ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់វិទ្យុអាស៊ីសេរីថា ការចាប់ខ្លួននេះគឺសមត្ថកិច្ចមិនបានបង្ហាញដីកានោះទេ។ លោកចាត់ទុកករណីនេះថា ជាការគំរាមកំហែងផ្នែកនយោបាយនិងស្នើឱ្យអាជ្ញាធរដោះលែងលោក ឌឹម គៀង ដោយឥតលក្ខខណ្ឌ។
វាជារឿងដដែលៗ ហើយជាការបំភិតបំភ័យដល់សកម្មជនផ្សេងៗទៀត ហើយខ្ញុំគិតថា មិនត្រូវបន្តការនាំខ្លួនរឿងកំហុសបន្តិចបន្តួចណានោះទេ បើមានកំហុសបន្តិចបន្តួចគួរតែហៅអប់រំណែនាំ ដើម្បីឱ្យគាត់ធ្វើការកែលំអ។ ការចាប់ខ្លួនវាជារូបភាពមួយមិនល្អសម្រាប់សង្គមដែលយើងតែងតែពោលពាក្យថា ទទួលយករបបប្រជាធិបតេយ្យនោះទេ។
— លោក រ៉ុង ឈុន
ប៉ូលិសបានចាប់ខ្លួនលោក ឌឹម គៀង ក្នុងពេលទៅធ្វើការនៅមុខរោងចក្រមួយកន្លែងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយបានបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗនៅព្រឹកថ្ងៃដដែល។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសចុះថ្ងៃទី៣មិថុនាថា ការចាប់ខ្លួននេះគឺធ្វើឡើងតាមដីការបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ដោយចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងរឿងចែករំលែកសាររិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល។
ហ្វេសប៊ុករបស់លោក ឌឹម គៀង បានចែករំលែកសារអមដោយរូបថតពីសកម្មភាពការងាររបស់លោក ហ៊ុន សែន និងថ្នាក់ដឹកនាំរដ្ឋាភិបាលមួយចំនួន ដែលសរសេរខ្លឹមថា នេះដែលគេតែងហៅថា ចោរស្របច្បាប់ក្នុងសម័យសន្តិភាពដឹកនាំដោយត្រកូលហ៊ុន។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា សមត្ថកិច្ចចាប់ខ្លួនពលរដ្ឋដោយពុំបង្ហាញដីកាគឺជាទង្វើខុសច្បាប់។ ចំណែកឯការរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលតាមហ្វេសប៊ុក លោកថា គឺការសម្ដែងមតិរបស់ពលរដ្ឋស្របតាមច្បាប់ជាតិនិងអន្តរជាតិ។
អ៊ីចឹងយើងបានឃើញថា លំហសេរីភាពក្នុងការបញ្ចេញមតិនេះមិនអាចបញ្ចេញបានគ្រប់ប្រធានបទទេ។ ការបញ្ចេញមតិនេះ គឺបញ្ចេញបានទៅលើបញ្ហាណាដែលនិយាយពីចំណុចល្អ ចំណុចវិជ្ជមាន របស់ថ្នាក់ដឹកនាំ ឬក៏របស់អាជ្ញាធរណាមួយ។ ប៉ុន្តែការបញ្ចេញមតិពាក់ព័ន្ធការផ្ដល់ជាយោបល់ ជាការស្ថាបនានៅក្នុងការដឹកនាំនៅក្នុងការធ្វើអ្វីមួយនោះ មិនអាចធ្វើទៅបានទេ។
— លោក យិន ម៉េងលី
គិតត្រឹមរសៀលថ្ងៃទី៣ខែមិថុនា ប៉ូលិសបន្តសាកសួរលោក ឌឹម គៀង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងរយៈពេលជាង១ខែមកនេះអាជ្ញាធរបានចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិចំនួន២នាក់ហើយ ក្នុងនោះម្នាក់ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ លោក យ៉ាង សុខឃាង ហើយបច្ចុប្បន្នកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម រឿងបង្ហោះសាររិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វេសប៊ុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។