្នក​ប្រឆាំង ដូចជា​ការ​វាយ​ដំ ចាប់​ជំរិត ការ​ធ្វើ​ឱ្យ​បាត់ខ្លួន ការ​ចាប់​បង្ខំ​បញ្ជូន​មក​កម្ពុជា​វិញ រួម​ទាំង​ករណី​ធ្វើ​ឃាត​លើ​អតីត​តំណាងរាស្រ្ដ​គណបក្ស​សង្គ្រោះ​ជាតិ​លោក លិម គិមយ៉ា កំពុង​បំផ្លាញ​មុខមាត់​ប្រទេស​ទាំង​ពីរ​នៅ​លើ​ឆាក​អន្តរជាតិ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី (KDO) លោក ស៊ឹង សែនករុណា លើកឡើង​ថា ស្របពេល​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​នៅ​តែ​បង្កើន​ការ​គំរាមកំហែង​ជន​ភៀស​ខ្លួន ដែល​ជា​សកម្មភាព​មិន​ខ្វល់​នឹង​ច្បាប់​អន្តរជាតិ ដូច្នេះ​អង្គការ​សហប្រជាជាតិ​គួរ​ពន្លឿន​បញ្ជូន​ជន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ ដើម្បី​ឱ្យ​ពួកគេ​បាន​ទៅ​ជ្រក​កោន​នៅ​ប្រទេស​ទី​៣។

នេះ​ជា​អ្វី​ដែល​យើង​ចង់​ឃើញ មាន​ការ​ចាត់​វិធានការ​ពន្លឿន​ករណី​នេះឱ្យ​ទាន់​សភាពការណ៍ ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​ឱ្យ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ពី​ការ​គំរាមកំហែង​។

—  លោក ស៊ឹង សែនករុណា

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤ អាជ្ញាធរ​ថៃ បាន​ចាប់​ជន​ភៀស​នយោបាយ​ខ្លួន​ខ្មែរ​៦​នាក់ បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ បើទោះបីជា​ជន​ភៀស​ខ្លួន​ទាំង​នោះ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​ប្រទេស​ថៃ​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។