ពលរដ្ឋ​រិះគន់​អ្នក​នាំ​ពាក្យ ដែល​ថា អាជ្ញាធរ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​បាន​ជោគជ័យ​នោះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត

ពលរដ្ឋ​ថា ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា អាជ្ញាធរ​បាន​ជោគជ័យ​លើ​ការ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទាំង​ស្រុង​នោះ​ទេ។ គ្រួសារ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​ចោទ​ប្រកាន់​ថា បាន​រុករាន​ដី​ព្រៃ​ខុស​ច្បាប់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ អះអាង​ថា ការ​ចោទ​ប្រកាន់​មួយ​ចំនួន​របស់​អាជ្ញាធរ​មក​លើ​ពលរដ្ឋ ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព​ ហើយ​បង្ក​ការ​ឈឺចាប់​ដល់​ពលរដ្ឋ។

ការ​លើក​ឡើង​របស់​ពលរដ្ឋ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែង​នៅ​វេទិកា​សារព័ត៌មាន​លើក​ទី៦ ស្ដី​ពី «រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧ នៃ​រដ្ឋសភា​ ជា​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ» នៅ​ថ្ងៃ​ទី២៧ ខែកុម្ភៈ​ថា ក្រោម​ការ​ដឹក​នាំ​របស់​នាយក​រដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត បាន​បង្ក្រាប​ជោគជ័យ​លើ​ពលរដ្ឋ ដែល​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់។

លោក ប៉ែន បូណា លើក​ឡើង​ថា ចាប់​តាំង​ពី​ខែមិថុនា ឆ្នាំ២០២៤ ដល់​ពាក់​កណ្ដាល​ខែកុម្ភៈ ឆ្នាំ២០២៥ នេះ អាជ្ញាធរ​បាន​រំដោះ​ដី​ព្រៃ​ពី​ការ​កាប់​ទន្ទ្រាន​ខុស​ច្បាប់​បាន​ចំនួន​ជាង ៤ម៉ឺន​ហិកតារ​ ព្រម​ទាំង​ដក​ហូត​សម្ភារៈ និង​ចាប់​ខ្លួន​ពលរដ្ឋ​ជា​ច្រើន​នាក់​ផង​ដែរ។

លោក ប៉ែន បូណា៖«ការ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់ ដែល​សម្ដេច​ធិបតី​ចេញ​បទ​បញ្ជា​ម៉ឺងម៉ាត់​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ចាត់​វិធាន​ការ​ ហើយ​ក្នុង​ហ្នឹង​ក៏​មាន​កងយោធពល​ខេមរភូមិន្ទ​យើង​ផង​ដែរ​ ដែល​ត្រូវ​ចូល​រួម​ចំណែក​ប្រតិបត្តិការ​ហ្នឹង»។

ទោះ​ជា​យ៉ាង​ណា​ក្ដី កូនស្រី លោកស្រី សេន ពិសី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ទន្ទ្រាន​ដី​ព្រៃ ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​អំពី​សុវត្ថិភាព​ថា ម្ដាយ​របស់​កញ្ញា​បាន​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ក្រោម​បទ​ចោទ​ថា កាប់ រុករាន និង​ឈូស​ឆាយ​ដី​ព្រៃ ក្នុង​តំបន់​ការពារ​ធម្មជាតិ នៅ​ភ្នំ១៥០០ ខេត្តពោធិ៍សាត់ តាម​បណ្ដឹង​របស់​អាជ្ញាធរ​អស់​រយៈ​ពេល​ជាង ៣ខែ​មក​ហើយ។ កញ្ញា​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​មក​លើ​ម្ដាយ​លោក​ស្រី​នេះ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​ថា ដី​ដែល​ម្ដាយ​កញ្ញា​បាន​ទិញ​ដី​ពី​ទាហាន​នៅ​តំបន់​នោះ ហើយ​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ចេញ​លិខិត​ទទួល​ស្គាល់​ដែរ គឺ​មិន​មែន​រុករាន​ដី​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នោះ​ឡើយ។

កូនស្រី លោកស្រី សេន ពិសី លើក​ឡើង​ថា តុលាការ​គួរ​តែ​ពិចារណា​លើ​អង្គហេតុ​ជាក់​ស្ដែង និង​ដោះ​លែង​ម្ដាយ​កញ្ញា​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ខណៈ​ដែល​ពេល​នេះ​គ្រួសារ​របស់​កញ្ញា​កំពុង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង។

