មជ្ឈមណ្ឌលស្រាវជ្រាវរបស់អាមេរិក សង្ស័យថា ចិនអាចពង្រីកវត្តមានយោធាលាតសន្ធឹងហួសពីមូលដ្ឋានទ័ពរាម ដោយសាររូបភាពពីប្រព័ន្ធផ្កាយរណប និងការចុះផ្សាយពីបណ្ដាញសារព័ត៌មានបរទេសកន្លងមក បានបង្ហាញថា ទីតាំងមួយនៅលើកំពូលភ្នំស្ថិតក្នុងឧទ្យានជាតិរាមកំពុងមានការសាងសង់មូលដ្ឋានការពារដែនអាកាស ដែលមានចម្ងាយប្រហែល ៨០០ម៉ែត្រ នៅទិសខាងជើងនៃមូលដ្ឋានទ័ពរាម។ នៅទីតាំងនោះ ត្រូវបានឈូសឆាយសម្រាប់ការសាងសង់តាំងពីឆ្នាំ២០២១ ប៉ុន្តែទើបនៅក្នុងខែតុលាឆ្នាំ២០២៤ និងខែកុម្ភៈឆ្នាំ២០២៥ គេបានឃើញមានការវិវឌ្ឍមួយចំនួនបន្ទាប់ពីមានការសាងសង់ជាសំណង់ រួមទាំងកម្មករធ្វើការជាមួយយោធាជើងទឹកមកពីមូលដ្ឋានទ័ពរាម។
លើសពីនេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន (Wang Wenbin) បានចុះទៅពិនិត្យទីតាំងផ្ទាល់ ដែលនាំឱ្យមានការចោទសួរយ៉ាងខ្លាំងថា ចិនអាចជួយអភិវឌ្ឍមូលដ្ឋានការពារដែនអាកាសនេះ។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ឧសភាថា ការរកឃើញជាថ្មីពីមជ្ឈមណ្ឌលស្រាវជ្រាវរបស់អាមេរិកនេះ ជាបន្ទុកធំមួយសម្រាប់កម្ពុជាត្រូវបកស្រាយឱ្យច្បាស់លាស់ ដើម្បីបញ្ចៀសការចោទប្រកាន់បន្ថែម និងដើម្បីរក្សានូវគោលជំហរអព្យាក្រឹត្យរបស់ខ្លួន។
កាលណាកម្ពុជាបាត់ជំហរអព្យាក្រឹត្យ នយោបាយកម្ពុជាអាចរងសម្ពាធច្រើនពីសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងករណី កម្ពុជាកំពុងចរចារឿងទម្លាក់ពន្ធ ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ដំឡើងដល់៤៩% ផង ហើយយើងនៅក្នុងការចរចាគ្នាលើកចុងក្រោយនៅសប្ដាហ៍ទី១ខែមិថុនានេះ។ ប្រសិនបើព័ត៌មានហ្នឹងកើតឡើង ហើយខ្វះការបកស្រាយ ឬបង្ហាញភាពជឿជាក់របស់កម្ពុជាទៅសហគមន៍អន្តរជាតិ វាជាបញ្ហាមួយប្រឈមសម្រាប់កម្ពុជា។
— លោក ឯម សុវណ្ណារ៉ា
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington D.C.) សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍មួយ នៅដើមខែឧសភា ដោយបានរកឃើញទីតាំងថ្មីមួយចំនួនក្នុងមូលដ្ឋានទ័ពរាម ដូចជាកន្លែងចុះចត ឧទ្ធម្ភាគចក្រ ឃ្លាំងស្ដុកទុកគ្រាប់ និងកន្លែងដែលយោធាចិនអាចមានសិទ្ធិប្រើប្រាស់ផ្ដាច់មុខផ្សេងទៀត។ មជ្ឈមណ្ឌលស្រាវជ្រាវនេះលើកឡើងទៀតថា ផែធំបំផុតរបស់មូលដ្ឋានទ័ពរាមដែលសាងសង់ចូលទៅក្នុងសមុទ្រ ត្រូវបានប្រើប្រាស់សម្រាប់តែការចូលចតនៃនាវាចម្បាំងចិន ខណៈផែតូចមួយទៀត សម្រាប់ការចតនៃនាវាកងទ័ពកម្ពុជា ហើយផែសាងសង់ជាប់តាមបណ្ដោយឆ្នេរ សម្រាប់ប្រើប្រាស់នៃការចូលចតនាវាបរទេស មកបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពរាម។

ចិនបានបញ្ជូននាវាចម្បាំងពីរគ្រឿងមកចូលចតនៅផែរាមតាំងពីខែធ្នូ ឆ្នាំ២០២៣ និងក្រោយមក បានឱ្យនាវាម្ដងពីរគ្រឿង ចូលចតសម្រាប់ផ្លាស់វេនគ្នា។ យ៉ាងហោចណាស់ នាវាចម្បាំងចិន៦គ្រឿង បានផ្លាស់វេនគ្នាមកចូលចតនៅផែរាម គឺនៅក្នុងខែកក្កដា ឆ្នាំ២០២៤ម្ដង និងនៅក្នុងខែកុម្ភៈឆ្នាំ២០២៥ម្ដង។ ការចូលចតផ្លាស់វេនគ្នានេះ បន្ទាប់ពីមានការប្រកាសមួយក្នុងខែកញ្ញា ឆ្នាំ២០២៤ថា ចិននឹងអាចប្រគល់នាវាចម្បាំងពីរគ្រឿងឱ្យកងទ័ពកម្ពុជា។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា បានទេនៅថ្ងៃទី១៩ឧសភា។
