តុលាការខេត្តកំពង់ស្ពឺគ្រោងប្រកាសសាលក្រមសំណុំរឿងឪពុកលោក ស៊ន តារា នៅខែក្រោយ

តុលាការខេត្តកំពង់ស្ពឺពន្យារពេលប្រកាសសាលក្រមសំណុំរឿងរបស់ឪពុក លោក ស៊ន តារា នៅដើមខែក្រោយ ខណៈមន្ត្រីសង្គមស៊ីវិលនៅតែមានមន្ទិលសង្ស័យលើក្ដីក្ដាំនេះ និងទាមទារឱ្យតុលាការដោះលែងជនជាប់ឃុំដោយឥតលក្ខខណ្ឌ។

ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​​បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង​ឪពុក អ្នក​អត្ថាធិប្បាយ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​លោក ស៊ន តារា គឺ លោក សុខ ស៊ុនណារ៉េត​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ខែ​កក្កដា។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក យិន ម៉េងលី បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៩​ខែ​កក្កដា​ថា តំណាង​អយ្យការ​និង​ចៅក្រម​បាន​សួរដេញដោល​​ខ្លាំង​ផ្ដោត​លើ​បញ្ហា​ថ្នាំ​ញៀន​នៅ​ក្នុង​ឡាន​របស់​លោក សុខ ស៊ុនណារ៉េត​។ លោកបានបន្ត​ថា លោក​ សុខ ស៊ុនណារ៉េត ​បាន​អះអាង​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​ថា ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​បាន​យក​ចេញ​ពី​ក្នុង​ឡាន​របស់​លោក​នោះ ​គឺ​ពុំ​មែន​របស់​គាត់​ឡើយ។​

លោកបាន​បញ្ជាក់​ថា រឿង​នេះ​មាន​មន្ទិលសង្ស័យ​ ខណៈ​សមត្ថកិច្ច​​ដែល​ជា​សាក្សី​មិន​បាន​ចូលរួម​ក្នុង​សវនាការ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​មេធាវីការពារក្ដី​ឱ្យ​ជនជាប់ចោទ ​មិនអាច សួរដេញដោល​ដោះ​បន្ទុក​ឱ្យ​កូន​ក្ដី​បាន។ លោក​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លោក សុខ ស៊ុនណារ៉េត និង​ដោះលែង​គាត់​ដោយ​ឥតលក្ខខណ្ឌ។

នៅ​ពេល​យើង​ធ្វើ​ការ​ឆែកឆេរ​អត់​បាន​ត្រឹមត្រូវ​ វា​ធ្វើ​ឱ្យ​ដូច​ជន​ជាប់​ចោទ​គាត់​និយាយ​អីចឹង​គាត់​ថា សារធាតុ​ញៀន​យក​ចេញ​ពី​ឡាន​របស់​គាត់​ ប៉ុន្តែ​មិន​មែន​របស់​គាត់​។ ន័យ​ត្រង់​នេះ​ គឺ​ជន​ចាប់​ចោទ​​គាត់​និយាយ​ល្អ​ណាស់​ បង្កប់​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ដែល​សុំ​ឱ្យ​ចៅក្រម​ហ្នឹង ​ធ្វើ​ការ​ពិចារណា​​ត្រង់​អត្ថន័យ​នឹង​។​អ៊ីចឹង​​ នៅ​ពេល​ដែល​ជន​ជាប់ចោទ ​គាត់​និយាយ​រៀប​នេះ​​ ហើយ​អវត្តមាន​សាក្សី​ថែម​ទៀត​​ វា​នៅ​តែ​ស្ថិត​ក្នុង​វិមតិសង្ស័យ(សេចក្ដីសង្ស័យមិនដាច់ស្រេច)។​ អ៊ីចឹង​ បើ​វា​ឋិត​នៅ​ក្នុង​វិមតិសង្ស័យ​ ជា​គោល​ការណ៍​ច្បាប់​វា​នៅ​តែ​ជា​ប្រយោជន៍​​​ដល់​ជន​ជាប់​សង្ស័យ​នេះ​ឯង​។

—  លោក យិន ម៉េងលី

សវនាការ​នេះ​មាន​ការ​ចូល​រួម​ឃ្លាំមើល​ពី​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ អង្គការ​អាដហុក​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត។

តុលាការ​បាន​បិទ​បញ្ចប់​សវនាការ​ក្ដីក្ដាំ​នេះ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ បន្ទាប់​ពី​បាន​សួរដេញដោល​ជន​ជាប់​ឃុំ​អស់​រយៈ​ពេល​ប្រមាណ​២ម៉ោង​។ ​ចៅក្រម​ជំនុំជម្រះ​លោក ខាន់ សុខា នឹង​​ប្រកាស​សាលក្រម​សំណុំ​រឿង​នេះ​នៅ​​ថ្ងៃ​ទី៦​ខែ​សីហា​ខាង​មុខ។​

កាល​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ចាប់ខ្លួន​លោក សុខ ស៊ុនណារ៉េត អំឡុង​ពេល​មេបញ្ជាការ​ភូមិភាគ៣ ហៅ​ទៅ​ជួប។ តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​ចោទ​ប្រកាន់​លោក សុខ ស៊ុន ណារ៉េត​ ពី​បទ​រក្សា​ទុក​​សារធាតុ​ញៀន​ដោយ​ខុសច្បាប់។ ប៉ុន្តែ​លោក សុខ ស៊ុណារ៉េត បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​៕

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ដក​តំណែង​ឪពុក និង​ប្អូន​ថ្លៃ​ស្រី​របស់​លោក ស៊ន តារា ចេញ​ពី​ក្របខណ្ឌ​ការងារ​រដ្ឋ ប្រសិន​បើ លោក ស៊ន តារា បន្ត​រិះគន់​លោក និង​លោក ហ៊ុន ម៉ាណែត ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។