សង្គមស៊ីវិលនិងសមាគមអ្នកសារព័ត៌មានស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជនព្រៃឈើលោក អ៊ុក ម៉ៅ

ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមសារព័ត៌មានកម្ពុជា ស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថាន និងជាអ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ដោយឥតលក្ខខណ្ឌ។ ពួកគេចាត់ទុកការចាប់ខ្លួន លោក អ៊ុក ម៉ៅ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាននិងអ្នកសារព័ត៌មាន ដែលពួកគេចាត់ទុកការចាប់ខ្លួន លោក អ៊ុក មៅ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាននិងអ្នកសារព័ត៌មាន ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​រួម​មាន​ អង្គការ​លីកាដូ អាដហុក​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ និង​សមាគម​អ្នក​សារព័ត៌មាន​​កម្ពុជា ហៅ​ថា ខេមបូចា ជា​ដើម ​នៅ​ថ្ងៃ​ទី​២១​ឧសភា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ​ដោយ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ចាប់​ខ្លួន​លោក អ៊ុក ម៉ៅ ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។

របាយការណ៍​​បញ្ជាក់​ថា ​លោក អ៊ុក ម៉ៅ ជា​សកម្ម​ជន​ និង​អ្នកសារព័ត៌មាន ដ៏​ក្លាហាន​ម្នាក់ ដែល​ហ៊ាន​លាត​ត្រដាង អំពី​បទល្មើស​ព្រៃឈើ ដែល​អ្នក​ពាក់ព័ន្ធ​មាន​តួនាទី​ជា​មន្ត្រី​មាន​អំណាច​។ ដូច្នេះ​ ការ​ចាប់​ខ្លួន​ លោក អ៊ុក ម៉ៅ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បំបិទ​សំឡេង អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​បរិស្ថាន​នៅ​កម្ពុជា ដែល​បាន​លាត​ត្រដាង​​ពី​បទ​ល្មើស​ធនធាន​ធម្មជាតិ។

លោក អ៊ុក ម៉ៅ អាយុ​៤៩​ឆ្នាំ ​ជា​សកម្មជន​ការពារ​ព្រៃឈើ ​អ្នក​សារព័ត៌មាន «ឥន្ទ្រី​ផ្លាស​ញ៊ូ» និង​​ជា​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា ដើម្បី​កម្ពុជា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត​ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២១ឧសភា​ថា ការ​ចាប់​ខ្លួន​លោក​ អ៊ុក ម៉ៅ នេះ​​នឹង​ធ្វើ​ឱ្យ​​រដ្ឋាភិបាល​រង​ការ​រិះគន់​កាន់​តែ​ខ្លាំង​​ពី​សហគមន៍​អន្តរជាតិ​​រឿង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព របស់​សកម្មជន​ការពារ​ព្រៃឈើ និង​អ្នក​សារព័ត៌មាន។

ការ​ចាប់​ខ្លួន​លោក អ៊ុក នេះ​ដូច​ជា​មិន​មាន​ការ​ផ្ដល់​ចំណេញ​ណា​មួយ​ដល់​កម្ពុជា​ទេ​ ពីព្រោះ​ផ្ទុយ​ទៅ​វិញ​​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់។​ហើយ​បើ​យើង​មើល​​ទៅ​លើ​សកម្មភាព​កន្លង​មក​ សារព័ត៌មាន​បរទេស​ក៏​បាន​ចុះ​ផ្សាយ​អំពី​​បទ​ល្មើស​ព្រៃឈើ ​តាម​រយៈ​ការ​រាយការណ៍​របស់​លោក​អ៊ុក ម៉ៅ​នឹង​ផង​ដែរ»។ ហើយ​ចំណុច​នេះ​គេ​អាច​នឹង​ផ្សារ​ភ្ជាប់​ ហើយ​នឹង​មើល​ឃើញ​ថា​ដោយសារ​សកម្មភាព​សកម្ម​របស់​លោក អ៊ុក ម៉ៅ​ នឹង​បាន​មាន​ការ​ចោទ​ប្រកាន់​នឹង​ការ​ចាប់​ខ្លួន។

—  លោក អំ សំអាត

​សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​បាន​ចូល​ចាប់​លោក អ៊ុក ម៉ៅ ដល់​ក្នុង​ផ្ទះ​ទាំង​គ្មាន​សម្លៀកបំពាក់​សមរម្យ និង​មិន​បាន​បង្ហាញ​ដីកា ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​នេះ ក្នុង​ថ្ងៃ​តែ​មួយ​ កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា។ ​តុលាការ​បាន​ចោទ​ប្រកាន់​លោក​ អ៊ុក​ ម៉ៅ ពី​បទ​ញុះញង់​និង​បទ​បរិហារកេរ្តិ៍​ដែល​លោក​ប្រឈម​ជាប់​ពន្ធនាគារ​ពី​៦​ខែ ទៅ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មួយ​ចំនួន​ទៀត។ សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​មាន​បណ្ដឹង ចំនួន​១៥​ករណី​នៅ​តុលាការ​ខេត្ត​ស្ទឹងត្រែង ​ដែល​ដើម​បណ្ដឹង​ជា​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង និង​អាជ្ញាធរ​ពាក់ព័ន្ធ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ លោក អ៊ុក ម៉ៅ ​និង​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ដែល​រាយការណ៍​អំពី​បញ្ហា​បរិស្ថាន​ និង​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ​។​បន្ថែម​ពី​នេះ​រដ្ឋាភិបាល​គួរ​តែ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ចំពោះ​អំពើ​ហិង្សា​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ​មក​លើ​លោក អ៊ុក ម៉ៅ ​កាល​ពី​ថ្ងៃ​ទី២៤​ខែ​មីនា​កន្លង​ទៅ ហើយ​ធានា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន​ដោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។