ចៅក្រមតុលាការធម្មនុញ្ញថៃចំនួន ៧នាក់ ក្នុងចំណោម ៩នាក់ បានសម្រេចព្យួរតួនាទីអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ពីតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីតុលាការបានទទួលយកញត្តិពីក្រុមសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ដែលចោទអ្នកស្រីថាបានបំពានរដ្ឋធម្មនុញ្ញ និងស្នើសុំឱ្យតុលាការ បើកការស៊ើបអង្កេតជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងអ្នកស្រី ផេថងថាន ជាមួយប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន។
អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានចេញសេចក្ដីថ្លែងការណ៍ទទួលយកការសម្រេចរបស់តុលាការធម្មនុញ្ញ។ អ្នកស្រីបានបញ្ជាក់ថា នៅក្នុងសារសន្ទនាតាមទូរស័ព្ធជាមួយលោក ហ៊ុន សែន ដែលអ្នកស្រីនិយាយបរិហារមេទ័ពភូមិភាគ២របស់ថៃថាក្រុមប្រឆាំង គឺគ្រាន់តែមានបំណងការពារកុំឱ្យមានការប្រយុទ្ធបង្ហូរឈាមគ្នារវាងកងទ័ពប្រទេសទាំងពីរ។
ទោះជាយ៉ាងណា អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ នឹងបន្តស្ថិតនៅក្នុងគណៈរដ្ឋមន្ត្រីដដែល ដោយប្ដូរមកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្រោយពីមានការយល់ព្រមពីព្រះមហាក្សត្រ ខណៈលោក សូរិយា ជីងរុងរឿងគិត នឹងដឹកនាំគណៈរដ្ឋមន្ត្រីថ្មី ចូលស្បថកាន់តំណែងនៅថ្ងៃទី០៣ ខែកក្កដា ខាងមុខនេះ។
ជម្លោះព្រំដែនកម្ពុជានិងថៃបន្តភាពតានតឹង រហូតឈានដល់ការព្រំដែននៃប្រទេសទាំងពីរ និងការឈប់នាំចូលអគ្គិសនី អ៊ិនធឺណិត បន្លែ ផ្លែឈើ ប្រេងសាំង ពីប្រទេសថៃ។
ក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា លោករង់ចាំអ្នកមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃ ដែលអាចសម្រេចបិទបើកព្រំដែន។
ការចរចារឿងយោធា គឺទាល់តែបើកច្រកព្រំដែនទៅធម្មតាឡើងវិញ បានយើងគិតគូរពីការជួបគ្នារវាងកងទ័ពនិងកងទ័ព ព្រោះបើមិនអ៊ីចឹង យើងទុកចិត្តរឿងអី បើគ្រាន់តែក្រដាសមួយសន្លឹក ជជែកគ្នាមិនត្រូវផង (កងទ័ពជើងគោក ជើងទឹក ក្រសួងការពារជាតិ និងក្រសួងការបរទេសថៃ) ឱ្យខ្ញុំជឿពីណាឥឡូវ។ អ៊ីចឹង កម្ពុជាពីដើមដល់ឥឡូវ សំឡេងអត់មានច្រើនទេ សំឡេងនៃការបើកនិងការបិទ។
— លោក ហ៊ុន ម៉ាណែត
លោក ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុកថា រដ្ឋាភិបាលនឹងមិនរាថយក្នុងការយកសំណុំរឿងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (IJC) ឡើយ។ លោក ហ៊ុន ម៉ាណែត បានបង្ហោះសារបែបនេះ បន្ទាប់ពីលោកបានជួបជាមួយមេធាវីអន្តរជាតិគឺសាស្ដ្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) នៅថ្ងៃទី០១ ខែកក្កដា ដើម្បីពិភាក្សាពីនីតិវិធីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ខណៈមេធាវីជនជាតិបារាំងរូបនេះ ធ្លាប់បានជួយឱ្យកម្ពុជាជោគជ័យក្នុងការប្ដឹងបកស្រាយសាលក្រមរឿងក្ដីប្រាសាទព្រះវិហារពីឆ្នាំ២០១១ និងឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។