ការលើកឡើងពីស្ថាប័នស្រាវជ្រាវអាមេរិកនេះ ធ្វើឡើងស្របពេលកងទ័ពកម្ពុជានិងចិនជាង២ពាន់នាក់ កំពុងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥រួមគ្នា រយៈពេល២សប្ដាហ៍ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៨ឧសភា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិស័យកងទ័ពប្រទេសទាំងពីរ។ សមយុទ្ធនេះ ធ្វើឡើង ទាំងនៅលើអាកាស លើគោក និងលើទឹកនៅខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។ ចិនបានបញ្ជួននាវាចម្បាំងមួយគ្រឿងទៀត ឈ្មោះ ឆាងប៉ី សាន (Changbai Shan) សម្រាប់ដឹកកងទ័ពនិងសព្វាវុធយោធាមកធ្វើសមយុទ្ធ និងកំពុងចតនៅឯផែយោធារាម។
នេះគឺជាការធ្វើសមយុទ្ធនាគមាសលើកទី៧ និងជាលើកដំបូង បន្ទាប់ពីមូលដ្ឋានទ័ពរាម ដែលចិនជួយសាងសង់ឡើងជាថ្មី ត្រូវបានសម្ពោធកាលពីថ្ងៃទី៥ខែមេសា។
មជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ បានលើកឡើងថា នាវានៃកងទ័ពជើងទឹកជប៉ុន និងវៀតណាម ដែលបានចូលចតនៅមូលដ្ឋានទ័ពរាមកាលពីពេលថ្មីៗនេះ គឺមិនបានចូលចតនៅផែធំបំផុតរបស់ទ័ពរាម ដែលនាវាចម្បាំងចិនបានចូលចតនោះទេ។ នាវាជប៉ុន និងវៀតណាម បានចូលចតនៅផែទើបនឹងសាងសង់ថ្មីតាមបណ្ដោយឆ្នេរ ស្ថិតនៅខាងត្បូងនៃមូលដ្ឋានទ័ពរាម ហើយក្រុមនាវិក ជប៉ុននិងវៀតណាម ក៏ត្រូវបានទទួលស្វាគមន៍និងជួបប្រជុំជាមួយកងទ័ពកម្ពុជា នៅក្នុងបរិវេណអាគារ ដែលស្ថិតនៅភាគអាគ្នេយ៍នៃជ្រុងម្ខាងទៀតរបស់មូលដ្ឋានទ័ពរាម និងគ្មានការបញ្ជាក់ថា កងទ័ពជើងទឹកជប៉ុននិងវៀតណាម បានចូលទៅទស្សនាទីតាំងផ្សេងទៀតនៃមូលដ្ឋានទ័ពរាមនោះដែរ។
អ្នកនាំពាក្យប្រឹក្សាជាតិតស៊ូលោក គឹម សុខ បានប្រៀបធៀបការចូលចតនៃនាវាកងទ័ពជប៉ុន និងវៀតណាម ថាបានត្រឹមជានាវាទេសចរណ៍មើលពីចម្ងាយ មិនអាចមើលឃើញស៊ីជម្រៅរឿងរ៉ាវនៅក្នុងមូលដ្ឋានទ័ពរាមនោះទេ។
វាមិនមែនជារឿងធម្មតាពេកទេ ដែលរដ្ឋាភិបាលត្រកូល «ហ៊ុន» វាយកម្ទេចនូវសំណង់ដែលជាជំនួយរបស់សហរដ្ឋអាមេរិក (នៅមូលដ្ឋានទ័ពរាម) ហើយជំនួសដោយសំណង់និងបច្ចេកវិទ្យារបស់ប្រទេសចិន។ ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងចិន និងរដ្ឋាភិបាលត្រកូល «ហ៊ុន» ស៊ីជម្រៅខ្លាំងណាស់។
— លោក គឹម សុខ
រីឯអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានយល់ថា ការរកឃើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិកនេះ នឹងធ្វើឱ្យខូចមុខមាត់កម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិ។
ដោយសារតែវត្តមានយោធាចិននៅក្នុងតំបន់ ក្រៅពីទីតាំងរបស់ចិន (ប្រទេសចិន) នឹងធ្វើឱ្យឥទ្ធិពលរបស់សហរដ្ឋអាមេរិក មានការគំរាមកំហែង ហើយធ្វើឱ្យប៉ះពាល់សន្ដិសុខរបស់ប្រទេសនៅក្នុងតំបន់ ដែលមានជម្លោះជាមួយនឹងចិន ដូចជាប្រទេសសមាជិកអាស៊ានទាំង៤ប្រទេស ដែលមានជម្លោះទាមទារដែនសមុទ្រចិនខាងត្បូង។
— លោក សេង វណ្ណលី
ក្រុមអ្នកឃ្លាំមើល បានបារម្ភថា បញ្ហានេះប៉ះពាល់ដំណើរការនៃចរចាសុំបន្ធូរបន្ថយពន្ធ៤៩ភាគរយដែរ ប្រសិនបើកម្ពុជា គ្មានការបកស្រាយសមរម្យ៕
សូមលោកអ្នកនាងរង់ចាំទស្សនារឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។