ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០៧ ខែកក្កដា បានចេញសេចក្ដីថ្លែងថា កម្ពុជាបានអនុវត្តតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈយោគយល់គ្នាស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកឆ្នាំ២០០០ ដែលមានចែងនៅមាត្រា១ថា ផែនទីផលិតដោយគណៈកម្មការបារាំង-សៀម តាមរយៈអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ គឺជាមូលដ្ឋានសម្រាប់ការកំណត់ព្រំដែននៃប្រទេសទាំងពីរ។
សេចក្ដីថ្លែងការណ៍បានបន្តថា ដោយឡែក ការទទូចរបស់ប្រទេសថៃឱ្យប្រើប្រាស់ផែនទីខ្នាត១លើ៥០ពាន់ ដែលថៃគូសដោយខ្លួនឯងឬឯកតោភាគី ហើយទាត់ចោលផែនទីខ្នាត១លើ២០០ពាន់ ដែលបានមកពីអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ជាទង្វើបំពានច្បាប់អន្តរជាតិ និងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។
ការចេញសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសប្រទេសថៃបានចេញសេចក្ដីថ្លែងការណ៍ថា ការសម្រេចបញ្ជូនសំណុំរឿងវិវាទព្រំដែនចំនួន៤ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺមិនមានចែងនៅក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០នោះទេ។
ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជាបានឆ្លើយតបថា ការបញ្ជូនតំបន់មានវិវាទតំបន់ទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការថ្លឹងថ្លែងលើមូលដ្ឋានច្បាប់ និងឆ្លើយតបដោយសន្ដិវិធីចំពោះប្រទេសថៃ ដែលតែងរំលោភលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ការញុះញង់ និងការខ្វះឆន្ទៈរបស់ថៃគោរពតាមក្របខណ្ឌដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា ដែលធ្វើឱ្យយន្តការទ្វេភាគី លែងមានលទ្ធភាពដោះស្រាយជម្លោះនៅតំបន់ទាំង៤នោះ។
ការឆ្លើយឆ្លងគ្នារវាងក្រសួងការបរទេសកម្ពុជា និងថៃ នៅពេលនេះ ស្របពេលភាពតានតឹងនៅតាមព្រំដែនបន្តកើនឡើងកម្ដៅ ខណៈទាហានថៃបន្តធ្វើសកម្មភាពរុលចូលដីខ្មែរបង្កហេតុកាន់តែញឹកញាប់ ដើម្បីញុះឱ្យទាហានខ្មែរឆេះកំហឹង រហូតធ្វើឱ្យមានការប្រឈមមុខដាក់គ្នាដោយការប៉ះទង្គិចពាក្យសម្ដី។
កាលពីថ្ងៃទី១៩ ខែមិថុនា តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិលោក កែវ ឈា បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបានលើកឡើងថា ការសម្រេចរបស់កម្ពុជាដើម្បីបញ្ជូនតំបន់មានជម្លោះទាំង៤ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយសារប្រទេសថៃ កំពុងធ្វើឱ្យមានការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដ៏ធ្ងន់ធ្ងរ ចាប់តាំងពីមានការចូលបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបីកាលពីថ្ងៃទី២៨ ខែឧសភា និងការបញ្ជូនទ័ពនិងសព្វាវុធធុនធ្ងន់របស់យោធាថៃមកកាន់ព្រំដែន រួមទាំងការគំរាមកំហែងពីមេទ័ពថៃដើម្បីបញ្ឆេះសង្គ្រាមជាមួយកម្ពុជាជាដើម ដែលទាំងនេះជាការគំរាមកំហែងដល់សន្ដិសុខនិងស្ថិរភាពរបស់កម្ពុជា និងតំបន់ទាំងមូល។
ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះដែរ កាលពីថ្ងៃទី៤ ខែកក្កដា រដ្ឋមន្ត្រីក្រសួងវប្បធម៌ថ្មីរបស់ថៃ គឺអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលទើបត្រូវបានតុលាការធម្មនុញ្ញព្យួរពីតំណែងនាយករដ្ឋមន្ត្រី ក៏បានប្រកាសថា ប្រទេសថៃសម្រេចផ្អាកបញ្ជូនវត្ថុបុរាណខ្មែរចំនួន២០ដុំឱ្យកម្ពុជា ដោយសារប្រទេសថៃមិនមានថវិកាសម្រាប់ដឹកជញ្ជូន។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា អ្នកស្រី ភឿង សកុណា បានផ្ញើលិខិតរំឭកទៅអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថា អំឡុងពេលអ្នកស្រី មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងនាមជានាយករដ្ឋមន្ត្រី កាលពីអំឡុងខែមេសា គឺមានការឯកភាពគ្នាបញ្ជូនវត្ថុបុរាណទាំង២០ដុំនោះមកឱ្យកម្ពុជាវិញ ហើយពិធីប្រគល់និងទទួល ក៏បានឯកភាពគ្នាធ្វើឡើងនៅក្នុងទីក្រុងបាងកក នៅក្នុងខែកក្កដានេះ ហើយចំណែករាល់ការចំណាយសម្រាប់ដឹកជញ្ជូន ជាបន្ទុករបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាស្នើឱ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បន្តគោរពតាមពេលវេលា និងកិច្ចព្រមព្រៀងដែលបានឯកភាពទាំងនេះ ក្នុងការបញ្ជូនវត្ថុបុរាណប្រគល់មកឱ្យកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។