ពងទាកូនជាប្រភេទអាហារសម្រន់មួយប្រភេទដែលពលរដ្ឋខ្មែរនិយមចូលចិត្តបរិភោគ ហើយអ្នកខ្លះទៀតយកពងទាកូននេះទៅច្នៃធ្វើជា ស៊ុប និងស្ងោរលក់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ លើសពីនេះ ពងទាកូនក៏ជាអាហារប៉ូវមានប្រយោជន៍ដល់សុខភាព និងជួយបង្កើនថាមពលដល់រាងកាយផងដែរ។ ដោយសារការនិយមចូលចិត្តរបស់ពលរដ្ឋខ្មែរ និងតម្រូវការលើទីផ្សារ អ្នកស្រុកត្រាំកក់ ខេត្តតាកែវ បានចាប់យកអាជីពភ្ញាស់ពងទាកូនតាមបែបបុរាណលក់រកប្រាក់កម្រៃទ្រទ្រង់ជីវភាព។
តើបច្ចេកទេសភ្ញាស់ពងទាកូនរបស់អាជីវករនៅភូមិត្រពាំងទម្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានរបៀបដូចម្ដេចខ្លះ?
ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារ និងថែរក្សាមុខរបរបន្តជំនាន់ពីគ្រួសារផងនោះ អាជីវកររស់នៅភូមិត្រពាំងទម្លាប់ ស្រុកត្រាំកក់ ខេត្តតាកែវ បាននាំគ្នាភ្ញាស់ពងទាកូនលក់ដោយប្រើប្រាស់អង្កាមតាមបែបបុរាណ។
អាជីវករភ្ញាស់ពងទាកូន នៅភូមិត្រពាំងទម្លាប់ ខេត្តតាកែវ លោកស្រី ប៉ាត យេត ឱ្យវិទ្យុអាស៊ីសេរីដឹងថា លោកស្រីបានចាប់យកអាជីពភ្ញាស់ពងទាកូនលក់នេះរយៈពេល៣០ឆ្នាំមកហើយ ដើម្បីចិញ្ចឹមជីវិត។ លោកស្រីបន្តថា របរនេះលោកស្រីចេះបន្តពីបងស្រីលោកស្រី។ លោកស្រីបន្ថែមថា ការភ្ញាស់ពងទាកូននេះមានពីររបៀប គឺរបៀបភ្ញាស់ដោយប្រើអង្កាម និងភ្ញាស់ដោយប្រើទូអគ្គិសនី។
លោកស្រី ប៉ាត យេត៖«ជាដំបូងយើងរៀបជាអន្លងអ៊ីចឹងហើយចាក់អង្កាមដាក់អីមកគេអាចភ្ញាស់អាហ្នឹងគេហៅភ្ញាស់ធម្មជាតិ អត់ភ្ញាស់ខ្សែភ្លើងទេអាហ្នឹងធម្មជាតិហ្មងអាហ្នឹងគេហៅធម្មជាតិ ពងក៏ធម្មជាតិដែរ ពងក៏ធម្មជាតិដែរអត់ស៊ីចំណីទេ»។
ភ្ញាស់ពងទាកូនដោយប្រើអង្កាមដាក់ក្នុងឡ
អាជីវករវ័យ៦០ឆ្នាំរូបនេះ រៀបរាប់ថា លោកស្រីជ្រើសរើសការភ្ញាស់ពងទាកូនដោយប្រើអង្កាមយកទៅដាក់ក្នុងឡ ថ្វីត្បិតការភ្ញាស់របៀបនេះ ប្រើកម្លាំងពលកម្មច្រើន និងហត់នឿយ ប៉ុន្តែការធ្វើរបៀបនេះ ធ្វើឱ្យពងទាកូនមានរសជាតិឆ្ងាញ់ជាងភ្ញាស់ដោយប្រើទូអគ្គិសនី។ លោកស្រីបន្តថា ដំបូងឡើយលោកស្រីត្រូវទិញពងទាពីកសិករចិញ្ចឹមទា យកមកដាក់ហាលថ្ងៃយ៉ាងហោចណាស់ឱ្យបាន២ម៉ោង ដើម្បីធ្វើឱ្យពងទាស្ងួតល្អ ប៉ុន្តែមិនត្រូវយកពងទាទៅលាងទឹកនោះទេ ពីព្រោះអាចបណ្ដាលឱ្យពងទាខូច។
