អាជ្ញាធរ​វៀតណាម​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ពេល​ប្រារព្ធ​ខួប​លើក​ទី១១៤ នៃ​ទិវា​អន្តរជាតិ​នារី

0:00 / 0:00

អាជ្ញាធរ​វៀតណាម​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ខណៈ​ពួកគាត់​ជួបជុំ​គ្នា​ក្នុង​ទី​អារាម​មួយ​ក្នុង​ខេត្ត​ព្រះត្រពាំង ឬ​វៀតណាម​ប្តូរ​ទៅ​ជា​ខេត្ត​ត្រាវិញ (Tra Vinh) ដើម្បី ប្រារព្ធ​ខួប​លើក​ទី​១១៤ នៃ​ទិវា​អន្តរជាតិ​នារី កាលពី​ថ្ងៃទី៨ ខែ​មីនា ។ សកម្មជន និង​អ្នកការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម និង​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​បន្ត​ទៀត។

សកម្មជន និង​អ្នកការពារ​សិទ្ធិ​ខ្មែរ​ក្រោម​លើកឡើង​ថា អាជ្ញាធរ​វៀតណាម កំពុង​រំលោភ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស និង​សេរីភាព​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី១១៤ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា។

អាជ្ញាធរវៀតណាម​អូសម៉ូតូ​ពលរដ្ឋខ្មែរក្រោមចេញ​ពីវត្ត

សកម្មជន​ខ្មែរ​ក្រោម លោក ថាច់ ង៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៩ ខែ​មីនា ថា អាជ្ញាធរ​វៀតណាម បាន​បណ្ដេញ​ពលរដ្ឋ និង​សកម្មជន​ខ្មែរ​ក្រោម​ចេញ​ពី​កម្មវិធី​ប្រារព្ធ​ខួប​លើកទី១១៤ នៃ​ទិវា​អន្តរជាតិ​នារី និង​បាន​អូស​ម៉ូតូ​ចេញ​ទៅ​ក្រៅ​វត្ត​ក្នុង​គោលបំណង​ឲ្យ​ម្ចាស់​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក ថាច់ ង៉ា៖«បាទ ប៉ះពាល់​​ខ្លាំង​ដែរ​ត្រង់​ថា ដេញ​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​យើង​មួយ​ទៅ​ផ្ទះ​នៅ​បាន​តែ​មួយ​ចំនួន​តិច​ទេ ហើយ​មាន​គេ​យក​ម៉ូតូ​ចេញ​ក្រៅ​វត្ត ហើយ​គេ​ឲ្យ​យើង​ទៅ​តាម ហើយ​គេ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​វត្ត​ទៀត​បាទ»។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម​ជាច្រើន​នាក់ កាល​ពី​ថ្ងៃទី៨ ខែ​មីនា បាន​រារាំង និង​បណ្ដេញ​ពលរដ្ឋ និង​សកម្មជន​ចេញ​ពី​វត្ត​ចេតិយ ក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះត្រពាំង ក្នុង​ពេល​ប្រារព្ធ​ពិធី កាល​ពី​ថ្ងៃទី៨ ខែ​មីនា។

សកម្មជនខ្មែរក្រោមចោទអាជ្ញាធរ​វៀតណាម​ថា ដើរគម្រាមពលរដ្ឋ

សកម្មជន​ខ្មែរ​ក្រោម លោក ថាច់ ង៉ា ឲ្យ​ដឹង​ទៀត​ថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី កាល​ពី​ថ្ងៃទី៨ ខែ​មីនា មាន​អ្នកចូលរួម​ប្រមាណ​៦០​នាក់ ប៉ុណ្ណោះ​ដោយ​លោក​ថា ចំនួន​អ្នក​ចូលរួម​តិច​បែប​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម ដើរ​គំរាម​ពលរដ្ឋ​ខ្មែរ​ក្រោម​ដល់​ផ្ទះ​មិន​ឲ្យ​ចូលរួម​កម្មវិធី​នេះ ។ លោក​បន្ថែម​ថា ចាប់​តាំង​ពី​ថ្ងៃទី៨ មីនា រហូត​ដល់​ពេល​នេះ មាន​អាជ្ញាធរ​វៀតណាម​ប្រមាណ ៥០នាក់ កំពុង​ បណ្ដាក់​គ្នា​តាម​ឃ្លាំមើល​សកម្មភាព​របស់​លោក។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៩ ខែ​មីនា។

