នាវាជប៉ុនគ្រោងចូលចតនៅកំពង់ផែទ័ពរាម មួយថ្ងៃក្រោយលោក ស៊ី ជីនពីង ចាកចេញពីកម្ពុជា

នាវាយោធាជប៉ុនពីរគ្រឿង គ្រោងចូលចតនៅកំពង់ផែទ័ពជើងទឹករាម ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា គឺមួយថ្ងៃក្រោយពេលប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាកចេញពីកម្ពុជា។

សារព័ត៌មាន​ជប៉ុន​ក្យូដូ (Kyodo) បាន​ដក​ស្រង់​សំដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​លោក ជេន ណាកាតានី (Gen Nakatani) ឱ្យ​ដឹងថា ការ​ចូលចតរបស់​នាវា​ជប៉ុន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា មាន​កំពង់ផែ​កងទ័ព​ជើង​ទឹក​មួយ​ដែល​បើក​ទូលាយ និង​មាន​តម្លាភាព។ ប្រភព​ដដែល​បន្ត​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន ក៏​លើកឡើង​ពី​ការ​ព្រួយបារម្ភ​របស់​ជប៉ុន ជុំវិញ​ការពង្រីក​សកម្មភាព​យោធា​របស់​ចិន​នៅ​ក្រៅ​ប្រទេស។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម ពី​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការ​ចូល​ចត​របស់​នាវា​ជប៉ុន ជា​ការ​រឹត​ចំណង​មិត្តភាព​នៃ​យោធា​ប្រទេស​ទាំង​ពីរ និង​មិន​ពាក់ព័ន្ធ​នឹង​វត្តមាន​លោក ស៊ី ជីនពីង ឡើយ។

លោក សុខ ឥសាន៖ «ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ កុំ​ឱ្យ​ចេះ​តែ​ចោទប្រកាន់​ពីមុន​​​មក​ថា មាន​តែ​កប៉ាល់​នាវា​ចម្បាំង​របស់​ចិន​ទេ​ដែល​ចត​បាន​ ក្រៅពី​នេះ ​គេ​មិន​ឱ្យ​ចូល​ចត​។ ការ​ចូល​ចត​នាវា​​ចម្បាំង​ដ៏​ដោយ​កប៉ាល់​ជំនួញ​ក៏​ដោយ​មក​កម្ពុជា​ គឺ​កម្ពុជា​ស្វាគមន៍​គ្រប់​ពេល​អត់​មាន​កំណត់​ពេល​ណា​ជា​ពេល​ណា​ទេ​បាទ»។

កំពង់ផែ​យោធារាម ដែល​ជា​ជំនួយ​របស់​ចិន​ទើប​សាងសង់​បន្ថែម​រួចរាល់ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី០៥ ខែ​មេសា។ នាវា​យោធារបស់​ជប៉ុន​គឺជា​នាវា​យោធា​បរទេស​ទី​មួយ ដែល​នឹង​ចូល​ចត​មុន​គេ​នៅ​កំពង់ផែ​រាម។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា យល់ឃើញថា កម្ពុជា​កំពុង​ព្យាយាម​រក្សា​តុល្យភាព ​ឬ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ និង​ប្រទេស​សេរី។ លោក​បន្ត​ថា ដើម្បី​អាច​លាងភាព​​មន្ទិល​សង្ស័យ​ថាគ្មាន​យោធា​ចិននៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម កម្ពុជាគួរ​អនុញ្ញាត​ឱ្យ​នាវា​យោធា​ប្រទេស​លោក​សេរី​ផ្សេង​ចូល​ចត និង​ធ្វើ​សម​យុទ្ធយោធា​រួម​គ្នា។

ជា​សញ្ញា​ល្អ​មួយ​សម្រាប់​កម្ពុជា ប៉ុន្តែ​សុំ​ឱ្យ​ចេញ​ពី​ជប៉ុន​ទៅ​មាន​ប្រទេស​ផ្សេងៗ ពាក់ព័ន្ធ​សេរី​ក្នុង​ការ​ចូលចត​ ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​គ្នា ដូច​ជប៉ុន​ជាដើម។ ខ្ញុំ​គិត​ថា ជា​ការ​បង្ហាញ​ទៅ​ដល់​ពិភពលោក ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​របស់​សហរដ្ឋអាមេរិក​។ អ៊ីចឹង​សហរដ្ឋអាមេរិក​ នឹង​អាច​កាត់​បន្ថយ​ការ​សម្លឹង​មក​មើល​កម្ពុជា ក្នុង​ផ្លូវ​អាក្រក់​តទៅ​ទៀត​ណា។

—  លោក ប៉ោ មករា

កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ដែរ​ថា កម្ពុជា ត្រៀម​ស្វាគមន៍​នាវា​យោធា​បរទេស​មក​ទស្សនកិច្ច​នៅមូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​អះអាង​ជា​ថ្មី​ទៀត​ថា គ្មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា​ឡើយ។ ទោះ​យ៉ាងណា​ក្រុម​ប្រទេស​សេរី​ហាក់​មិន​ទាន់​ជឿជាក់​លើ​ការ​អះអាង​នេះ​ទេ។ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ជំហរ ​ចង់​ចូល​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​នេះ នៅ​ពេល​ខាង​មុខ ដើម្បី​កំណត់​ឱ្យ​កាន់​តែ​ច្បាស់​ពី​សកម្មភាព​របស់​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម៕

ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។