ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់សង្គមស៊ីវិល ឲ្យចូលរួមការពារធនធានធម្មជាតិ ខណៈរដ្ឋាភិបាលដឹកនាំដោយគ្រួសារត្រកូល «ហ៊ុន» តែងធ្វើទុក្ខបុកម្នេញសកម្មជនបរិស្ថាន និងអ្នកការពារធនធានធម្មជាតិ។ សកម្មជនបរិស្ថានលើកឡើងថា ការលើកទឹកចិត្តតែម៉្យាង គឺមិនគ្រប់គ្រាន់ឡើយ លុះត្រាតែក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធបើកលម្ហសេរីភាពឲ្យយុវជន សកម្មជន និងសហគមន៍មូលដ្ឋានបានចុះល្បាតព្រៃ និងការពារធនធានធម្មជាតិ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានជួបជាមួយសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ក្នុងគោលបំណងស្វែងយល់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានពន្យល់អ្នកចូលរួមអំពីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រដ្ឋាភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ និងការចងក្រងសហគមន៍កសិកម្មទំនើប។
លោក ឌិត ទីណា ក៏បានលើកទឹកចិត្តដល់បណ្ដាអង្គការសង្គមស៊ីវិល និងសមាគមក្រៅរដ្ឋាភិបាលនានា ឲ្យចូលរួមក្នុងវិស័យកសិកម្ម ការពារធនធានធម្មជាតិ ចូលរួមផ្ដល់ព័ត៌មានពិតនៅក្នុងសង្គម និងទប់ស្កាត់ព័ត៌មានមិនពិតជាដើម។
«គួរបង្ហាញសកម្មភាពជាក់ស្ដែង ជាងនិយាយ»
សកម្មជនបរិស្ថានមួយចំនួនគាំទ្រការលើកទឹកចិត្តរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ប៉ុន្តែពួកគាត់ចង់ឃើញក្រសួងមួយនេះ បង្ហាញពីសកម្មភាពជាក់ស្ដែងមិនត្រឹមតែពាក្យសម្ដី។
សកម្មជនបរិស្ថាន អ្នកនាង លឹម គឹមស័រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែកុម្ភៈថា កន្លងទៅនៅពេលសកម្មជនបរិស្ថាន សហគមន៍មូលដ្ឋាន ដែលរងការគំរាមកំហែងពីអាជ្ញាធរនៅពេលឃ្លាំមើលសកម្មភាពបំផ្លាញធនធានធម្មជាតិដូចជា ការកាប់បំផ្លាញព្រៃឈើជាដើម ពុំដែលឃើញវត្តមានក្រសួងកសិកម្ម ចេញមុខដោះស្រាយជូនពួកគាត់ឡើយ។
អ្នកនាង លឹម គឹមស័រ៖«យើងឃើញថា ក្រសួងមានការលើកឡើងអីចឹងមែន ប៉ុន្តែនៅពេលមានការគំរាមកំហែងលើសកម្មជនក៏អត់ដែលឃើញមានក្រសួងគាំពារ ឬគាំទ្រពួកគាត់ដែរ មានតែបន្ថែមថា ពួកគាត់ទៅធ្វើការងារក្រៅប្រព័ន្ធពីក្រសួង និងស្ថាប័នដែលពាក់ព័ន្ធ ដោយអត់មានការការពារគាត់ទេ គឺមានតែជំរុញឲ្យមានការដាក់ទោសទៅលើពួកគាត់ទៅវិញ ។ អីចឹងខ្ញុំគិតថា វាផ្ទុយខ្លាំងមែនទែន ខ្ញុំគិតថា ការលើកឡើងរបស់ពួកគាត់នេះ គ្មានប្រសិទ្ធភាពទេ គឺវានៅតែបន្តដដែលៗហ្នឹង»។
ចំណែកសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា ដែលតែងចុះល្បាតព្រៃថ្លែងថា កន្លងទៅ ពុំដែលមានក្រសួងពាក់ព័ន្ធដូចជាក្រសួងបរិស្ថាន ឬក្រសួងកសិកម្មលើកទឹកចិត្តដល់សង្គមស៊ីវិល និងសកម្មជនមូលដ្ឋាន ឲ្យចូលរួមការពារធនធានធម្មជាតិឡើយ ហើយក្រសួងថែមទាំងច្រាលចោលនូវការរកឃើញបទល្មើសធនធានធម្មជាតិទៀតផង ។ លោកថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរតែបង្ហាញឆន្ទៈពិតប្រាកដ ក្នុងការការពារធនធានធម្មជាតិ និងត្រូវស្រាវជ្រាវរកអ្នកប្រព្រឹត្ត អ្នកទទួលផល និងអ្នកអនុញ្ញាតឲ្យមានការបំផ្លាញធនធានធម្មជាតិដូចជាការកាប់បំផ្លាញព្រៃឈើជាដើម។