ក្រោយមកគេត្រូវប្រមូលពងទាទាំងអស់យកទៅដាក់ក្នុងរោង ឬកន្លែងសម្រាប់ភ្ញាស់ ដោយចាប់ផ្ដើមប្រើអំពូលភ្លើង ឬពិលឆ្លុះពងទា ដើម្បីញែកពងទាស្អុយ ឬភាសាអ្នកស្រុកហៅថា ពងទាយឿ និងពងទាសាប ដែលមិនអាចភ្ញាស់បានដាក់ចេញដោយឡែកពីគ្នា។ បន្ទាប់ពីឆ្លុះរួចគេត្រូវយកពងទាទៅដាក់នៅក្នុងឡដែលក្រាលអង្កាមពីក្រោម ហើយត្រូវប្រើបាវគ្របពីលើដើម្បីរក្សាកម្ដៅពងទា។ ចំពោះឡភ្ញាស់ពងទាកូនរបស់លោកស្រី ប៉ាត យេត វិញគឺគាត់ដាក់ពងទាចំនួនជាង ១ពាន់គ្រាប់ក្នុងឡមួយ ដូច្នេះពងទាកូនដែលត្រូវភ្ញាស់នោះមានចំនួនប្រមាណ ២ម៉ឺនគ្រាប់។
លោកស្រី ប៉ាត យេត ពន្យល់ថា មូលហេតុដែលគេប្រើអង្កាម ពីព្រោះអង្កាមអាចរក្សាសីតុណ្ហភាពបានល្អជាងការប្រើចំបើង ហើយការប្រើប្រាស់អង្កាមក៏មិនចាំបាច់ត្រូវផ្លាស់ប្ដូរជាប្រចាំដែរ។
ចំណែករបៀបថែទាំវិញបន្ទាប់ពីគេដាក់ពងទាក្នុងឡរួច គេត្រូវលើកប្រែពងទាទាំងនោះពីឡមួយទៅឡមួយទៀត ពីព្រោះការប្រែរបៀបនេះធ្វើឱ្យពងទាទទួលបានកម្ដៅសព្វល្អ ហើយកូនលូតលាស់ធំល្អ។ ក្រៅពីនេះគេយកពិលឆ្លុះមើលពងទាម្ដងទៀតដើម្បីចៀសវាងមានពងទាខូចនៅក្នុងឡ គេធ្វើបែបនេះរហូតដល់គ្រប់ចំនួនថ្ងៃគេប្រមូលពងទាកូនលក់។
លោកស្រី ប៉ាត យេត៖«អាហ្នឹងក្នុងអន្លងយើងក៏អត់មានដែល យើងនិយាយពីដើមមក។ យើងយកមកដាល់យើងហាលយកកម្ដៅវាយើងយកវាមកដាក់អ៊ីចឹងបាន ៤ថ្ងៃឆ្លុះ។ ឆ្លុះហើយយើងគូសលេខមួយដើម្បីចំណាំ ដល់ពេលវេនទី២យើងគូសអញ្ចេះ ដល់វេនទី៣យើងគូសលេខ៣ទៀតទៅ ដល់វេនទី៤ទៅយើងគូសខ្វែង អាហ្នឹងស្រេចតែយើងគូសចំណាំទេខ្លួនទេវាអត់មានបញ្ហាទៅណាទៅណីទេ»។
ដោយឡែក ការប្រមូលពងទាកូនយកទៅលក់វិញ លោកស្រី ប៉ាត យេត ឱ្យដឹងថា ទោះជាទំហំពងទាធំ ឬតូចក្ដី ប៉ុន្តែនៅពេលវាគ្រប់ថ្ងៃដែលត្រូវលក់គឺពងកូនដែលនៅផ្នែកខាងក្នុងមានទំហំប៉ុនគ្នា។ ជាទូទៅគេប្រើពេលចន្លោះពី ១៨ថ្ងៃ ទៅ២១ថ្ងៃ ដើម្បីទទួលបានពងទាកូនធំស្មើគ្នាល្អ ហើយអាចប្រមូលយកទៅលក់ និងបោះដុំឱ្យម៉ូយយកទៅលក់តាមផ្សារ។
ក្នុងមួយថ្ងៃអាជីវករូបនេះ អាចលក់ពងទាកូនបានចន្លោះពី ១ពាន់គ្រាប់ទៅ ២ពាន់គ្រាប់ ដោយពងទាកូន ១០គ្រាប់មានតម្លៃ៨ពាន់រៀល និងបោះដុំទៅឱ្យកូនស្រីរបស់លោកស្រីនៅភ្នំពេញយកទៅលក់បន្ត ដូច្នេះលោកស្រីអាចចំណេញបានប្រាក់ចន្លោះពី៥ម៉ឺនរៀល ទៅដល់១០ម៉ឺនរៀលក្នុងមួយថ្ងៃ។
