បើទោះជាលោកមេបក្សកាន់អំណាច លោក ហ៊ុន សែន អំពាវនាវឱ្យខ្មែររួមគ្នាប្រឆាំងការឈ្លានពានពីប្រទេសជិតខាងនៅពេលនេះក្ដី ប៉ុន្តែតំណាលគ្នានេះ លោក ហ៊ុន សែន កំពុងជំរុញឱ្យកែច្បាប់ដកហូតសញ្ជាតិដែលជាការបិទផ្លូវមិនឱ្យសកម្មជននិងមេដឹកនាំបក្សប្រឆាំងអាចចូលរួមធ្វើនយោបាយប្រកួតប្រជែងជាមួយបក្សកាន់អំណាចបានជាអចិន្ត្រៃយ៍។
មន្ត្រីបក្សប្រឆាំងចាត់ទុកទង្វើរបស់លោក ហ៊ុន សែន យកឱកាសកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃ មកបំបិទមាត់ដាក់ទោសខ្មែរគ្នាឯងមិនឱ្យមានសិទ្ធិក្លាយជាពលរដ្ឋខ្មែរ។ កាលពីឆ្នាំ២០១៩ មន្ត្រី និងសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសស្ទើរបាត់បង់សិទ្ធិជាពលរដ្ឋខ្មែរម្ដងរួចហើយព្រោះរដ្ឋាភិបាលដកហូតលិខិតឆ្លងដែនរបស់ពួកគាត់បង្កការលំបាកដល់ពួកគាត់មិនអាចដើរហើរដោយសេរី និងមិនអាចរកការងារធ្វើបាន។
ប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន អ្នកស្រី វ៉ែន ដារ៉ា ដែលកំពុងភៀសខ្លួននៅប្រទេសអូស្ត្រាលី (Australia) បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ខែកក្កដាថា អ្នកស្រីមានការលំបាកជាខ្លាំងនៅពេលដែលរដ្ឋាភិបាលបានលុបចោលលិខិតឆ្លងដែន កាលពីឆ្នាំ២០២០មក ធ្វើឱ្យបាត់បង់សិទ្ធិសេរីភាពជាពលរដ្ឋខ្មែរ រស់នៅគ្មានដោយរដ្ឋជួយការពារ ជាពិសេសមិនអាចធ្វើដំណើរចេញក្រៅប្រទេសបានឡើយ។ អ្នកស្រីថ្កោលទោស ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលស្នើឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកហូតសញ្ជាតិពលរដ្ឋខ្លួនឯងថា ជាមេដឹកនាំក្បត់ជាតិ។
វាអយុត្តិធម៌ដោយសារខ្ញុំអត់បានធ្វើអីចំពោះប្រទេសជាតិខ្លួនឯងគ្រាន់តែជួយប្រជាពលរដ្ឋមិនដែលទៅបានកាប់បំផ្លាញព្រៃ លក់ដីលក់ត្បូងលក់រ៉ែអីផងបែរទៅជា លោក ហ៊ុន តាមសម្លាប់ តាមធ្វើបាប តាមចាប់ដោយគ្មានទោសគ្មានកំហុស ហើយថែមទាំងដកសញ្ជាត ដកប៉ាស្ព័រ អីចឹងហើយផ្ដាំទៅ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ផង បើសិនជាដឹកនាំមិនកើតទេចុះចេញទៅឱ្យគេធ្វើម្ដង។
— អ្នកស្រី វ៉ែន ដារ៉ា
កន្លងទៅរដ្ឋាភិបាលក្រុងភ្នំពេញបានលុបចោលលិខិតឆ្លងដែនរបស់សកម្មជនគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់៣០នាក់ រួមមាន៖ លោក ម៉ៅ វិបុល លោក ម៉ោញ សារ៉ាត់ លោក នាង សុឃុន លោក ជិន សុខង៉េង លោក ឈុន វៀន អ្នកស្រី វ៉ែន ដារ៉ា និងមនុស្សមួយចំនួនទៀត ដោយសារតែពួកគាត់មិនចុះចូលជាមួយរដ្ឋាភិបាល ហើយបន្តចូលរួមជីវភាពនយោបាយជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំងទាមទារឱ្យរដ្ឋាភិបាលត្រកូលហ៊ុនងាកមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ។