លោក ម៉ា ចិត្រា៖«ការលើកទឹកចិត្តមែនទែន វាអត់អាចអាស្រ័យលើការនិយាយរបស់រដ្ឋមន្ត្រីណាមួយទេ គឺអាស្រ័យលើសកម្មភាពជាក់ស្ដែង បើសិនជាប្រជាសហគមន៍ចូលរួមល្បាតការពារ ហើយហាមឃាត់ បើសិនជាក្រុមយុវជន ឬក៏សកម្មជនបរិស្ថានជាដើមត្រូវបានហាមឃាត់មិនឲ្យចូលទៅល្បាតដើម្បីការពារ អាហ្នឹងពាក្យរបស់គាត់ទាំងប៉ុន្មាន វាគ្មានន័យទេ វាទាល់តែបើកឱកាសឲ្យមានសកម្មភាពជាក់ស្ដែង ឲ្យពួកគាត់ទៅល្បាតដោយជាក់ស្ដែង ទើបបានជាការរួមចំណែកក្នុងការការពារព្រៃឈើឲ្យបានគង់វង្ស»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អឹម រចនា ប្រាប់វិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) កាលថ្ងៃទី ២៦ ខែកុម្ភៈថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងរង្វង់ច្បាប់»។ អ្នកនាំពាក្យរូបនេះបន្តថា «អ្នកការពារធនធានធម្មជាតិ ទោះជាអង្គការក្ដី សង្គមស៊ីវិលក្ដី ក៏ត្រូវគោរពច្បាប់ និងធ្វើការសកម្មភាពក្នុងក្របខណ្ឌច្បាប់»។
រដ្ឋាភិបាលរងការចោទថា ធ្វើទុក្ខបុកម្នេញសកម្មជនបរិស្ថានស្ទើរគ្រប់រូបភាព
ថ្វីបើក្រសួងកសិកម្ម បានលើកទឹកចិត្តដល់សង្គមស៊ីវិល ឲ្យចូលរួមការពារធនធានធម្មជាតិយ៉ាងនេះក្ដី កន្លងទៅរដ្ឋាភិបាល តែងតែធ្វើទុក្ខបុកម្នេញស្ទើរគ្រប់រូបភាព លើសហគមន៍មូលដ្ឋាន សកម្មជន យុវជន ដែលហ៊ាននិយាយរិះគន់ពីអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងធនធានធម្មជាតិ។
អត្ថបទដែលទាក់ទង៖
ជាក់ស្ដែងកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរខេត្តស្ទឹងត្រែង បាន ឃាត់ខ្លួនសកម្មជនបរិស្ថានលោក អ៊ូច ឡេង និងសមាជិក ៥នាក់ផ្សេងទៀតរួមទាំងអ្នកសារព័ត៌មានម្នាក់ផង ក្នុងពេលពួកគាត់កំពុងឃ្លាំមើលបទល្មើស កាប់ព្រៃឈើនៅចំណុចភូមិក្រឡាពស់ ឃុំតាឡាត ស្រុកសេសាន។
នេះនៅមិនទាន់រាប់បញ្ចូលការគំរាមកំហែង តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការកាត់ទោសដាក់ពន្ធនាគារលើសកម្មជន និងយុវជនការពារធនធានធម្មជាតិដូចជាករណីសកម្មជននៃ ចលនាមាតាធម្មជាតិចំនួន៥រូប ដែលត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារពី ៦ ដល់ ៨ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២៤ ដោយសារតែសកម្មភាពចូលរួមការពារធនធានធម្មជាតិនៅកម្ពុជា។
សកម្មជនបរិស្ថាន ស្នើដល់ក្រសួងកសិកម្ម និងរដ្ឋាភិបាល ឲ្យបើកលម្ហសេរីភាពដល់យុវជន សកម្មជន និងសហគមន៍មូលដ្ឋាន ក្នុងការចូលរួមការពារធនធានធម្មជាតិ រួមទាំងព្រៃឈើ ដោយគ្មានការរឹតត្បិត និងគំរាមកំហែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។