ថៃចង់ដោះស្រាយត្រឹមទ្វេភាគី មិនចង់ឡើងICJដោះស្រាយរឿងព្រំដែន

រដ្ឋាភិបាលកម្ពុជាបានប្រាប់ទៅភាគីថៃថា កម្ពុជានៅតែរក្សាជំហរបញ្ជូនសំណុំរឿងនៅតំបន់ព្រំដែនរសើបទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិដដែល។ ការឆ្លើយតបនេះធ្វើឡើងក្រោយពេល រដ្ឋាភិបាលថៃបានប្រកាសចង់បន្តការចរចាទ្វេភាគីជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាជាងនាំគ្នាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា កម្ពុជា​បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​នៅ​តំបន់​រសើប​ទាំង​៤ គឺ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំបី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដូច្នេះ បញ្ហា​នៅ​តំបន់​ទាំង​៤​នេះ នឹង​មិន​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី​១៤​មិថុនា​នោះ​ទេ។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ចុះ​នៅ​យប់​ទី​៤ ខែ​មិថុនា ជា​ឆ្លើយតប​ទៅ​ភាគី​ថៃ ស្របពេល​រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា ភាគី​ថៃ​នឹង​ចូលរួម​សហការ​ជាមួយ​កម្ពុជា ដើម្បី​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​ស្មារតី​យុត្តិធម៌ កសាង​ទំនុក​ចិត្ត ជា​អ្នក​ជិត​ខាង​ល្អ និង​ជា​មិត្តភាព​យូរអង្វែង ខណៈ​ភាគី​ចង់​ដោះស្រាយ​ដោយ​ទ្វេភាគី។

រដ្ឋាភិបាល​ថៃ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៤​មិថុនា​ថា ប្រទេស​ថៃ​ខ្លួន​នៅ​តែ​បន្ត​ប្ដេជ្ញា​ចិត្ត ដោះស្រាយ​បញ្ហា​ព្រំដែន តាម​រយៈ​ការ​ចរចា​ទ្វេ​ភាគី ដែល​ជា​យន្តការ​មាន​ស្រាប់ គឺ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) ដែល​បាន​បង្កើត​ឡើង​ក្រោម​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ដើម្បី​កំណត់​ពី​ខ្សែ​បន្ទាត់​ព្រំដែន។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​អ្នកនាំពាក្យ​របស់​នាយករដ្ឋ​មន្ត្រី​ថៃ​គឺ​លោក ជីរ៉ាយុ ហួងសាប់ (Jirayu Houngsub) បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​របស់​រដ្ឋាភិបាល រួម​ទាំង​ក្រុម​កងទ័ព​ផង បាន​បើក​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា និង​បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរ​ប្រកាស​នឹង​បញ្ជូន​សំណុំ​រឿង​ព្រំដែន​ទៅ​ភាគី​ទី​៣ គឺ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

បន្ថែម​ពី​នេះ រដ្ឋាភិបាល​ថៃ​ក៏​បាន​ប្រកាស​ថា តំណាង​របស់​ខ្លួន​នឹង​មក​ចូលរួម​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ខាង​មុខ​នេះ ដើម្បី​ចរចា​រឿង​ព្រំដែន ខណៈ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា នឹង​ប្រើ​កិច្ច​ប្រជុំ​នេះ ដើម្បី​បបួល​ប្រទេស​ថៃ ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុ សំអាន បាន​លើកឡើង​ថា រដ្ឋាភិបាល​ថៃ​ហាក់​កំពុង​លែង​ល្បិច​មិន​ចង់​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ពីព្រោះ​ថៃ​មាន​ចំណុច​ខ្សោយ​ជាង​កម្ពុជា។ លោក​បន្ត​ថា ថៃ​បាន​ប្រើប្រាស់​ផែនទី​គូស​ដោយ​ខ្លួន​ឯង​ខ្នាត​១​លើ​៥០ពាន់ ខណៈ​កម្ពុជា​ប្រើប្រាស់​ផែន​ទី​ខ្នាត​១​លើ​២០០ពាន់ ដែល​បាន​មក​ពី​សន្ធិ​សញ្ញា​បារាំង​និង​សៀម​ឆ្នាំ១៩០៤ និង​ឆ្នាំ​១៩០៧ និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ។