អ្នកច្បាប់ លោក វ៉ន ចាន់ឡូត បានលើកឡើងថា ជនជាតិខ្មែរមានសញ្ជាតិខ្មែរពីកំណើត និងបានផ្សារភ្ជាប់មនោសញ្ចេតនាទឹកដី អរិយធម៌ វប្បធម៌ និងភាសាតាំងពីកំណើតមកហើយ ដូច្នោះរដ្ឋាភិបាលមិនគួរធ្វើច្បាប់ដកហូតសញ្ជាតិពីពលរដ្ឋខ្លួនឯងនោះទេ។ លោកបញ្ជាក់ថា ប្រសិនបើពលរដ្ឋណាបានប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរឬធ្វើអំពើមិនល្អចំពោះជាតិ គឺទុកឱ្យមហាជនជាអ្នកវាយតម្លៃឬកត់ត្រាក្នុងប្រវត្តិសាស្ត្រ ដោយមិនចាំបាច់ដកហូតសញ្ជាតិពីពួកគាត់ឡើយ។
ហើយពាក្យថាក្បត់ជាតិមួយម៉ាត់នេះ គឺវាគ្រប់គ្រាន់ទៅហើយសម្រាប់ជនជាតិខ្មែរទាំងឡាយណាពិតជាបានក្បត់ជាតិរបស់ខ្លួនមែន។ ផ្ទុយទៅវិញដែលរដ្ឋាភិបាលគួរតែធ្វើ គឺតែគិតគួរពិនិត្យឡើងវិញទៅនឹងជនបរទេសទាំងឡាយដែលចូលមករស់នៅកម្ពុជាដោយខុសច្បាប់ គួរតែវិធានការជនទាំងអស់នោះវិញ ខ្ញុំគិតថាវាមានប្រយោជន៍ជាងសម្រាប់ប្រទេសជាតិ។
— លោក វ៉ន ចាន់ឡូត
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅខេត្តព្រះវិហារកាលពីថ្ងៃទី២៧ខែមិថុនា ដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកហូតសញ្ជាតិខ្មែរពីក្រុមមន្ត្រីគណបក្សប្រឆាំងអំឡុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។ លោក ហ៊ុន សែន បានអះអាងថា ការធ្វើកែច្បាប់នេះ ដើម្បីដាក់ទោសក្រុមបក្សប្រឆាំងទាំងឡាយណាដែលបានគប់គិតជាមួយបរទេសបំផ្លាញកម្ពុជា។
ប្រហែលជាមានតម្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសាជាថ្មីទៀត ដែលខ្ញុំផ្ដាំផ្ញើទៅឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាសិក្សា អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាដែលគប់គិតជាបរទេសបំផ្លាញខ្មែរ។
— លោក ហ៊ុន សែន
ការលើកឡើងរបស់លោក ហ៊ុន សែន នេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនរិះគន់ថា ជាលេសធ្វើទុក្ខបុកម្នេញក្រុមបក្សប្រឆាំងដើម្បីរក្សាអំណាចគ្រួសារត្រកូលហ៊ុន។ ម្ចាស់គណនីហ្វេសប៊ុក សុធន់(Sothon Saing) សរសេរថា ដកហូតសញ្ជាតិពីពលរដ្ឋខ្មែរយកទៅឱ្យជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់មែន? ចំណែកហ្វេសប៊ុក ឈ្មោះពុត សំណាង សរសេរបែបឌឺដងថា បើដកសញ្ជាតិអីចឹងពេលចូលស្រុកប្រុងចាប់បញ្ជូនទៅភពផ្កាយមែន? ចំណែកហ្វេសប៊ុកឈ្មោះ វុទ្ធី កែប (vuthy Kep) សរសេរថា គាត់មានការតូចចិត្តណាស់នៅពេលបែកបាក់ជាតិ ហើយទឹកដីចេះតែរួមតូច និងហ្វេសប៊ុកឈ្មោះ ភិក្ខុ វត ពិសិទ្ធ ( Phikku Vort Piseth) សរសេរបែបឡកឡឺយថា ដក ហ៊ុន សែន ផងជាដើម។
ទោះជាយ៉ាងណាដោយមិនបង្អែបង្អង់យូរក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គកាលទី២ខែកក្កដា ដើម្បីពិភាក្សា និងរៀបចំសេចក្ដីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញលើសេចក្ដីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ គឺអាចធ្វើទៅបាន។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា សំណើកែច្បាប់ដកសញ្ជាតិរបស់លោក ហ៊ុន សែននេះ គឺជារឿងគួរឱ្យហួសចិត្ត ព្រោះលោកជាប្រធានព្រឹទ្ធសភាគួរតែធ្វើការងារដើម្បីភាពសុខសាន្តរបស់ពលរដ្ឋ គឺពុំមែនបង្កើតច្បាប់ធ្វើបាបពលរដ្ឋខ្លួនបែបនេះទេ។
