ប៉ូលិសថៃដាក់ភស្ដុតាងស្នើសុំឱ្យតុលាការចេញដីកាចាប់ខ្លួនលោក ហ៊ុន សែន

ប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យារបស់ថៃ នៅថ្ងៃទី១៤ខែកក្កដាបានបញ្ជូនសំណុំរឿងទៅមហាអយ្យការថៃដើម្បីឱ្យពិចារណាចេញដីកាចាប់ខ្លួន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ពាក់ព័ន្ធរឿងធ្វើឱ្យបែកធ្លាយសំឡេងសន្ទនារបស់នាយករដ្ឋមន្ត្រីថៃព្យួរតំណេង អ្នកស្រី ថែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra)។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ចំណាត់ការរបស់ថៃនេះនឹងគ្មានប្រសិទ្ធភាពអាចចាប់លោក ហ៊ុន សែន បានឡើយ។

សមត្ថកិច្ច​ថៃ​បាន​អះអាង​ថា ពួកគេ​បាន​ស្រាវជ្រាវ​ប្រមូល​​បាន​ភស្តុតាង​គ្រប់​គ្រាន់​អាច​​ប្ដឹង​​ចាប់​លោក ហ៊ុន សែន ​បាន​។

អ្នក​នាំ​ពាក្យ​មហា​អយ្យការ​ថៃ លោក ​សាក់ក្សេម នីសៃយោគ (Sakkasem Nisaiyok) បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថៃ​នៅ​ថ្ងៃ​ទី​១៤​កក្កដា​ថា អង្គភាព​ជំនាញ​​នៃ​មហាអយ្យការ​នឹង​ពិនិត្យ​មើល​សំណុំ​រឿង​នេះ​ ថា​តើ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​ទៅ​តុលាការ​​ឬ​អត់​។

លោក​ថា បើ​មាន​ភស្តុតាង​គ្រប់គ្រាន់ មហា​អយ្យការ​នឹង​បញ្ជូន​សំណុំ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​ថៃ​ ហើយ​ប្រសិនបើ​ចុងចោទ​គឺ​ លោក ហ៊ុន សែន​ មិន​បង្ហាញ​ខ្លួន សមត្ថកិច្ច​​ថៃ​នឹង​បញ្ជូន​ដីកា​ចាប់ខ្លួន​ទៅ​ប៉ូលិស​អន្តរជាតិ ​(Interpol) ដើម្បី​សុំ​កិច្ចសហការ​​។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​ លោក​ ជា ធីរិទ្ធ​ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​លោក​ ហ៊ុន​ សែន​ មិន​មាន​ការ​ព្រួយ​បារម្ភ​​ពី​នីតិវិធី​របស់​​សមត្ថកិច្ច​ថៃ​នេះ​ទេ ។ លោកចាត់​ទុក​វិធានការ​របស់​សមត្ថកិច្ច​ថៃ​នេះ​ ថា ​ជា​ល្បិច​ស្មោកគ្រោក​ ដើម្បី​​សម្អុយ​ឈ្មោះ​​​​មេ​ដឹក​នាំ​កម្ពុជា​​។

ខ្ញុំ​មិន​គិត​រឿង​ទាំង​នោះ​ជា​ការពិត​​ទេ​ ធម្មតា​ប្រទេស​ម្ខាង ​​ប្រទេស​ដែល​មាន​បញ្ហា​ឈ្លោះ​គ្នា ខាង​នោះ​ចង់​និយាយ​ស្អី​ក៏​បាន​ដែរ​ហើយ​សំខាន់ ថា​តើ​រឿង​នោះ​វា​យ៉ាង​ម៉េច​ដូច​ខ្ញុំ​បាន​បញ្ជាក់។​​ អ៊ីចឹង! ​​​ចំពោះ​ករណី​នេះ​​ជា​រឿង​ដែល​ឡប់ឡែ​សុទ្ធសាធ​ហើយ​ ហើយ​វា​អត់​មាន​អី​ត្រូវ​មក​មាន​បញ្ហា​ប្រទេស​កម្ពុជា​ទេ​។ ខ្ញុំ​គិត​ថា បើ​សិន​ជា​តុលាការ​ថៃ​​ប៉ូលិស​ចេញ​ដីកា​ចាប់​ខ្លួន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ អញ្ជើញ​ចាប់​មក​ សូម​អញ្ជើញ​បើ​តុលាការ​ខ្លួន​ឯង​ធ្វើ​អ៊ីចឹង​។