ដោយសារ​មូលហេតុ​ខ្លួន​ប្រើប្រាស់​ផែន​ទី​ក្លែងក្លាយ និង​គូស​ដោយ​ខ្លួន​ហ្នឹង​ហើយ ទើប​ថៃ​មិន​ចង់​ឡើង​ទៅ​តុលាការ​អន្តរជាតិ ហើយ​ចង់​លួងលោម​បន្ត​ចរចា​ទ្វេភាគី​ជាមួយ​កម្ពុជា ដើម្បី​កេង​ចំណេញ​លើ​កម្ពុជា។

—  លោក អ៊ុំ សំអាន

នៅ​ក្នុង​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២​មិថុនា ទាំង​ឪ​និង​កូន​គឺ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា កម្ពុជា​នឹង​នៅ​តែ​បន្ត​ប្ដឹង​ករណី​ជម្លោះ​នៅ​ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំបី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ បើទោះជា​ភាគី​រដ្ឋា​ភិបាល​ថៃ មិន​ព្រម​ទទួល​យក​ការ​បបួល​ពី​កម្ពុជា ដើម្បី​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​ក្ដី។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាជាតិ​តស៊ូ​លោក គឹម សុខ បាន​យល់​ឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប្រែក្រឡាស់ មិន​ប្ដឹង​ប្រទេស​ថៃ​ទៅ​តុលាការ​អន្តរជាតិ គឺ​មាន​ន័យ​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​ធ្វើ​នយោបាយ​បោក​បញ្ឆោត​រាស្ដ្រ​ខ្មែរ ធ្វើ​ជា​ល្បែង​ជួយ​ស្រោចស្រង់​រដ្ឋាភិបាល​ត្រកូល​ថាក់ស៊ីន ឱ្យ​រួច​ផុត​ពី​ការ​គាបសង្កត់​របស់​ក្រុម​យោធា។

មាន​ន័យ​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្រកាស​ប្ដឹង​ទៅ ដើម្បី​ទុក​ហេតុផល​ឱ្យ​លោក ថាក់ស៊ីន ប្រាប់​ទៅ​កងទ័ព​ថៃ ថា​មាន​តែ​រដ្ឋាភិបាល​គ្រួសារ «​ថាក់ស៊ីន​» ទេ ដែល​អាច​និយាយ​ជាមួយ​រដ្ឋាភិបាល​ត្រកូល «ហ៊ុន» កុំ​ឱ្យ​ប្ដឹង​ករណី​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ​បាន។ ហើយ​បើ​ដក​រដ្ឋាភិបាល​គ្រួសារ «ថាក់ស៊ីន» ចេញ​ពី​អំណាច នោះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ហើយ។

—  លោក គឹម សុខ

ក្រោយ​ពី​កម្ពុជា​ប្ដេជ្ញា​បញ្ជូន​សំណុំ​រឿង​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ​មក កងទ័ព​ថៃ​បាន​ប្រកាស​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹក​ដី ក្នុង​នោះ កងទ័ព​មួយ​ចំនួន បាន​បង្ហាញ​ការ​លំហាត់​សមយុទ្ធ នៅ​ក្នុង​ខេត្ត​កាន់ច័ន្ទបុរី (Kanchanburi) និង​ខេត្ត លុបបុរី (Lopburi) ដើម្បី​ត្រៀម​មក​ជួយ​ប្រយុទ្ធ​គាំទ្រ​កងទ័ព​ភូមិ​ភាគ​ទី​២ ដែល​កំពុង​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ជាមួយ​កម្ពុជា ខណៈ​កម្ពុជា​ក៏​បញ្ជូន​កងទ័ព និង​អាវុធ​ទៅ​ព្រំដែន​មាន​ជម្លោះ​ដែរ។

អ្នក​ឃ្លាំមើល​និង​មន្ត្រី​បក្ស​ប្រឆាំង ជំរុញ​ទៅ​រដ្ឋាភិបាល​គួរ​តែ​បញ្ចូល​ទាំង​សំណុំ​រឿង​កោះគជ់ និង​ជម្លោះ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា ដើម្បី​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែរ ពីព្រោះ​ការ​ចរចា​ទ្វេ​ភាគី នឹង​ធ្វើ​ឱ្យ​ខ្មែរ​ប្រឈម បាត់បង់​ទឹក​ដី​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។