ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា​ខេត្ត​មណ្ឌលគិរី ដែល​ជា​គម្រោង​រ៉េដបូក នៅ​តែ​បន្ត​រង​កាប់​ឈើ​ធ្វើ​អាជីវកម្ម

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​លើក​ឡើង​ថា ព្រៃ​ឈើ​ស្ថិត​ក្នុង​គ ម្រោង​រ៉េដបូក (REDD+) នៃ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា នៅ​តែ​បន្ត​រង​លួច​កាប់​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ក្នុង​ស្រុក ដោយ​មិន​ឃើញ​មាន​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ​មាន​វិធានការ​ទប់​ស្កាត់​ឡើយ។ មន្ត្រី​សង្គម​ស៊ី​វិល​ទទូច​ឲ្យ​រដ្ឋាភិបាល​​ត្រួតពិនិត្យ​ទៅ​លើ​មន្ត្រី​ថ្នាក់​ក្រោម និង​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ករណី​ពួកគេ​មិន​អនុវត្ត​ការងារ ឬ​គប់គិត​ជាមួយ​ជនល្មើស​បំផ្លាញ​ព្រៃឈើ។

ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ដែល​ជា​គម្រោង​រ៉េដបូក ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ក្រសួង​បរិស្ថាន ហើយ​កំពុង​ដាក់​លក់​ឥណទាន​កាបូន ក្នុង​ខេត្ត​មណ្ឌលគីរី នៅ​តែ​មាន​ក្រុម​ឈ្មួញ​លួច​កាប់ និង​ដឹក​ជញ្ជូន​ឈើ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ និង​ក្នុង​ស្រុក​​ជា​រៀង​រាល់​ថ្ងៃ។

«ឈ្មួញ​បន្ត​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា»

ប្រធាន​សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ឃុំ​ស្រែព្រះ លោក នៀវ កាណុង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ថា ​ក្រុម​ឈ្មួញ​នៅ​តែ​បន្ត​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​នៅ​ក្នុង​ស្រុក ជា​រៀង​រាល់​ថ្ងៃ។ លោក​បន្ថែម​ថា ការ​ដែល​មាន​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​តំបន់​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​បាន ដោយសារ​តែ​មន្ត្រី​នៅ​តំបន់​នោះ គប់គិត​គ្នា​ជា​ប្រព័ន្ធ ជាមួយ​ក្រុម​ឈ្មួញ ទើប​មិន​មាន​ការ​អនុវត្ត​ច្បាប់ និង​គ្មាន​វិធានការ​តឹងរ៉ឹង។

លោក នៀវ កាណុង៖«មិន​ថា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ និង​តំបន់​ការពារ​ធម្មជាតិ​របស់​សហគមន៍​ទេ គេ​កាប់​ឈើ​ទូទៅ មួយ​ចំនួន​គេ​យក​ទៅ​ប្រើ​ខ្លួន​ឯង ហើយ​មួយ​ចំនួន​ទៀត​គេ​យក​ទៅ​លក់​នៅ​វៀតណាម ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ដែន​ដី គាត់​អនុវត្ត​ច្បាប់ បើ​ថា​ចាប់​អ្នក​កាប់​ក្នុង​ព្រៃ​ច្រក​ព្រំ​ដែន​មិន​ព្រម​បិទ​នៅ​កាប់​ឈើ​ដដែល ទាល់​តែ​យើង​បិទ​ច្រក​ព្រំដែន​លែង​មាន​នរណា​ហ៊ាន​កាប់​ឈើ​ហើយ»។

សហគមន៍​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បិទ​ច្រក​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ដែល​ក្រុម​ឈ្មួញ​តែងតែ​ដឹក​ជញ្ជូន​ឈើ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ត្រូវ​អនុញ្ញាត​ឲ្យ​សហគមន៍ អង្គការ​ដៃគូ​ចូល​រួម​ទប់ស្កាត់ ទើប​អាច​ទប់ស្កាត់​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នេះ​មាន​ប្រសិទ្ធភាព។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ហាប់ វិបុល និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។

ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា បច្ចុប្បន្ន​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ដាក់​លក់​ឥណទាន​កាបូន ឬ​ហៅ​ថា​គម្រោង​រ៉េដបូក លើ​ផ្ទៃ​ដី​ជិត​២​សែន​ហិកតារ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល លើក​ឡើង​ថា ក្រសួង​បរិស្ថាន​បាន​ប្រមូល​​ថវិកា​ពី​ការ​លក់​ឥណទាន​កាបូន​រាប់​សិន​លាន​ដុល្លារ និង​បាន​កៀរគរ​រក​ថវិកា​ពី​ម្ចាស់​ជំនួយ​អន្តរជាតិ​ជិត​១០​ស្ថាប័ន ដើម្បី​យក​លុយ​ទាំង​នោះ​ទៅ​ការពារ​តំបន់​អភិរក្ស​មួយ​នេះ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ឆ្លង​ដែន និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ពី​សំណាក់​ក្រុម​ឈ្មួញ​យ៉ាង​អនាធិបតេយ្យ។

អត្ថបទដែលទាក់ទង៖

ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា​បន្ត​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​យក​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ខុស​ច្បាប់Opens in new window ]

ពលរដ្ឋថា ព្រៃ​សហគមន៍​ភូមិ​ពូគង់ និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា បន្ត​រង​ការ​កាប់​ទៅ​លក់​​នៅ​វៀតណាមOpens in new window ]

សហគមន៍​ស្រុក​កែវសីមា​អះអាង​ថា ក្រុម​ឈ្មួញ​កាប់​ឈើ​កម្រ​ក្នុង​តំបន់​ការពារ​ភ្នំព្រេច​ដោយ​សេរីOpens in new window ]

មន្ត្រី​សង្គមស៊ីវិលស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មន្ត្រី​ថ្នាក់ក្រោម

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​មន្ត្រី​ថ្នាក់ក្រោម ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រូវ​ដាក់​ទោស​ទណ្ឌ​លើ​មន្ត្រី​រូប​ណា​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ បើ​មិន​ដូច្នោះ​ទេ ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​មិន​មាន​ប្រសិទ្ធភាព​ឡើយ។

លោក ប៊ី វ៉ាន់នី៖«វិធានការ​របស់​យើង​អនុវត្ត​តែ​អ្នក​ប្រព្រឹត្ត​ផ្ទាល់ ហើយ​អ្នក​ដែល​ឈរ​ចាំ​ទិញ​ឈើ​ដែល​ខុស​ច្បាប់​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស យើង​អត់​ទាន់​ស្រាវជ្រាវ​ដល់​កម្រិត​នឹង មន្ត្រី​កង​រាជ​អាវុធហត្ថ​នៅ​តាម​ផ្លូវ​ក៏​យើង​មាន ទីស្នាក់ការ​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ក៏​យើង​មាន ថា​ហេតុ​អ្វី​បាន​ជា​គេ​ដឹក​ឈើ​យក​ទៅ​លក់​នៅ​ព្រំ​ដែន​បាន?ចំណុច​នេះ​រដ្ឋាភិបាល​គួរ​តែ​សិក្សា​ឡើង​វិញ​ហើយ​យើង​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ទាំង​អស់​នេះ»។

កាល​ពី​ចុង​ឆ្នាំ​២០២៣ រដ្ឋាភិបាល​បាន​ប្រកាស​ពី​ការ​ពង្រីក​ទំហំ​ផ្ទៃ​ដី​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ពី​ជាង ២៩​ម៉ឺន​ហិកតារ (២៩២.៦៩០) ទៅ​ជាង​៣១​ម៉ឺន​​ហិកតារ (៣១៧.៤៥៦)។ បើ​ទោះ​បី​រដ្ឋាភិបាល​ពង្រីក​ផ្ទៃ​ដី​យ៉ាង​ណា​ក្ដី ក៏​តំបន់​ការពារ​មួយ​នេះ នៅ​តែ​រង​ការ​កាប់​យក​ឈើ​មាន​តម្លៃ និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ពី​សំណាក់​ក្រុម​ឈ្មួញ​យ៉ាង​អនាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។