លោក ហ៊ុន សែន ប្រាប់មេដឹកនាំសិង្ហបុរីថា កម្ពុជាមិនចង់មានសង្គ្រាមជាមួយថៃរឿងព្រំដែនឡើយ

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានប្រាប់នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរីថា កម្ពុជាចង់ដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្ដិភាពវិធី និងមិនចង់ឱ្យមានសង្គ្រាមផ្ទុះឡើយ។ ចំណែកនាយករដ្ឋមន្ត្រីសិង្ហបុរីជំរុញឱ្យប្រទេសទាំងពីរដោះស្រាយជម្លោះស្របតាមច្បាប់អន្តរជាតិ។

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី០២ ខែកក្កដា បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក ឡរ៉េន វ៉ុង (Lawrence Wong) នៅ​វិមាន​ព្រឹទ្ធសភា ខណៈ​មេដឹកនាំ​សិង្ហបុរី​បាន​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ១ថ្ងៃ​នៅ​កម្ពុជា តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦០ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ចុះផ្សាយ​ថា នៅ​ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក ឡរ៉េន វ៉ុង បាន​ពិភាក្សា​គ្នា​ពី​ការ​រក្សា​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​អស់រយៈ​ពេល ៦០ឆ្នាំ​មក​នេះ ខណៈ​លោក ហ៊ុន សែន ក៏​ចង់​ឱ្យ​ប្រទេស​ទាំង​ពីរ​ពង្រីក​ទំនាក់ទំនង​បន្ថែម​ទៀត​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍ គឺ​ការ​បន្ថែម​ចំនួន​ជើងហោះហើរ​ត្រង់​ពី​សិង្ហបុរី​មក​កម្ពុជា នៅ​ពេល​កម្ពុជា​នឹង​ដំណើរការ​ព្រមាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ពេល​ខាង​មុខ​នេះ។

លោក ហ៊ុន សែន ក៏​បាន​លើកឡើង​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ ដោយ​លោក​បាន​ប្រាប់​ទៅ​មេដឹកនាំ​សិង្ហបុរី​ថា កម្ពុជា​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ​ឡើយ ហើយ​ចង់​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី និង​តាម​ច្បាប់​អន្តរជាតិ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្ពុជា​នឹង​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​វាយបក ប្រសិនបើ​យោធា​ថៃ​នៅ​តែ​បំពាន​និង​ឈ្លានពាន​ទឹកដី​កម្ពុជា។

នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក ឡរ៉េន វ៉ុង ក៏​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ដើម្បី​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ស្របពេល​ប្រទេស​ទាំង​ពីរ​ប្រារព្ធ​ខួប​៦០ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត។

លោក​បាន​សរសេរ​បង្ហោះ​ទៀត​ថា ស្របពេល​មាន​ភាព​តានតឹង​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ លោក​បាន​លើកឡើង​ពី​ភាព​ចាំបាច់​សម្រាប់​ភាគី​កម្ពុជា​និង​ថៃ ត្រូវ​រក្សា​ភាព​អត់ធ្មត់ បន្ធូរបន្ថយ​ភាព​តានតឹង និង​ត្រូវ​បន្ត​ចរចា​ដោះស្រាយ​ជម្លោះ​ដោយ​មិត្តភាព និង​ស្របតាម​ច្បាប់​អន្តរជាតិ។ លោក​បញ្ជាក់​ទៀត​ថា អាស៊ាន​មិន​ត្រូវ​បែកបាក់​គ្នា​ដោយសារ​ជម្លោះ​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត បាន​រៀបចំ​ជំនួប​ជាមួយ​លោក ឡរ៉េន វ៉ុង នៅ​វិមាន​សន្ដិភាព និង​បាន​ពិភាក្សា​គ្នា​លើ​ប្រធានបទ​ជាច្រើន ទាំង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី ក្នុងនោះ​រួមមាន វិស័យ​ពាណិជ្ជកម្ម វិនិយោគ​និង​ហិរញ្ញវត្ថុ ការពារជាតិ​និង​សន្ដិសុខ កសិកម្ម ថាមពល និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​និង​វិជ្ជាជីវៈ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ធ្លាប់​បាន​ស្នើ​ទៅ​អគ្គមេបញ្ជាការ​នៃ​កងស្វ័យ​ការពារ​ជើង​គោក​ជប៉ុន លោក​នាយ​ឧត្តមសេនីយ៍ ម៉ូរីស៊ីកា យ៉ាស៊ូណូរី (Morishita Yasunori) ដែល​បាន​ធ្វើ​ដំណើរ​បំពេញទស្សន​កិច្ច​នៅ​កម្ពុជា ឱ្យ​ជួយ​ជំរុញ​ទៅ​ប្រទេស​ថៃ ចូលរួម​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​សន្ដិវិធី និង​គោរព​ច្បាប់​អន្តរជាតិ។

កម្ពុជា​នៅ​តែ​ជំហរ​ដោះស្រាយ​បញ្ជា​ព្រំដែន​ជាមួយ​ថៃ​នៅ​តុលាការ​អន្តរជាតិ (ICJ)។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា លោក​នឹង​មិន​ឱ្យ​មាន​កិច្ច​ចរចា​ណា​មួយ​រវាង​កងទ័ព​និង​កងទ័ព​កើតឡើង​ឡើយ ដរាបណា ក្រុម​យោធា​ថៃ​មិន​បើក​ព្រំដែន​ទាំង​អស់​ដែល​ខ្លួន​បាន​បិទ​ជា​ឯកតោ​ភាគី ឱ្យ​ដំណើរការ​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១០​យប់​ជា​ធម្មតា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។