មន្ត្រីបក្សប្រឆាំងថា ការអនុម័តច្បាប់ដកសញ្ជាតិ ដើម្បីពង្រឹងអំណាចឱ្យត្រកូល«ហ៊ុន»

មន្ត្រីគណបក្សប្រឆាំងនិងអ្នកច្បាប់លើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយ៉ាងតក់ក្រហល់និងឆាប់រហ័សបែបនេះ គឺជាចេតនារបស់រដ្ឋាភិបាលត្រកូលហ៊ុន ដើម្បីកម្ទេចក្រុមគណបក្សប្រឆាំងកុំឱ្យប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិនៅថ្ងៃទី១១ខែកក្កដាបានអនុម័តជាឯកច្ឆន្ទលើវិសោធនកម្មរដ្ឋធម្មនុញ្ញដកហូតសញ្ជាតិពលរដ្ឋខ្មែរ ដោយសំឡេង ១២៥លើ១២៥នៃអង្គសភាទាំងមូល។

អ្នក​ច្បាប់​និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក វ៉ន ចាន់ឡូត បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​រឿង​នេះ​ទំនង​ដោយសារ​រដ្ឋាភិបាល​​ព្រួយបារម្ភ​ខ្លាច​ក្រុម​បក្ស​ប្រឆាំង​​ចូល​រួម​ជា​មួយ​ថៃ​​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស​ប្រឆាំង​​នឹង​រដ្ឋាភិបាល​ ហើយ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​អំណាច​ដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន។ ទោះ​ជា​យ៉ាង​ណា​លោក​​ថា បើ​ជ្រុល​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ហើយ​ រដ្ឋសភា​គួរតែ​​ពិនិត្យ​បន្ថែម​ទោស​ទណ្ឌ​ដល់​ជន​ទាំង​ឡាយ​ណា​​ដែល​លួច​គប់គិត​ផ្ដល់​សញ្ជាតិ​ឱ្យ​ជន​បរទេស​ដែរ។​

គួរ​តែ​ទទួល​ទោស​ធ្ងន់ធ្ងរ​​ដូច​ដែល​ទោស​នៃ​ជន​ក្បត់ជាតិ​ឬក៏​ជន​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ឧត្ដម​ប្រយោជន៍​របស់​ជាតិ​ខ្មែរ​ខ្ញុំ​គិត​ថា ​វា​អាច​​នឹង​ជួយ​បន្ថែម​ទៅ​ដល់​ប្រសិទ្ធភាព​នៃ​ការ​ការពារ​នូវ​ផល​ប្រយោជន៍​ឬ​ក៏​ឧត្ដម​ប្រយោជន៍​របស់​ជាតិ​ខ្មែរ​​។

—  លោក វ៉ន ចាន់ឡូត

​ការ​លើក​ឡើង​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ខែ​កក្កដា​បាន​លើក​ដៃ​អនុម័ត​​នៅ​ក្នុង​អង្គប្រជុំ​ជា​ឯកច្ឆន្ទ​​ដោយ​គ្មាន​ការ​ជំទាស់​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​មាត្រា​៣៣​ដក​ហូត​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ ​ដោយ​សំឡេង​ ១២៥​លើ​១២៥​នៃ​អង្គ​សភា​​ទាំង​មូល​។​

