កម្ពុជាប្រកាសឱ្យពលរដ្ឋប្រយ័ត្នវីរុសកូវីដបំប្លែងថ្មី ខណៈថៃមានអ្នកស្លាប់ថ្មី៦នាក់

ក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩ គឺពពួកមេរោគអូមីក្រុងបំប្លែងថ្មីប្រភេទ ជេអ៊ិន១ (JN1) ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ចុះ​ថ្ងៃ​ទី​១២ឧសភា បើទោះបីជា មិន​ទាន់​មាន​ភស្ដុតាង​បញ្ជាក់​ថា វីរុស​ប្រភេទ​ថ្មី​នេះ អាច​បណ្ដាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង​ប្រភេទ​វីរុស​អូមីក្រុងមុនៗ ប៉ុន្តែ​មេរោគ​ប្រភេទ​ថ្មី ជេអ៊ិន១ អាច​ឆ្លង​កាន់​តែ​ខ្ពស់​និង​លឿន និង​អាច​បញ្ជ្រាប​ចូល​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​កាន់​តែ​ខ្លាំង។

ក្រសួង​គូស​បញ្ជាក់​ថា អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ទឹកនោមផ្អែម លើសឈាម មនុស្ស​ចាស់​ជរា និង​ស្ដ្រី​មាន​ផ្ទៃ​ពោះ ត្រូវ​បង្កើន​ការ​ប្រយុទ្ធ​ឱ្យ​បាន​ខ្ពស់​ជា​ចាំ​បាច់។

ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​នេះ ធ្វើ​ឡើង​ស្របពេល​ប្រទេស​ថៃ ក៏​បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន ពី​ការ​កើនឡើង​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ប្រភេទ​បំប្លែង​ថ្មី បន្ទាប់​ពី​មាន​អ្នក​ស្លាប់​ចំនួន​៦​នាក់ និង​ឆ្លង​ថ្មី​ជាង​១​ម៉ឺន​៦​ពាន់ (១៦,៦០៧) នាក់ កាល​ពី​សប្ដាហ៍​មុន។

កាសែត​បាងកក​ប៉ុស្ដិ៍​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៣​ឧសភា​ថា វ៉ាក់សាំង​មិន​អាច​ឆ្លើយតប​ប្រឆាំង​ទៅ​នឹង​វីរុស​បំប្លែង​ថ្មី​នោះ​ទេ ដោយសារ​តែ​វ៉ាក់សាំង​កន្លង​មក មាន​លទ្ធភាព​អាច​ជួយ​ការពារ​បាន​តែ​ពពួក​មេរោគ​បំប្លែង​ចាស់ៗ របស់​កូវីដ​១៩​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។