វាអត់មានច្បាប់ណាដកសញ្ជាតពីកំណើតទេ ពីព្រោះសញ្ជាតិពីកំណើតហ្នឹងគឺធម្មជាតិជាអ្នកផ្ដល់ឱ្យ ទោះបីកូនខ្មែរទោះបីអ្នកនឹងកើតនៅលើដីថ្មីដែលមានឪពុកម្ដាយជាខ្មែរ មានសញ្ជាតិដោយស្វ័យប្រវត្តអាហ្នឹងណាស់។ ហើយដល់ទៅយើងចង់ទៅបំបាត់អាធម្មជាតិហ្នឹង អាហ្នឹងគឺវាចម្លែកមែនទែន អ៊ីចឹងបានខ្ញុំចាត់ទុកថាជានយោបាយលីលាអាហ្នឹង។
— លោក អេង ឆៃអ៊ាង
រដ្ឋធម្មនុញ្ញមាត្រា៣៣បានចែងថា ពលរដ្ឋខ្មែរមិនត្រូវបានដកសញ្ជាតិ និរទេសឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេសត្រូវបានរដ្ឋគាំពារ ហើយការទទួលបានសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់។
លោកមេធាវី កង ឫទ្ធិគីរី(Rithkiry Kang) ដែលធ្លាប់ការពារក្ដីនៅសាលាក្ដីខ្មែរក្រហម បានសរសេរលើហ្វេសប៊ុកថា ការដកសញ្ជាតិពលរដ្ឋពីរដ្ឋមួយ ប្រឆាំងទៅនឹងគោលការណ៍ជាសកលស្ដីពីសញ្ជាតិពីកំណើតដែលជាការរំលោភបំពានធ្ងន់ធ្ងរពីសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ ប្រឆាំងទៅនឹងសិទ្ធិតាំងទីលំនៅជាក់លាក់ដោយសារគេបំបាត់រដ្ឋលើបុគ្គល សិទ្ធិលើកម្មសិទ្ធិ សិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិបោះឆ្នោត សិទ្ធិឈរអោយគេបោះឆ្នោត សិទ្ធិទទួលបានការងារដោយមិនមានការរើសអើងនិងសិទ្ធិអាពាហ៍ពិពាហ៍ដោយសេរីជាដើម។
នៅពេលលោក ហ៊ុន សែន ព្យាយាមលុបបំបាត់សញ្ជាតិពីពលរដ្ឋរបស់ខ្លួនបែបនេះ រដ្ឋាភិបាលត្រកូល ហ៊ុន សែន តែងតែស្នើព្រះមហាក្សត្រផ្ដល់សញ្ជាតិដល់ជនបរទេស រាប់រយនាក់ជារៀងរាល់ឆ្នាំជាពិសេសជនជាតិវៀតណាម និងជនជាតិចិន ក្នុងនោះអ្នកខ្លះជាមេឧក្រិដ្ឋជនលាងលុយកខ្វក់ទៀតផងដូចជា មហាសេដ្ឋីដើមកំណើតចិនវ័យក្មេង ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ទទួលបានសញ្ជាតិខ្មែរកាលពីដើមឆ្នាំ២០១៤។
លោក ចេន ហ្ស៊ី គឺជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) ជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហ៊ុន សែន និងជាទីប្រឹក្សាមេដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត។ ក្រុមប្រឹក្សាជាតិតស៊ូបានចេញសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី០២ ខែកក្កដា ប្រឆាំងដាច់ខាតនឹងការកែរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ និងចាត់ទុកទង្វើនេះជាការប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ខ្មែរ ប៉ងបំបាត់ពូជជាតិសាសន៍ខ្មែរតាមមហិច្ឆតាបរទេសឈ្លានពាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។