កូនស្រី​លោកស្រី សេន ពិសី៖«អ្វី​ដែល​ខ្ញុំ​សំណូមពរ គឺ​ខ្ញុំ​មាន​តែ​សុំ​សំណូម​ឱ្យ​គាត់​ជួយ​ដោះ​លែង​ម្ដាយ​ខ្ញុំ ហើយ​ចង់​ឱ្យ​គាត់​ពិនិត្យ​មើល​ភស្តុតាង ឬ​ក៏​ពិនិត្យ​មើល​ទីតាំង​ឱ្យ​បាន​ជាក់​ស្ដែង​ឱ្យ​បាន​ច្បាស់​លាស់​សិន​មុន​នឹង​យក​មនុស្ស​ទៅ​ដាក់​ពន្ធនាគារ»។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ជួប​ជា​មួយ​មន្ត្រី​ខេត្តពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី២៥ ខែកុម្ភៈ ក្រោយ​ពី​រក​ឃើញ​ថា ករណី​ចោទ​ប្រជាពលរដ្ឋ​ថា ទៅ​កាប់​គាស់​រុករាន​ដី ដើម្បី​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​តំបន់​ភ្នំ១៥០០ ខេត្ត​ពោធិ៍សាត់ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ។ មន្ត្រី​សមាគម​អាដហុក​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ទិញ​ដី​ពី​ទាហាន ខណៈ​ដែល​ទាហាន​ខ្លះ​បាន​សាងសង់​លំនៅឋាន​ធំៗ ឬ​រីសត​ដែរ។ បន្ថែម​ពី​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​កំណត់​ទីតាំង​ដី​រដ្ឋ និង​ដី​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

អត្ថបទដែលទាក់ទង៖

សហគមន៍ព្រៃឡង់ស្នើអាជ្ញាធរឱ្យ​បង្ហាញព័ត៌មានជាក់លាក់អំពីការកាត់ដីព្រៃក្នុង​តំបន់​ការពារឱ្យ​ឯកជន

សហគមន៍ព្រៃឡង់ បន្តរក​ឃើញ​បទល្មើស​ព្រៃ​ឈើ និង​ការ​កាប់ទន្ទ្រាន​ដីព្រៃ​ក្នុង​ដែន​ជម្រកសត្វ ព្រៃឡង់

ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃកែវសីមា ខេត្តមណ្ឌល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គិរី ដែល​ជា​គម្រោងរ៉េដបូក នៅ​តែ​បន្ត​រង​ការ​កាប់ឈើ​ធ្វើ​អាជីវកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី លើក​ឡើង​បន្ថែម​ថា ការ​ចាត់​វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពារ​តំបន់​ការពារ​ព្រៃ​ឈើ គឺ​ជា​រឿង​ល្អ ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​គួរ​តែ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ភាព​ស្មើគ្នា។ លោក យិន ម៉េងលី ថា មន្ត្រី និង​អ្នក​មាន​លុយ​មាន​អំណាច​មួយ​ចំនួន​គឺ​ជា​មេខ្លោង​ជួល​ពលរដ្ឋ​ក្រីក្រ​ឱ្យ​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ ខណៈ​ដែល​មន្ត្រី​មួយ​ចំនួន​ទៀត គឺ​ជា​អ្នក​លក់​ដី​រដ្ឋ​ឱ្យ​ពលរដ្ឋ។

លោក យិន ម៉េងលី៖«ប្រជាពលរដ្ឋ​ខ្លះ​គាត់​អត់​មាន​មុខ​របរ គាត់​ក្រ អ៊ីចឹង​គាត់​ទៅ​ស៊ីឈ្នួល​គេ​ បើក​គ្រឿង​ចក្រ​ឱ្យ​គេ ទៅ​ធ្វើ​អ្វីៗ កាប់​ឆ្ការ​ ប៉ះ​ពាល់​ដល់​ព្រៃ​ ដល់​ដី​របស់​រដ្ឋ ដើម្បី​ជីវភាព ដើម្បី​ក្រពះ ដល់​ពេល​អ៊ីចឹង​ពេល​​ខ្លះ​ពួកគាត់​ត្រូវ​ប្រឈម​ក្នុង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល ចាត់​វិធានការ​ អ៊ីចឹង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក៏​ពាក់​ព័ន្ធ​ដែរ​នៅ​ក្នុង​អំពើ​ហ្នឹង ពេល​ខ្លះ​គេ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ទៅ​គេ​អត់​ចេញ​មុខ រួច​អស់​លោក​ហ្នឹង​នៅ​ពី​ក្រោយ​ទៅ​វិញ»។

កូនស្រី​លោកស្រី សេន ពិសី និយាយ​ថា ក្រោយ​ពី​អាជ្ញាធរ​ចាប់​​ម្ដាយ​​កញ្ញា​​ដាក់​ពន្ធនាគារ​មក​ ប្អូនៗ​កញ្ញា​​បាន​បាក់​ទឹក​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​ព្រោះ​ពួកគាត់​ជឿជាក់​ម្ដាយ​កញ្ញា​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នោះ​ឡើយ​ ហើយ​បច្ចុប្បន្ន​នេះ​ម្ដាយ​កញ្ញា​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។