លក់ដូរចំណេញបានតិចតួច
មកដល់ត្រង់ចំណុចនេះ អាជីវករមាឌស្គមល្អិតបែរជានិយាយទាំងប្រែទឹកមុខស្រងូតស្រងាត់ថា ថ្វីត្បិតតែរបរភ្ញាស់ពងទាកូនលក់នេះ អាចចំណេញបានប្រាក់កាក់ខ្លះ ការលក់ដូរគឺត្រូវឡើងចុះទៅតាមតម្រូវការទីផ្សារ ហើយពេលខ្លះលោកស្រី ខាតថ្លៃដើម ដោយសារបញ្ហាតម្លៃនៅលើទីផ្សារមានភាពប្រកួតប្រជែងគ្នា និងអាជីវករខ្លះយកពងទាកូនពីប្រទេសវៀតណាមមកលក់ដែលមានតម្លៃថោកជាង។
លើសពីនេះការភ្ញាស់ពងទាកូនក៏ជួបបញ្ហាប្រឈមមួយចំនួនដែរដូចជា ការចំណាយដើមទុនលើការទិញពងទាយកមកភ្ញាស់ ហើយពេលខ្លះពងទាបែក ឬខូចច្រើន ហើយនៅរដូវវស្សាពិបាកភ្ញាស់ដោយសារសីតុណ្ហភាពនៅក្នុងឡមិនស្មើគ្នាពិបាកភ្ញាស់ និងពងទាត្រូវទឹកភ្ញៀវធ្វើឱ្យងាយខូចជាដើម ប៉ុន្តែលោកស្រីមិនបោះបង់របរមួយនេះចោលឡើយ ពីព្រោះលោកស្រីមិនចង់ចំណាកស្រុក។
លោកស្រី ប៉ាត យេត៖«បើកូនយកទៅលក់នៅភ្នំពេញអាហ្នឹងយើងនិយាយតែកូននៅភ្នំពេញតែម្ដងជួនកាលអាចសល់បាន៥ម៉ឺន ៦ម៉ឺន អ៊ីចឹងទៅ អាហ្នឹងយើងយកតែទៅភ្នំពេញមួយតង់ ហើយមកលក់នៅនេះអត់ដឹងទេវិលទៅវិលមកវាអាចសល់ថ្ងៃណាវាអាចសល់៤ម៉ឺន ១០ម៉ឺនអ៊ីចឹង ជូនកាលបាន៤ទៅ៥ម៉ឺន តាមអ្នកយកតិចអ្នកយកច្រើន»។
ក្រៅពីអ្នកភូមិត្រពាំងទម្លាប់ នៅមានអ្នកភូមិសាមគ្គី និងអ្នកភូមិផ្សេងទៀត ប្រមាណ ៥០គ្រួសារដែលចាប់យកអាជីពភ្ញាស់ពងទាកូន និងពងទាសាបលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែអ្នកភូមិភាគច្រើនជ្រើសរើសយកការភ្ញាស់ពងកូនដោយប្រើទូអគ្គិសនី ដើម្បីចំណេញកម្លាំងពលកម្ម និងពេលវេលា ខុសពីលោកស្រី ប៉ាត យេត ដែលភ្ញាស់ពងកូនបែបបុរាណ។
លោកស្រី ប៉ាត យេត អះអាងថា បើទោះជាតម្លៃនៅលើទីផ្សារទាប ឬខ្ពស់ក្ដី តែរបរមួយនេះជាឆ្នាំងបាយចិញ្ចឹមគ្រួសារលោកស្រី និងកូនៗឱ្យធំដឹងក្ដី ដូច្នេះលោកស្រីមិនបោះបង់របរភ្ញាស់ពងទាកូនចោលឡើយ ទោះជាបច្ចុប្បន្នអ្នកភូមិលោកស្រីមួយចំនួនបោះបង់របរមួយនេះចោល ហើយទៅធ្វើការរោងចក្រឱ្យគេយ៉ាងណាក្ដី។ លោកស្រីចង់ឃើញរដ្ឋាភិបាល លើកទឹកចិត្តអាជីវករដែលប្រកបរបរភ្ញាស់ពងទាកូន ធ្វើយ៉ាងណាបញ្ចៀសបញ្ហាផ្សេងៗក្នុងអាជីពភ្ញាស់ពងទាកូន ពិសេសត្រូវជួយស្វែងរកទីផ្សារជូនពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។