ជុំវិញ​បញ្ហា​នេះ អនុ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី របស់​ពលរដ្ឋ និង​សកម្មជន​ខ្មែរ​ក្រោម គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ ហើយ​លោក លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​បន្ត​សកម្មភាព​នេះ​តទៅ​មុខ​ទៀត។ ចំណែក​ឯ ការ​រារាំង​របស់​អាជ្ញាធរ​វៀតណាម ចំពោះ​ការ​ប្រារព្ធ​ពិធី​នេះ​វិញ លោក​ថា គឺ​ជា​ការ​បំពាន​លើ​គោលការណ៍​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល​វៀតណាម គួរតែ​មាន​វិធានការ​លើ​អាជ្ញាធរ​វៀតណាម ឲ្យ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។

បណ្ឌិត សឺន ជុំជួន៖«ការ​រារាំង ឬ​ការ​ហាមឃាត់ ឬ​ការ​មក​រំខាន ការ​ឃ្លាំមើល ការ​បំពាន​ទៅ​លើ​សកម្មភាព​របស់​ពួកគាត់​ហ្នឹង គឺ​យើង​ឃើញ​ថា ជា​ទង្វើ ដែល​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​រដ្ឋាភិបាល​វៀតណាម​គួរតែ​មាន​ចំណាត់ការ​ទៅ​ដល់​អាជ្ញាធរ ឬ​សមត្ថកិច្ច​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​ការ​គោរព​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ជា​ពិសេស​គោលការណ៍​និយាយ​ទាក់ទង​ទៅ​នឹង​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​គ្រប់​ទម្រង់​នៃ​ការ​រើសអើង​និយាយ​ភេទ​ជាដើម»។

អត្ថបទ​ដែល​ទាក់ទង៖

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​នឹង​ប្តឹង​វៀតណាម​មិន​ឲ្យ​ដាក់​បេក្ខភាព​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.បOpens in new window ]

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រាប់​មេ​ដឹកនាំ​សាសនា​ពិភព​លោក​ពី​ការ​គាប​សង្កត់​ផ្នែក​សិទ្ធិ​សាសនា​ពី​សំណាក់​វៀតណាមOpens in new window ]

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុកម្ម នៅ​មុខ​ស្ថាន​កុងស៊ុល​វៀតណាម ទាមទារ​ឲ្យ​វៀតណាម​ដោះ​លែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោមOpens in new window ]

កន្លងទៅ នៅ​ពេល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ជួបជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា ដូចជា​ទិវា​ សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ឬ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ជាដើម អាជ្ញាធរ​វៀតណាម​តែង​រារាំង រំខាន ឬ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពួកគាត់ តាមរយៈ​ការ​ចុះ​គំរាមកំហែង​ដល់​ផ្ទះ​មិន​ឱ្យ​ទៅ​ចូលរួម​កម្មវិធី ការ​កោះហៅ​ឱ្យ​ទៅ​ជួប​អាជ្ញាធរ ការ​ស្ទាក់​ផ្លូវ​ឃាត់​រថយន្ត ឬ​ចូល​អុកឡុក​ក្នុង​ពេល​ប្រារព្ធ​ពិធី​ជាដើម។

បច្ចុប្បន្ន​មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ៥អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​៨នាក់ ក្នុង​នោះ​ក៏​រួមមាន ព្រះចៅ​អធិការ​វត្ត​ទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា​ផង ត្រូវ​តុលាការ​វៀតណាម​ កាត់​ទោស​ដាក់​ពន្ធនាគារ​ពី​២​ដល់ ៦ឆ្នាំ​ដោយ​ភាគ​ច្រើន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» ដោយសារ​តែ​ពួកគាត់​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម សេរីភាព​សាសនា និង​សិទ្ធិ​ស្វ័យ​សម្រេច​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។