សេចក្ដីប្រកាសបានបញ្ជាក់ថា រាល់ទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលបានប្រកាសនៅគយ ថាជាទំនិញមានដើមកំណើតនៅកម្ពុជា គឺត្រូវតែភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតបញ្ជាក់ពីដើមកំណើតទំនិញ ដែលចេញដោយក្រសួងពាណិជ្ជកម្ម ហើយវិធានការថ្មីនេះ នឹងចាប់អនុវត្តពីថ្ងៃទី១២ខែឧសភាខាងមុខនេះ។ រដ្ឋាភិបាលក៏បានព្រមានថា បើក្រុមហ៊ុនណាក្លែងបន្លំប្រភពទំនិញទៅទីផ្សារសហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខផ្លូវច្បាប់ស្ដីពីវិធានការដើមកំណើតទំនិញ និងច្បាប់ស្ដីពីគយ។
បន្ទាប់ពីមានសេចក្ដីប្រកាសនេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី០២ ខែឧសភា ថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល នឹងដឹកនាំក្រុមការងារចំពោះកិច្ច ធ្វើដំណើរផ្ទាល់ទៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបចរចាជាមួយតំណាងសហរដ្ឋអាមេរិកនៅថ្ងៃទី១៤ដល់ថ្ងៃទី១៥ឧសភា ដើម្បីស្នើសុំបន្ធូរបន្ថយពន្ធ៤៩% ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រកាសដាក់លើទំនិញនាំចូលពីកម្ពុជា ហើយបានប្រកាសទុកពេលឱ្យចរចារយៈពេលពេល៩០ថ្ងៃ។
ការប្រកាសពីដំណើរទៅចូលចរចាផ្ទាល់នេះ ធ្វើឡើងបន្ទាប់ពីលោក ស៊ុន ចាន់ថុល និងអ្នកស្រី ចម និម្មល បានជួបជជែកគ្នាតាមប្រព័ន្ធវីដេអូជាមួយអនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក អ្នកស្រី សារាហ៍ អ៊ីលលឺម៉ែន (Sarah Ellerman)។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា (សង់ត្រាល់) លោក ឃុន ថារ៉ូ យល់ឃើញថា បញ្ហានៃការក្លែងបន្លំប្រភពដើមនៃទំនិញនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក មិនមែនជាបញ្ហាថ្មីទេ ព្រោះវាបានកើតឡើងតាំងពីមុនសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនទៅទៀត។ លោកបានបន្តថា ការប្រកាសរបស់រដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការក្លែងបន្លំប្រភពដើមទំនិញនៅពេលនេះ គ្រាន់តែជាផ្នែកមួយក្នុងរបៀបវារៈនៃកិច្ចចរចា។ លោកបានបន្ថែមថា សហរដ្ឋអាមេរិក នៅតែបន្តប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា ដែលមានភ្ជាប់លក្ខខណ្ឌជំរុញឱ្យកម្ពុជាមានអភិបាលកិច្ចល្អ និងការគោរពសិទ្ធិមនុស្ស ដូច្នេះ នោះទើបជារបៀបវារៈសំខាន់និងអាទិភាពក្នុងកិច្ចចរចា។
អ៊ីចឹង! ចំណុចនេះ ខ្ញុំនៅតែយល់ថា ជាចំណុចកណ្ដាល នៃដំណើរការនៃការចរចា ដូច្នេះហើយ រាជរដ្ឋាភិបាល ត្រូវតែបង្ហាញនូវឆន្ទៈ និងវិធានការជាក់លាក់ ដែលអាចជឿទុកចិត្តបាន ហើយលក្ខខណ្ឌនេះ ទាមទារឱ្យមាននូវឆន្ទៈផ្នែកនយោបាយ។
— លោក ឃុន ថារ៉ូ
កាលពីឆ្នាំ២០១៩ មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាធ្លាប់បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានផាកពិន័យក្រុមហ៊ុននាំទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមួយចំនួន ដោយសារបានរកឃើញថា ពួកគេបានក្លែងបន្លំទំនិញមានប្រភពដើមពីចិនដាក់ផ្លាកថាជាផលិតផលនៅកម្ពុជា ដើម្បីនាំចេញទៅសហរដ្ឋអាមេរិកដោយរួចពន្ធ។
ខាងសហជីពឯករាជ្យ និងមន្ត្រីគណបក្សប្រឆាំងបានលើកឡើងស្រដៀងគ្នាថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបរាជ័យ ក្នុងការចរចាបន្ធូរបន្ថយការដំឡើងពន្ធ៤៩% ពីសហរដ្ឋអាមេរិក នោះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យកាត់ដេរនៅកម្ពុជា ដែលកំពុងមានកម្លាំងពលកម្មជាង៩សែន (៩២៥.០០០) នាក់ ត្រូវប្រឈមបាត់បង់ការងារ។
កាលពីថ្ងៃទី២១មេសា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទើបបានប្រកាសដំឡើងពន្ធជាង៣៥០០% លើទំនិញបន្ទះសូឡានាំចេញពីកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិកបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ថា មានក្រុមហ៊ុនផលិតបន្ទះសូឡា ដែលវិនិយោគដោយជនជាតិចិននៅកម្ពុជា ទទួលបានការឧបត្ថម្ភធនពីរដ្ឋអំណាចចិនប៉េកាំង ដើម្បីផលិតបន្ទះសូឡានាំចេញទៅលក់ ក្នុងតម្លៃថោកជាងតម្លៃដើម ដើម្បីបង្ខូចទីផ្សារសហរដ្ឋអាមេរិក៕
សូមលោកអ្នកនាងរង់ចាំទស្សនារឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។