ហទំព័របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ខែមិថុនាថា ឧបការីរងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក អែនឌ្រូ បាយអឺរ (Andrew Byers) បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយក្រុមមន្ត្រីយោធានិងមន្ត្រីរដ្ឋាភិបាលកម្ពុជាជាច្រើនរូប នៅក្នុងពេលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ដើម្បីពិភាក្សាជំហានបន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងវិស័យការពារជាតិកម្ពុជានិងអាមេរិក និងគម្រោងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក ភិត ហេកសិត មកកម្ពុជា។
ទំព័រហ្វេសប៊ុករបស់មូលដ្ឋានទ័ពជើងទឹករាមបានចុះផ្សាយដែរថា កាលពីថ្ងៃទី២៥ ខែមិថុនា ឧបការីរងរដ្ឋមន្ត្រីសហរដ្ឋអាមេរិកលោក អែនឌ្រូ បាយអឺរ បានដើរទស្សនានៅកំពង់ផែចតនាវាចម្បាំង និងទីតាំងមួយចំនួនទៀត នៅក្នុងមូលដ្ឋានទ័ពជើងទឹករាម។
មជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington D.C.) កាលពីខែឧសភា បានរកឃើញថា កងទ័ពប្រទេសចិនអាចមានសិទ្ធិផ្ដាច់មុខក្នុងការប្រើប្រាស់ទីតាំងមួយចំនួននៅក្នុងមូលដ្ឋានទ័ពរាម ហើយកំពុងជួយកម្ពុជាដើម្បីសាងសង់មូលដ្ឋានការពារដែនអាកាស ដែលស្ថិតនៅក្បែរមូលដ្ឋានទ័ពជើងទឹករាម។
ជុំវិញបញ្ហានេះ អ្នកសិក្សាបញ្ហាសង្គមនិងនយោបាយលោក ប៉ោ មករា បានមើលឃើញថា ការធ្វើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកមកកម្ពុជានាពេលខាងមុខនេះ នឹងអាចផ្ដល់ផលវិជ្ជមានសម្រាប់ជួយធ្វើឱ្យមានតុល្យភាពទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយមហាអំណាចចិននិងសហរដ្ឋអាមេរិក និងអាចជួយលាងជម្រះមន្ទិលសង្ស័យនៃវត្តមានយោធាចិននៅមូលដ្ឋានទ័ពរាម។
វាជាផលវិជ្ជមានមួយដែរ នៅពេលដែលកម្ពុជាបោះដៃទៅឱ្យសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកបោះដៃឱ្យកម្ពុជា ហើយមានការទស្សនកិច្ចនៅកំពង់ផែរាមនេះ ខ្ញុំគិតថា វាជាផលវិជ្ជមាន និងជាផលរីកចម្រើនក្នុងទំនាក់ទំនងហ្នឹងមួយទៀត។ អ៊ីចឹងនៅពេលមានការចូលទស្សនកិច្ច(របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនៅមូលដ្ឋានទ័ពរាម) និងការបំបាត់ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក វាធ្វើឱ្យកម្ពុជាហ្នឹង រឹតតែបង្ហាញភាពស្អាតស្អំខ្លួនឯងទៅឆាកអន្តរជាតិ។
— លោក ប៉ោ មករា
កម្ពុជាបានលម្អៀងខ្លាំងទៅប្រទេសចិន បន្ទាប់ពីការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធដែលជាជំនួយរបស់អាមេរិកនៅមូលដ្ឋានទ័ពរាម ដើម្បីអនុញ្ញាតប្រទេសចិនផ្ដល់ជំនួយផ្ដាច់មុខក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពនេះ និងការលុបចោលសមយុទ្ធឆ្មាំអង្គរជាមួយសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០១៧ ប៉ុន្តែបន្តធ្វើសមយុទ្ធនាគមាសប្រចាំឆ្នាំជាមួយកងទ័ពចិន កាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។