នាវាចម្បាំងជប៉ុនបានមកដល់កំពង់ផែរាម

អ្នកឃ្លាំមើលបញ្ហាសង្គម និងមន្ត្រីបក្សប្រឆាំងលើកឡើងថា កម្ពុជាគួរតែបើកចំហឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឱ្យមន្ត្រីទូតបរទេស និងនាវាចម្បាំងមកពីគ្រប់ប្រទេសទាំងអស់ចូលចត និងធ្វើទស្សនកិច្ចស្វែងយល់ដោយសេរីពីមូលដ្ឋានទ័ពរាម ដើម្បីឱ្យពួកគេជឿជាក់ថា គ្មានមូលដ្ឋានយោធាចិន។

នាវា​កង​ទ័ព​ជើង​ទឹក​ជប៉ុន​ពីរ​គ្រឿង ដែល​មាន​នាវឹក​សរុប​១៧០​នាក់ បានមក​ដល់​កម្ពុជា​ កាល​ពី​ថ្ងៃ​សៅរ៌​ ទី​១៩​មេសា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច និង​ចូល​ចត​នៅ​កំពុង​ផែ​រាម​រយៈពេល​៤​ថ្ងៃ។ នាវា​ប្រភេទ​ដោះ​មីន​ទាំង​ពីរ​គ្រឿង​នោះ គឺនាវា​បុណហ្គូ​ (Bungo)​ មានប្រវែង១៤១ម៉ែត្រ និង​នាវា​ អ៊ីតាជីម៉ា​ (Etajima)​ មានប្រវែង៦៧ម៉ែត្រ មកពី​កងកម្លាំង​ស្វ័យការពារ​ដែន​សមុទ្រ​ជប៉ុន (JMSDF)។

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា ការ​បញ្ជូន​នាវា​យោធា​ទាំង​ពីរ​គ្រឿង​មក​កម្ពុជា ដើម្បី​រួម​ចំណែក​ដល់​ការ​សម្រេច​បាន នូវ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​សេរី និង​បើកចំហ រួម​ទាំង​សន្ដិភាព ស្ថិរភាព​នៅ​ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​លោក ប៉ោ មករា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២១​មេសា​ថា ការ​ចូល​ចត​នៃ​នាវា​ជប៉ុន ដែល​ជា​សម្ព័ន្ធ​ដ៏​ជិតស្និទ្ធ​របស់​សហរដ្ឋអាមេរិក អាច​ជួយ​ឱ្យ​មូលដ្ឋាន​ទ័ព​រាម មាន​តម្លាភាព និង​លាង​ជម្រះ​មន្ទិល​សង្ស័យ​មួយ​ចំណែក ប៉ុន្តែ​កម្ពុជា ត្រូវ​បាន​បើក​ចំហ​ទទួល​ស្វាគមន៍​ការ​បំពេញ​ទស្សនកិច្ច​នៃ​នាវា​ចម្បាំង​របស់​ក្រុម​ប្រទេស​សេរី ជាច្រើន​បន្ថែម​ទៀត។

នៅ​ពេល​ដែល​មាន​ការ​ចូលចត​នៃ​នាវា​ជប៉ុន​កំពង់​ផែ​រាម ខ្ញុំ​គិត​ថា វា​ជា​ការ​បើក​លំហ​មួយ បំបាត់​ការ​សង្ស័យ​របស់​សហរដ្ឋ​អាមេរិក​។ អ៊ីចឹង​ទេ អ្វី​ដែល​កម្ពុជា​គួរ​បន្ត​ធ្វើ​ទៀត ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ទំនាក់ទំនង​បណ្ដា​ប្រទេស​មហាអំណាច ជាពិសេស គឺ​ត្រូវ​បើក​លំហ​ចូលចត (​កំពង់ផែរាម​) ផ្សេងៗ ពី​បណ្ដា​ប្រទេស​សេរី។

—  លោក ប៉ោ មករា

ចំណែក​អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន លើកឡើង​ដែរ​ថា ដើម្បី​ឱ្យ​ក្រុម​ប្រទេស​សេរី​មាន​ទំនុក​ចិត្ត​ថា គ្មាន​ទីតាំង​យោធាចិន លាក់​នៅ​មូលដ្ឋាន​ទ័ព​រាម កម្ពុជា​ត្រូវ​តែ​ផ្ដល់​ឱកាស​ឱ្យ​មន្ត្រី​ទូត​បរទេស​លោក​ខាង​លិច ឬ​ក្រុម​អ្នក​សារព័ត៌មាន​អន្តរជាតិ​ល្បី​ៗ អាច​ចូល​ទៅ​គ្រប់​ទីតាំង​នៃ​មូលដ្ឋាន​ទ័ព​រាម​ដើម្បី​ត្រួតពិនិត្យ។