មាត្រា​៤៩​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ ចែងថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ ទោះ​ដោយ​ផ្ទាល់​ឬ​ប្រយោល​ក្ដី នាំ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្ពុជា​និង​ពលរដ្ឋ​ខ្មែរ​ឡើយ។ ​ភ្លាមៗ​ក្រោយ​ពេល​អនុម័ត​​រដ្ឋ​សភា​​បាន​បញ្ជូន​ច្បាប់​ថ្មី​នេះ​ទៅ​ដល់​ព្រឹទ្ធសភា​​ហើយ​នៅ​ថ្ងៃ​​ដដែល​នេះ​ ដើម្បី​ពិនិត្យ​និង​​សម្រេច​បន្ត។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក កើត រិទ្ធ ​បាន​អះអាង​នៅ​ក្នុង​សន្និសីទកាសែត​ថា ​គោល​បំណង​នៃ​ការ​កែ​ច្បាប់​ថ្មី​នេះ​ គឺ​ដើម្បី​បន្សុទ្ធ​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ​​​ចំពោះ​ជាតិ​មាតុភូមិ​និង​ពលរដ្ឋ​កម្ពុជា ពោល​គឺ​ដើម្បី​លើក​កម្ពស់​មនសិការ​ស្នេហាជាតិ​និង​គោលជំហរ​ស្មោះត្រង់​ឥតងាករេ​។ លោក​បញ្ជាក់​ថា​ ច្បាប់​នេះ​​​គឺ​ដក​សញ្ជាតិ​ចំពោះ​តែ​ជន​ណា​ដែល​បាន​ក្បត់ជាតិ​ខ្លួន​ឯង​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ជាតិ​មាន​ស្មារតី​ឥតងាករេ​ចំពោះ​ជាតិ​មិន​មែន​ជា​កម្មវត្ថុ​នៃ​ការ​ដក​សញ្ជាតិ​ទេ​។ ហើយ​ម្យ៉ាង​ទៀត​ច្បាប់​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ជាតិ​​ដែល​ស្មោះ​នឹង​ជាតិ​គឺ​ត្រូវ​មាន​ច្បាប់​មួយ​ការពារ​។​មុន​នេះ​ក្នុង​រដ្ឋសភា​បាន​លើក​ឡើង​ចំណុច​នេះ​ដែរ​ បើ​អ្នក​ក្បត់​ជាតិ​ហើយ​គឺ​ជាតិ​មិន​ទុក​អ្នក​ទេ​។

—  លោក កើត រិទ្ធ

ទោះ​ជា​យ៉ាង​ណា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មិន​ភ្ញាក់ផ្អើល​នឹង​ការ​ធ្វើ​​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ​ទេ​​ ព្រោះ​លោក​ថា​ ច្បាប់​នេះ​មិន​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ឡើយ ​ផ្ទុយ​ទៅ​វិញ​ គឺ​ជា​ឧបករណ៍​នយោបាយ​​របស់​លោក ហ៊ុន សែន​ តែ​ប៉ុណ្ណោះ។

ព្រោះ​យើង​ដឹង​ហើយ​ថា​តាំង​ពី​ លោក ហ៊ុន បាន​អំណាច​ពេញ​ដៃ​តែ​ម្នាក់​ឯង​​តាំង​ពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្នាំ​២០១៧​មក​ លោក ហ៊ុន​ សែន​ គាត់​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្លែងក្លាយ​គ្រប់បែប​យ៉ាង​។ ហើយ​ដើម្បី​បំភ័យ​ឱ្យ​គេ​ជឿ​គាត់​ត្រូវ​បិទ​មាត់​គេ​ ដេរ​មាត់​គេ​ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​គាត់​បិទ​មាត់​បាន​មិន​ឱ្យ​និយាយ។​ អីចឹង​គាត់​ត្រូវ​ការ​បិទ​អ្នក​ស្នេហាជាតិ​នៅ​ក្រៅ​ប្រទេស​ទៀត ដើម្បី​ពង្រឹង​អំណាច​គាត់​ត​ត្រកូល​របស់​គាត់​ ដូច​ករណី​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​អីចឹង​។​គោល​ដៅ​របស់​គាត់​គឺ​គាត់​មិន​ចង់​ឱ្យ​អ្នក​ស្នេហា​ជាតិ​លាតត្រដាង​​នូវ​ទង្វើ​អាក្រក់​របស់​គាត់​។

—  លោក អេង ឆៃអ៊ាង

កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដកហូត​សញ្ជាតិ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​​ទាំង​ឡាយ​ណា​ដែល​លោក​ចាត់​ទុក​ថា​ ​បាន​ប្រព្រឹត្ត​​អំពើ​ក្បត់​ជាតិ​។

ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​​បាន​រិះគន់​ថា ការ​កែ​ច្បាប់​នេះ​​គឺ​ជា​លេស​​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​បក្ស​ប្រឆាំង​ដើម្បី​រក្សា​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។