ក្រុមអ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន ម៉ាណែត ជជែករឿងកោះគជ់នៅពេលជួបនាយករដ្ឋមន្ត្រីថៃ

ក្រុមអ្នកឃ្លាំមើលស្នើទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវហ៊ានលើកយកបញ្ហាកោះគជ់ និងបញ្ហាព្រំដែនមួយចំនួនទៀត ទៅជជែកជាមួយនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅពេលមេដឹកនាំថៃរូបនេះ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែមេសា។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាជាតិ​តស៊ូ លោក គឹម សុខ ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា គួរ​យក​ករណី​បញ្ហា​កោះគជ់ ករណី​នៅ​ប្រសាទ​តាមាន់ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តាក្របី ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ប្រសិន​បើ​ភាគី​ថៃ​នៅ​តែ​ចចេស​ទាមទារ​យក​ប្រសាទ​ខ្មែរ និង​បដិសេធ​ការ​ទាមទារ​ចំណែក​គ្រប់គ្រង​កោះគជ់​របស់​ខ្មែរ។ លោក គឹម សុខ ព្រួយបារម្ភ​ថា ការ​ចរចា​ទ្វេ​ភាគី​កម្ពុជា​-​ថៃ គឺ​កម្ពុជា​ហាក់​ចាញ់​ប្រៀប​ថៃ។

នៅ​តែ​មិន​ទុក​ចិត្ត​ការ​ចរចា​នៅ​ឡើយ ហើយ​ទាមទារ​ឱ្យ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ដាច់​ខាត។

—  លោក គឹម សុខ

ទាក់ទង​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សោភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចុះ​ថ្ងៃ​ទី​២១ ខែ​មេសា បាន​ឱ្យ​ដឹង​ថា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និង​ស្វាមី គ្រោង​ចូល​គាល់​ព្រះមហាក្សត្រ ជួប​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ជួប​ប្រធាន​ព្រឹទ្ធសភា អ្នកស្រី ឃួន សុដារី និង​លោក​ជួប​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់​អ្នកស្រី ផែថងថាន គឺ​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ពិភាក្សា​ពី​ការ​កំណត់​ទិសដៅ​សកម្មភាព និង​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។ នៅ​ចុង​បញ្ចប់​នៃ​ជំនួប ភាគី​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយ​ចំនួន​ផងដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់​ថា ភាគី​កម្ពុជា មិន​ហ៊ាន​លើក​យក​ករណី​កោះគជ់ និង​រឿង​ប្រាសាទ​ទាំង​នោះ ទៅ​ជជែក​ស៊ី​ជម្រៅ ជាមួយ​មេដឹកនាំ​ថៃ​ឡើយ។ លោក​បន្ត​ថា កន្លង​មក អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ គឺ​លោក ហ៊ុន សែន បាន​ជាប់ជំពាក់​នឹង​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដែល​មាន​ភាព​មិន​ប្រក្រតី ដែល​ធ្វើ​កម្ពុជា​ចាញ់​ប្រៀប​ប្រទេសថៃ​និង​ប្រទេស​វៀតណាម។

កន្លែង​ហ្នឹង​ដែល​ធ្វើ​ឱ្យ​មាន​ចំណុច​ខ្សោយ​របស់​លោក ហ៊ុន សែន វា​ត្រូវ​ជាប់​គន្លាក់​ជាមួយ​វៀតណាម និង​ថៃ។ អ៊ីចឹង បាន​ឃើញ​គ្រួសារ​ហ្នឹង​និយាយ​បកស្រាយ​បញ្ហា​ព្រំដែន​ហ្នឹង និយាយ​បកស្រាយ​បញ្ហា​ព្រំដែន​បន្លំ​យក​រួច​ខ្លួន អត់​ធ្វើ​តាម​ការ​ស្នើឡើង​របស់​ប្រជាពលរដ្ឋ​ទេ។

—  លោក ម៉ែន ណាត

ការ​បំពេញ​ទស្សនកិច្ច​របស់​មេដឹកនាំ​ថៃ​នៅ​ពេល​ខាង​មុខ​នេះ ស្របពេល​បញ្ហា​កោះគជ់ កំពុង​ឡើង​កម្ដៅ ដោយ​មេដឹកនាំ​ថៃ​តែងតែ​អះអាង​ថា កោះគជ់​ជា​កម្មសិទ្ធិ​របស់​ថៃ ចំណែក​មេដឹកនាំ​កម្ពុជា ត្រឹម​អះអាង​ថា ខ្លួន​កំពុង​ចរចា​ជាមួយ​ថៃ​លើ​រឿង​កោះគជ់។ រីឯ​នៅ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី ពេលនេះ យោធា​កម្ពុជា និង​យោធាថៃ កំពុង​ពង្រាយ​កម្លាំង​នៅ​ទី​នោះ ហើយ​យូរ​ៗ​ម្ដង មាន​ការ​ប៉ះ​ពាក្យ​សម្ដី​គ្នា​រវាង​ទាហាន​កម្ពុជា និង​ទាហាន​ថៃ។ ចំណែក​ប្រាសាទ​តាមាន់តូច ត្រូវ​បាន​ទាហាន​ថៃ​គ្រប់គ្រង​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។