ជាពិសេស គឺ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ត្រកូល​កម្ពុជា មិន​បាន​បើក​ចំហ​ឱ្យ​មាន​តម្លាភាព ហើយ​ចូល​ទៅ​ឱ្យ​ដល់​ទី​តាំង​កំពង់​ផែ​រាម ត្រួតពិនិត្យ​មើល​ពី​វត្តមាន​យោធា​ចិន​នៅ​កំពង់​ផែ​រាម​ឬ​ក៏​អត់។ អាហ្នឹង ត្រូវ​បើក​ចំហ​ឱ្យ​មន្ត្រី​ស្ថានទូត​បរទេស​លោក​ខាង​លិច​ប្រចាំ​កម្ពុជា ចូល​មើល​គ្រប់​ទីតាំង​នៅ​កំពង់​ផែ​រាម។

—  លោក អ៊ុំ សំអាន

កាល​ពី​ឆ្នាំ​២០២១ អនុព័ន្ធ​យោធា​របស់​ស្ថានទូត​អាមេរិក លោក​វរសេនីយ​ឯក ម៉ាកុស អិម ហ្វឺរ៉ារ៉ា ( Marcus M. Ferrara) ធ្លាប់​បាន​ចូល​ទៅ​ពិនិត្យ​នៅ​មូលដ្ឋាន​ទ័ព​រាម​ផ្ទាល់ ប៉ុន្តែ​លោក​បាន​សម្រេច​បញ្ចប់​ការ​ដើរ​ត្រួត​ពិនិត្យ​វិញ​ភ្លាម​ៗ។ អនុព័ន្ធ​យោធា​អាមេរិក​រូប​នេះ ចោទ​មន្ត្រី​កម្ពុជា ថា​មិន​បាន​បើក​ចំហរ​ពេញលេញ​ ឱ្យ​លោក​អាច​ដើរ​ពិនិត្យ​គ្រប់​ទី​កន្លែង​នៃ​មូលដ្ឋាន​ទ័ព​រាម ព្រោះ​មាន​ការ​រឹតត្បិត​ទីតាំង​មួយចំនួន ប៉ុន្តែ​ការ​លើកឡើង​នៅ​ពេល​នោះ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រានចោល។

ការ​ចូល​ចត​នៃ​វានា​ជប៉ុន​នេះ ធ្វើ​ឡើង​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង នៅ​កម្ពុជា និង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មូលដ្ឋាន​ទ័ពរាម ដែល​ចិន​បាន​សាងសង់​ផែ​ថ្មី​សម្រាប់​ចត​នាវា​ខ្នាត​ធំ ផែ​ស្ងួត​សម្រាប់​ជួសជុល​វានា និង​ការ​កែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន។

ការ​ពាក់ព័ន្ធ​របស់​ចិន ក្នុង​ការ​ជួយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ព​រាម បាន​ធ្វើ​ឱ្យ​មាន​ក្ដី​ព្រួយបារម្ភ ក្នុង​ចំណោម​ប្រទេស​មហាអំណាច​ធំ​ៗ។ សហរដ្ឋអាមេរិក​ខ្លាច​ថា កងទ័ព​ចិន​អាច​ប្រើប្រាស់​មូលដ្ឋាន​ទ័ពរាម ជា​កន្លែង​ឈរ​ជើង​យុទ្ធសាស្ដ្រ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក ជេន ណាកាតានិ (Gen Nakatani) ថ្លែង​ថា ការ​ចូលចត​នៃ​នាវា​ចម្បាំង​ទាំង​ពីរ​គ្រឿង​នៅ​មូលដ្ឋាន​ទ័ពរាម ជា​ការ​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​សន្ដិសុខ​និង​មិត្តភាព​កាន់​តែ​ជិតស្និទ្ធ​រវាង​កម្ពុជា​និង​ជប៉ុន និង​ដើម្បី​ធ្វើ​ឱ្យ​មូលដ្ឋាន​ទ័ព​រាម​កាន់​តែ​បើកចំហ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​សន្យា​ថា មូលដ្ឋាន​ទ័ពរាម នឹង​បើក​ចំហ​ស្វាគមន៍​ឱ្យ​នាវា​ចម្បាំង​បរទេស​ទាំង​អស់​ចូលចត ដោយ​មិន​មាន​ការ​លាក់បាំង​អ្វី​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។