—  លោក ជា ធីរិទ្ធ

​​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មិថុនា លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សន្ទនា​រយៈពេល​ជាង​១៧​នាទី ដែល​លោក​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ​តាម​រយៈ​អ្នក​បក​ប្រែ​ពាក់ព័ន្ធ​​បញ្ហា​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។ សមត្ថកិច្ច​ថៃ​បាន​លើក​ឡើង​ថា ​​រឿង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ​ថៃ​ធ្ងន់ធ្ងរ​ ​ដែល​ធ្វើ​ឱ្យ​កើត​មាន​ជម្លោះ​នៃ​ក្រុម​អ្នក​នយោបាយ​ថៃ​​ ដែល​នាំ​ឱ្យ​បែកបាក់​ជាតិ​។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ (KDO) លោក ស៊ឹង សែនករុណា បាន​មាន​ប្រសាសន៍​ថា រឿង​នេះ​​ជា​ជម្លោះ​នយោបាយ​​រវាង​មេ​ដឹក​នាំ​កម្ពុជា​និង​មេ​ដឹក​នាំ​ថៃ ដើម្បី​​ផ្ចាញ់ផ្ចាល​គ្នា​ប៉ុណ្ណោះ​ ដូច្នេះ​តុលាការ​ថៃ​មិន​អាច​​យក​មក​ចាត់​ការ​ផ្លូវ​ច្បាប់​លើ លោក ហ៊ុន សែន បាន​ទេ។ លោក​បញ្ជាក់​ថា បើ​ថៃ​ចង់​​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ លោក ហ៊ុន សែន​ លុះត្រាតែ​​ប្ដឹង​​ករណី​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។​

អីចឹង​យើង​ឃើញ​ថា​វា​ក្លាយ​ជា​បញ្ហា​មួយ​ គឺ​មិន​មែន​ជា​វិវាទ​ដោយ​​មាន​លក្ខណៈ​មួយ​ធ្វើ​ឡើង​ក្នុង​ន័យ​​រក​ដំណោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ទេ​ រវាង​ប្រទេស​មួយ​នឹង​មួយ​ទេ​។ ទៅ​ជា​បញ្ហា​វិវាទ​មេ​ដឹក​នាំ​​នយោបាយ​បាយ​ដែល​ជា​បក្ស​ពួក​នីមួយៗ​​ នឹង​បង្កើត​ឡើង​។​ អីចឹង​ខ្ញុំ​គិត​ថា​វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ក្នុង​កាលៈ​ទេសៈពេល​ហ្នឹង​។

—  លោក ស៊ឹង សែនករុណា

​​កម្ពុជា​និង​ថៃ ​មាន​ជម្លោះ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ ​បន្ទាប់​ពី​ទាហាន​កម្ពុជា​និង​ថៃ​បាន​​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តំបន់​ព្រំដែន​ខេត្ត​ព្រះវិហារ​​កាល​ពី​ថ្ងៃ​ទី​២៨​ឧសភា បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់។ ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​កងទ័ព​និង​អាវុធ​ធន់​ធ្ងន់ ទៅ​ប្រចាំ​ការ​នៅ​តំបន់​ព្រំដែន ​រហូត​ឈាន​ដល់​ការ​​បិទ​ច្រក​ព្រំដែន​។​

អ្នក​ឃ្លាំ​មើល​លើក​ឡើង​ថា ​រឿង​នេះ​ជា​រូប​ភាព​នៃ​ជម្លោះ​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​មេ​ដឹក​នាំ​កម្ពុជា​និង​ថៃ​ដើម្បី​យក​ឈ្មោះ​យក​ចាញ់​គ្នា​តែ​ប៉ុណ្ណោះ​៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។